កីឡាជាតិ
ជាតិ
អត្ដពលិកប៉ារ៉ាឡាំពិកវៀតណាម១២៧នាក់ ត្រៀមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា
25, May 2023 , 8:29 am        
រូបភាព
ក្រុមអត្ដពលិកវៀតណាម ជួបជុំក្នុងពិធីសំណេះសំណាល រូបពី Voice of Vietnamក្រុមអត្ដពលិកវៀតណាម ជួបជុំក្នុងពិធីសំណេះសំណាល រូបពី Voice of Vietnam
ក្រុមអត្ដពលិកវៀតណាម ជួបជុំក្នុងពិធីសំណេះសំណាល រូបពី Voice of Vietnamក្រុមអត្ដពលិកវៀតណាម ជួបជុំក្នុងពិធីសំណេះសំណាល រូបពី Voice of Vietnam
វៀតណាម នឹងបញ្ជូនអត្ដពលិកប៉ារ៉ាឡាំពិក ចំនួន ១២៧នាក់ ប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ក្នុងចំណោម ១៤ប្រភេទកីឡា ដែលម្ចាស់ផ្ទះដាក់ប្រកួតនោះ អត្ដពលិកវៀតណាម នឹងប្រកួតលើ ៨ប្រភេទកីឡា។



យោងទៅលើការផ្សាយរបស់ សារព័ត៌មាន Voice of Vietnam និងសារព័ត៌មានក្នុងប្រទេសវៀតណាមផ្សេងទៀត សមាគមន៍ប៉ារ៉ាឡាំពិកវៀតណាម នឹងបញ្ជូនប្រតិភូកីឡាសរុប ១៦៤នាក់ ក្នុងនោះមានមន្ដ្រីកីឡា ១៦នាក់, គ្រូបង្វឹក ២១នាក់ និងអត្ដពលិក១២៧នាក់។ ការប្រកាសពីចំនួនអត្ដពលិកនេះ គឺត្រូវបានធ្វើឡើងនៅក្នុងពិធីបញ្ជូន និងសំណេះសំណាលជាមួយអត្ដពលិក នៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទីក្រុងហូជីមិញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ អត្ដពលិកទាំងនោះ នឹងប្រកួតលើ ៨ប្រភេទកីឡា មានដូចជា បាល់ទាត់ (ចលករខួរក្បាល), ហែលទឹក, លើកទម្ងន់, វាយសី, វាយកូនឃ្លីលើតុ, អុក, យូដូ និងប៊ូស្យា។
 
ក្នុងពិធីនេះ លោក Hoang Dao Cuong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ជឿថាអត្ដពលិកវៀតណាម នឹងដណ្ដើមបានមេដាយជាច្រើនសម្រាប់ប្រទេសជាតិខ្លួន ហើយជាមួយនិងការប្ដេជ្ញារបស់ពួកគេ ក្រៅអំពីដណ្ដើមមេដាយជូនមាតុភូមិ អ្នកទាំងនោះ ក៏ទទួលបានបទពិសោធន៍ប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិផងដែរ។ ក្រៅអំពីការប្រកួតប្រជែងលើសង្វៀនកីឡា វត្តមានរបស់កីឡាករ-កីឡាការិនី ក៏ជាការបង្ហាញ់ និងពង្រឹងនៅចំណងមិត្តភាព ជាមួយប្រទេសដែលចូលរួមទាំងអស់។ 
 
អនុរដ្ឋមន្ដ្រីរូបនេះ បាននិយាយបន្ថែមដូច្នេះថា៖«មន្ដ្រីដឹកនាំ, គ្រូបង្វឹក និងអត្ដពលិកប៉ារ៉ាឡាំពិក ដឹងនូវអ្វីជាការទទួលខុសត្រូវរបស់ខ្លួន ដើម្បីស្វែងរកកិត្តិយស និងមោទកភាពជាតិ ដែលប្រទេសជាតិបានប្រគល់ឲ្យ ប្រកួតប្រជែងក្នុងសង្វៀនកីឡា។»។
 
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ នៃប្រទេសឥណ្ឌូណេស៊ី អត្ដពលិកប៉ារ៉ាឡាំពិកវៀតណាម រកបានមេដាយសរុប ១៨២ ក្នុងនោះ មាស៦៥ ប្រាក់៦២ និងសំរិទ្ធ៥៥ និងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ក្នុងតារាងនៃប្រទេសដែលរកបានមេដាយទាំងអស់៕
 
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  ស៊ីហ្គេម
  វៀតណាមប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com