កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ថាលីគកំពូលអារ៉ាប៊ីសាអូឌីតអាចក្លាយជាលីគលំដាប់ទី៥ លើលោក
24, May 2023 , 5:19 pm        
រូបភាព
វីរបុរសបាល់ទាត់ព័រទុយហ្កាល់ Cristiano Ronaldo ជឿជាក់ថាក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ដែលរូបគេកំពុងប្រកបអាជីពក្នុងរដូវកាល ២០២២-២៣ នឹងអាចក្លាយជាលីគមួយក្នុងចំណោមលីគកំពូលទាំង ៥ នៅលើពិភពលោក នាពេលអនាគត។



ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ បាននិយាយថាគុណភាពរបស់លីគកំពូលនៃប្រទេសអារ៉ាប៊ីសាអូឌីត មានភាពប្រសើរឡើងបើទោះបីជាស្ថិតក្នុងរយៈពេលខ្លីដែលមានវត្តមានរូបគេក្តី។
 
«យើងកំពុងតែល្អប្រសើរខ្លាំងឡើង ហើយលីគរបស់អារ៉ាប៊ីសាអូឌីតក៏កំពុងតែល្អប្រសើរឡើងដូចគ្នា និងនៅពេលឆ្នាំក្រោយបន្តទៀតនឹងកាន់តែល្អប្រសើរថែមទៀត។ ជាជំហ៊ានៗ ខ្ញុំគិតថាលីគនឹងអាចក្លាយជាលីគមួយស្ថិតក្នុងចំណោមលីគកំពូលទាំង ៥ នៅលើពិភពលោក ប៉ុន្តែពួកគេត្រូវការពេលវេលា ទាំងកីឡាករ និងហេដ្ឋារចនាសម្ព័ន្ធ។»។ Ronaldo បាននិយាយទៅកាន់ទូរទស្សន៍កីឡាអារ៉ាប៊ីសាអូឌីត Riyadiya TV នាថ្ងៃទី២៣ ខែឧសភា។
 
Ronaldo បានជួយក្រុម Al Nassr យកឈ្នះ Al Shabab ក្នុងលទ្ធផល ៣-២ ក្នុងការបន្តក្តីសង្ឃឹមប្រជែងពានរង្វាន់ ​Saudi Pro League និងធ្វើឱ្យការរង់ចាំការលើកពានរង្វាន់ ​Al Ittihad ត្រូវបានពន្យាពេល។
 
Ronaldo បានចូលរួមជាមួយ Al Nassr កាលពីខែមករា ឆ្នាំ ២០២៣ ដោយត្រូវបានសារព័ត៌មានធំៗជាច្រើនរាយការណ៍ថាកិច្ចសន្យារបស់កីឡាករឆ្នើមព័រទុយហ្កាល់ រូបគេទទួលបានថ្លៃពលកម្មប្រមាណជាង ២០០លានអឺរ៉ូ (២២០លានដុល្លារ) ក្នុងមួយឆ្នាំ។
 
កាលពីនៅទឹកដីអឺរ៉ុប ​Ronaldo បានលេងនៅក្នុងលីគលំដាប់កំពូលចំនួន ៣លើពិភពលោក ដោយអាជីពជោគជ័យរបស់គេកើតឡើងនៅក្លិប ​Real Madrid ក្របខណ្ឌ La Liga របស់អេស្ប៉ាញ ក្លិប Manchester United ក្របខណ្ឌ Premier League របស់អង់គ្លេស និងក្លិប Juventus ក្របខណ្ឌ Serie A របស់អ៊ីតាលី។
 
បច្ចុប្បន្នក្លិបបាល់ទាត់នៅអារ៉ាប៊ីសាអូឌីត មិនខ្វះមហិច្ឆតាឡើយ ដោយពួកគេកំពុងបង្ហាញសកម្មភាពខ្លាំងលើការប្រកួតប្រជែងក្នុងកីឡានានាដើម្បីបង្ហាញទៅកាន់ពិភពលោក។
 
 បើតាមប្រភពមួយបានប្រាប់ទីភ្នាក់ងារ ​Reuters នៅដើមខែនេះថាក្លិបស្ថិតក្នុងទីក្រុង Riyadh ក្លិប Al Hilal ថាក្លិបជើងខ្លាំងមួយនេះក៏កំពុងតែដាក់សំណើរជាផ្លូវការដើម្បីធានាសេវាកម្មរបស់ Lionel Messi ដែលជាគូប្រជែងរបស់ ​Ronaldo មកលេងនៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕
 

Tag:
 Cristiano Ronaldo
  Saudi Pro league
© រក្សាសិទ្ធិដោយ thmeythmey.com