ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញឹក ប៊ុនឆៃ៖«មួយអាណត្តិហ្នឹងទៀត បើនៅតែមិនកើត ខ្ញុំសម្រាកហើយ»
24, May 2023 , 6:09 pm        
រូបភាព
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញឫទ្ធិ (ពាក់អាវស) ជាអនុប្រធាន ទៅចូលរួមពិធីជួបជុំមួយ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់លោក ញឹក ប៊ុឆៃ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញឫទ្ធិ (ពាក់អាវស) ជាអនុប្រធាន ទៅចូលរួមពិធីជួបជុំមួយ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់លោក ញឹក ប៊ុឆៃ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ទំនងជាមិនបន្តដឹកនាំគណបក្សខ្មែររួបរួមជាតិទៀតឡើយ បើគណបក្សនេះ នៅតែមិនទទួលបានលទ្ធផលអ្វីសោះ ក្នុងការបោះឆ្នោតជាតិលើក៧។



ក្នុងវគ្គបណ្ដុះបណ្ដាលដល់បេក្ខជនតំណាងរាស្រ្តគណបក្សខ្មែររួបរួមជាតិ ស្ដីពីអាថ៌កំបាំងក្នុងការធ្វើនយោបាយ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ លោក ញឹក ប៊ុនឆៃ បានប្រកាសដូច្នេះថា៖«មួយអាណត្តិហ្នឹងទៀត បើថាមិនកើតទេ [ខ្ញុំ] សម្រាក ឲ្យអ្នកដឹកនាំថ្មី មកដឹកនាំបន្ត។ លើកនេះ ប្តេជ្ញាចិត្តខ្លាំង»។ ការប្រើពាក្យ «មិនកើត» នេះ ប្រហែលជាលោកចង់មានន័យថា «មិនបានអាសនៈ» ក្នុងរដ្ឋសភា។ 
 
បន្ថែមពីនេះ លោក ញឹក ប៊ុនឆៃ ដែលឈានចូលវ័យ៦៥ឆ្នាំ នៅឆ្នាំ២០២៣នេះ បានសរសេរលើទំព័រហ្វេសប៊ុកថា ការបោះឆ្នោតជាតិលើកទី៧ គឺជាឱកាសតែមួយគត់របស់គណបក្សខ្មែររួបរួមជាតិ ដើម្បីដណ្ដើមយកអាសនៈរដ្ឋសភា នៅតាមមណ្ឌលនីមួយៗ។
 
សារព័ត៌មានថ្មីៗ ព្យាយាមទាក់ទងទៅលោក ញឹក ប៊ុនឆៃ ដើម្បីសុំឲ្យលោកបញ្ជាក់ឲ្យច្បាស់ពីការសម្រេចចិត្តរបស់លោក តែលោកលើកទូរស័ព្ទ។ 
 
យោងតាមបញ្ជីបេក្ខជនតំណាងរាស្រ្តដែលដាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ញឹក ប៊ុនឆៃ ឈរជាបេក្ខជនតំណាងរាស្រ្តនៅខេត្តបន្ទាយមានជ័យ សម្រាប់ការបោះឆ្នោតជាតិលើកទី៧នេះ ដែលនឹងមកដល់នៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គណបក្សខ្មែររួបរួមជាតិ ធ្លាប់ឆ្លងកាត់ការបោះឆ្នោតជាតិលើកទី៦ម្តងរួចមកហើយ កាលពីឆ្នាំ២០១៨ តែពុំទទួលបានអាសនៈឡើយ។ កាលនោះ លោក ញឹក ប៊ុឆៃ ក៏ឈរជាបេក្ខជនតំណាងរាស្រ្តនៅខេត្តបន្ទាយមានជ័យដែរ។ 
 
លោក ញឹក ប៊ុនឆៃ ជាអ្នកតស៊ូ និងជាអ្នកនយោបាយចាស់វស្សាម្នាក់។ លោក ធ្លាប់ជាឧបនាយករដ្ឋមន្រ្តី និងធ្លាប់ជាមេយោធាជាន់ខ្ពស់ពីគណបក្សហ៊្វុនស៊ិនប៉ិច។ លោក បានបោះបង់តំណែងជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយចេញទៅបង្កើតគណបក្សផ្ទាល់ខ្លួន នៅឆ្នាំ២០១៦ គឺគណបក្សខ្មែររួបរួមជាតិនេះឯង។ 
 
គណបក្សខ្មែររួបរួបជាតិ កើនកម្លាំងមួយកម្រិតទៀត បន្ទាប់ពីគណបក្សកម្ពុជានិយម ដែលមានលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធាន ទៅរួបរួមជាមួយ។ គេបានស្គាល់ហើយថា លោក យ៉ែម បុញ្ញឫទ្ធិ ជាអ្នកនយោបាយល្បីឈ្មោះម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ហើយលោកក៏ធ្លាប់ជាប់ឆ្នោតជាតំណាងរាស្ត្រផងដែរ។ 
 
ចូលទៅគណបក្សខ្មែររួបរួមជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ទទួលតំណែងជាអនុប្រធាន ហើយសម្រាប់ការបោះឆ្នោតជាតិលើកទី៧នេះ លោកឈរជាបេក្ខជនតំណាងរាស្រ្តនៅខេត្តព្រៃវែង ជាខេត្តដែលលោកធ្លាប់ជាប់ឆ្នោត៕ 
 

Tag:
 ញឹក ប៊ុនឆៃ
© រក្សាសិទ្ធិដោយ thmeythmey.com