កីឡាអន្តរជាតិ
អន្តរជាតិ
Brighton បង្ហាញមុខនៅ Europa League លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប
25, May 2023 , 9:29 am        
រូបភាព
Brighton & Hove Albion ទទួលបានកៅអី UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប ក្រោយប្រកួតស្មើ Manchester City ១-១ ក្នុងជំនួបលីគ Premier League សប្តាហ៍ទី៣៧ នៅរាត្រីថ្ងៃទី២៤ ខែឧសភា។


ទទួលបាន១ពិន្ទុបន្ថែម តាមរយៈការបញ្ចប់ភាពឈ្នះ១២ប្រកួតជាប់គ្នារបស់ Man City ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Brighton បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ បើទោះនៅសល់មួយប្រកួតចុងក្រោយ។
 
១ពិន្ទុដ៏សំខាន់របស់ Brighton នេះ មានការរួមចំណែកពីខ្សែប្រយុទ្ធ Julio Cesar Enciso បន្ទាប់ពីរូបគេស៊ុតតាមស្មើវិញនៅនាទី៣៨ បន្ទាប់ពី Phil Foden រកបានគ្រាប់នាំមុខសម្រាប់ Man City នៅនាទី២៥។
 
ឆ្លងកាត់៣៧វប្រកួត ក្រុមលោក Roberto De Zerbi រកបាន៦២ពិន្ទុ នាំមុខក្រុមលេខ៧ Aston Villa ចំនួន៤ពិន្ទុ។ នេះមានន័យថា Aston Villa និង Tottenham Hotspur អស់ឱកាសប្រជែងកៅអី Europa League ហើយ តែនៅសល់ការប្រជែងតំណែងលេខ៧ ដើម្បីយកកៅអីវគ្គជម្រុះ Europa Conference League រដូវកាលក្រោយជាមួយ Brentford។ Spurs នៅឈរចំណាត់ថ្នាក់ទី៨ មាន៥៧ពិន្ទុ តាមពីក្រោយ Aston Villa ១ពិន្ទុ ឯ Brentford នៅលេខ៩ មាន៥៦ពិន្ទុ ខណៈនៅសល់១ប្រកួតចុងក្រោយដូចគ្នា។
 
តាមរយៈទម្រង់លេងដ៏ល្អ បានជួយ Brighton អាចបញ្ចប់រដូវកាលក្នុងលីគកំពូលអង់គ្លេសក្នុងចំណាត់ថ្នាក់ទី៦ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ១២២ឆ្នាំ គិតចាប់តាំងពីបង្កើតក្លិបឆ្នាំ១៩០១។ និងបានកៅអីប្រកួតនៅលីគលំដាប់ទី២អឺរ៉ុបរដូវកាលក្រោយថែមទៀត៕
 

Tag:
 Brighton & Hove Albion
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com