កីឡាអន្តរជាតិ
អន្តរជាតិ
លោក Guardiola ទាមទារឱ្យដោះស្រាយការចោទ Man City បំពានច្បាប់ហិរញ្ញវត្ថុនៅ EPL ឱ្យបានឆាប់
25, May 2023 , 9:49 am        
រូបភាព
លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City ដែលទើបឈ្នះជើងឯក Premier league រដូវកាល ២០២២-២៣ ទាមទារឱ្យមានការដោះស្រាយ ជុំវិញការចោទប្រកាន់ក្រុមខ្លួនបំពានផ្នែកហិរញ្ញវត្ថុ (Financial Fair Play) ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសឱ្យបានឆាប់។



Man City ទើបគ្រងតំណែងជើងឯកលើកទី៥ របស់ខ្លួនក្នុងរយៈពេល ៦រដូវកាលចុងក្រោយក្រោមការដឹកនាំរបស់លោក Guardiola កាលពីសប្តាហ៍មុន។ ក្លិបរហ័សនាមមេឃខៀវត្រូវបានរងការចោទប្រកាន់ពីសំណាក់ Premier League កាលពីខែកុម្ភៈ ដោយក្នុងនោះត្រូវបានរងការចោទប្រកាន់ច្រើនជាង ១០០ករណីពីការបំពានច្បាប់ហិរញ្ញវត្ថុរបស់លីគនៅចន្លោះឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨។
 
មិនតែប៉ុណ្ណោះក្លិប Man City ក៏ត្រូវបានចោទប្រកាន់បន្ថែមពីបទមិនព្រមសហការជាមួយនឹងការ​ស៊ើប​អង្កេត​ចាប់តាំងពីឆ្នាំ ២០១៨ មកថែមទៀត។ ទោះយ៉ាងណាក្លិបយក្សអង់គ្លេសនាពេលបច្ចុប្បន្នបានបដិសេធថាមិនបានធ្វើអ្វីខុសឡើយ។
 
«អ្វីដែលខ្ញុំចង់បាននោះគឺ ប្រសិនបើ Premier League និងចៅក្រមអាចធ្វើអ្វីឱ្យបានលឿនតាមតែអាចធ្វើទៅបាន។ ដូច្នេះប្រសិនបើយើងបានធ្វើអ្វីខុសឆ្គង មនុស្សគ្រប់គ្នានឹងដឹង ហើយយើងពិតជាជឿជាក់ថាក្លិបនាពេលជាច្រើនឆ្នាំកន្លងមកនេះ បានធ្វើនូវរឿងដ៏ត្រឹមត្រូវ ដូច្នេះមនុស្សគ្រប់គ្នានឹងឈប់និយាយអំពីរឿងនេះបន្តទៀត។[​…] ចូលធ្វើវាឱ្យលឿន កុំរង់ចាំដល់ទៅ ២ឆ្នាំទៀតអី ហេតុអ្វីយើងមិនព្រមពន្លឿនវាឱ្យឆាប់រហ័ស? ក្នុងរយៈពេល ២៤ម៉ោង​ អង្គុយចុះជាមួយមេធាវី ធ្វើវាឱ្យបានលឿនតាមតែអាចធ្វើទៅបានសម្រាប់ផលប្រយោជន៍របស់គ្រប់គ្នា។»។ លោក Guardiola បាននិយាយប្រាប់អ្នកកាសែតបែបនេះមុនពេលត្រូវធ្វើដំណើរទៅប្រកួតទល់ក្រុម Brighton & Hove Albion។
 
Man City ត្រូវបានគ្រប់គ្រងដោយម្ចាស់ថ្មីដែលជាក្រុមហ៊ុន City Football Group ដែលមានទីតាំងស្ថិតក្នុងទីក្រុង Abu Dhabi នៅក្នុងឆ្នាំ ២០០៨ ហើយតាំងពីពេលនោះមក ក្លិបមួយនេះត្រូវបានរងការចោទប្រកាន់ថាបានបំពានច្បាប់ក្នុងការក្លែងបន្លំព័ត៌មានផ្នែកហិរញ្ញវត្ថុទាក់ទងទៅនឹងប្រាក់ចំណូល និងការចំណាយប្រតិបត្តិការផ្សេងៗ។ 
 
ដោយឡែក បន្ទាប់ពីបេសកកម្មដែលនៅសល់ក្នុងក្របខណ្ឌ Premier League ក្រុម Manchester City បន្តដំណើរនៃការប្រកួតរបស់ខ្លួនក្នុងការប្រជែងពានរង្វាន់ចំនួន ២ផ្សេងទៀតដែលរួមមាន FA Cup ទល់ Man United នៅថ្ងៃទី៣ ខែមិថុនា និងទល់ ​Inter Milan ក្នុងពានរង្វាន់ Champions league នៅថ្ងៃទី១០ ខែមិថុនា៕
 

Tag:
 Pep Guardiola
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com