អន្តរជាតិ
UN ជំរុញឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាទទួលជំនួយសម្រាប់ជនរងគ្រោះដោសារព្យុះ Mocha
25, May 2023 , 11:14 am        
រូបភាព
ខណៈតំបន់មួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យចូល អង្គការសហប្រជាជាតិ (UN) ទទូច​ឱ្យ​យោធា​មីយ៉ាន់ម៉ាបើកចំហសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ទៅឱ្យជនរងគ្រោះដោយសារព្យុះស៊ីក្លូន Mocha និងធានាថាជំនួយសង្គ្រោះជីវិតអាចទៅដល់តំបន់ដែលរងការវាយប្រហារ។

 
ព្យុះ Mocha ដែលបាននាំភ្លៀងធ្លាក់ និងខ្យល់បក់បោកក្នុងល្បឿន១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារមីយ៉ាន់ម៉ា និងបង់ក្លាដែសនៅថ្ងៃទី ១៤ ខែឧសភា។ យ៉ាងណាមិញ ប្រតិបត្តិការជួយសង្រ្គោះជួបបញ្ហាខ្លះ ពិសេសនៅមីយ៉ាន់ម៉ាដោយសាររដ្ឋាភិបាលយោធារឹតត្បិតសកម្មភាពចែកចាយសម្ភារៈបន្ទាន់។
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ ប្រមុខសិទ្ធិមនុស្សរបស់ UN លោក Volker Turk បានជំរុញឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាអនុញ្ញាតឱ្យមានការវាយតម្លៃលើតម្រូវការចាំបាច់នានាក្នុងការជួយសង្រ្គោះប្រជាជន។
 
«ការខូចខាត និងការបាត់បង់អាយុជីវិតគឺអាចពិនិត្យបាន និងអាចជៀសបាន។» លោក Turk លើកឡើងបែបនេះ ហើយបន្តថា វាជាការចាំបាច់ដែលយោធាលុបចោលការរាំងស្ទះក្នុងការធ្វើដំណើរ ហើយអនុញ្ញាតឱ្យមានការវាយតម្លៃអំពីស្ថានភាពផ្ទាល់ និងធានាឱ្យមានលទ្ធភាពទទួលបានការផ្តល់​ជំនួយ និងសេវាសង្គ្រោះជីវិត។
 
បើតាមរបបយោធាមីយ៉ាន់ម៉ា ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិមួយនេះមាន១៤៨នាក់ ដែលជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ារដ្ឋរ៉ាឃីនភាគខាងលិចប្រទេស ទីដែលព្យុះ Mocha បោកបក់ចំ។ លោក Turk ក៏រិះគន់មីយ៉ាន់ម៉ាចំពោះអ្វីដែលលោកចាត់ទុកជាសកម្មភាពដកហូតសិទ្ធិ និងសេរីភាព​របស់​ជន​ភាគតិចរ៉ូហ៊ីងយ៉ា និងការវាយប្រហារក្រុមជនជាតិភាគតិចផ្សេង​ទៀតដោយឥតឈប់ឈរ។
 
កាលពីថ្ងៃទី២៣ ខែឧសភា UN អំពាវនាវរកថវិកាសង្គ្រោះបន្ទាន់ចំនួន៣៣៣លាន​ដុល្លារ​សម្រាប់​ប្រជាជន១,៦លាននាក់នៅមីយ៉ាន់ម៉ា។ បង់ក្លាដែសដែលរងគ្រោះដោយសារតែព្យុះដូចគ្នានេះ ត្រូវការ​ថវិកា៤២លានដុល្លារផងដែរ៕
 
 

Tag:
 មីយ៉ាន់ម៉ា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com