ជាតិ
តុលាការថា សកម្មភាពរលោក ថេង សាវឿន ញុះញង់កសិករបះបោរនិងឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល
24, May 2023 , 4:41 pm        
រូបភាព
ពលរដ្ឋប្រមូលផ្ដុំគ្នាទាមទារឱ្យដោះលែងលោក ថេង សាវឿន និងគ្នីគ្នាពីរនាក់ទៀត។ រូបពី CCFC
ពលរដ្ឋប្រមូលផ្ដុំគ្នាទាមទារឱ្យដោះលែងលោក ថេង សាវឿន និងគ្នីគ្នាពីរនាក់ទៀត។ រូបពី CCFC
ភ្នំពេញ៖ អ្នកនាំពាក្យតុលាការខេត្តរតនគិរី បកស្រាយថា ការចោទប្រកាន់ លោក លោក ថេង សាវឿន ​​និងបក្ខពួក២នាក់ទៀត ពីបទរួមគំនិតក្បត់ គឺដោយសារសកម្មភាពរបស់ពួកគេ មានគោលដៅញុះញង់ដល់កសិករឱ្យងើបបះបោរ និងឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល។

 
សេចក្ដីថ្លែងការណ៍របស់ អ្នកនាំពាក្យតុលាការខេត្តរតនគិរីចេញថ្ងៃទី២៣ឧសភា បញ្ជាក់ថា លោក ថេង សាវឿន ​​ប្រធាន​​សមាគម​សម្ព័នកសិករកម្ពុជា (CCFC) និងគ្នីគ្នាពីរនាក់ទៀត មានលោក ញ៉ិល ភាព និងលោក ចាន់ វិបុល ដែលជាមន្ត្រីជាន់ខ្ពស់ CCFC បានលបលួចជួបជុំគ្នាខុសច្បាប់។ ពួកគេបានប្រមូលទូរស័ព្ទដៃអ្នកចូលរួមទាំងអស់ទុក ហើយបង្វិលកាម៉េរ៉ាសុវត្តិភាពចេញមិនឱ្យឃើញសកម្មភាពប្រជុំ។ 
 
«ឆ្លងកាត់តាមការស៊ើបអង្កេត ពិនិត្យភស្តុតាង ព្រមទាំងផ្ទៀងផ្ទាត់ចម្លើយរបស់ជនសង្ស័យរួចមកតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរីបានរកឃើញនូវតម្រុយដែលអាចសន្មតថា ការលួចជួបជុំនេះ មានខ្លឹមសារក្នុងគោលដៅនយោបាយ ដើម្បីធ្វើសកម្មភាពញុះញង់ដល់កសិករឱ្យងើបបះបោរ បង្កឱ្យមានចលាចលសង្គម
និងឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព»។ អ្នកនាំពាក្យសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ ដោយភាគីតុលាការ ក៏សម្រេចបើកការស៊ើបសួរលើអង្គហេតុលើពួកគេពីបទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ 
 
បន្ទាប់ពីតុលាការ ស៊ើបសួរលើសំណុំរឿងខាងលើនេះចៅក្រមស៊ើបសួរដែលទទួលបន្ទុកសំណុំរឿង បានសម្រេចឃុំខ្លួនជនត្រូវចោទទាំងបីនាក់ ជាបណ្ដោះអាសន្ន។ អ្នកនាំពាក្យ អះអាងថា តុលាការនឹងបន្តនីតិវិធីច្បាប់ ហើយស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com