ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ឈានចូលដល់វ័យ៩០ឆ្នាំ
25, May 2023 , 10:59 am        
រូបភាព
ដោយ: រួបរួម
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រារព្ធខួបកំណើតគម្រប់៨៩ឆ្នាំ ឈានចូល៩០ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះ។ តាមព្រះរាជសារជូនពរ ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថនរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម សីហនុ បានចាត់ទុកសម្តេច ហេង សំរិន ជាថ្នាក់ដឹកនាំដ៏ឆ្នើមដែលបានខិតខំអស់ពីកម្លាំងកាយចិត្តបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ។

 
សម្តេច ហេង សំរិន កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៣៤ នៅនៅក្នុងភូមិអន្លង់ក្រេះ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ សម្តេចមានភរិយាឈ្មោះ សៅ ទី និងមានកូន៤នាក់។
 
យោងតាមឯកសារស្រាវជ្រាវរបស់ លោក គាំម កុសល និងសាស្ត្រចារ្យ ដៀប សុផល ឥស្សរជនកំពូលរូបនេះ បានសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ខេត្តកំពង់ចាមនាអំឡុងឆ្នាំ១៩៥៤ និងធ្លាប់រៀនវគ្គនយោបាយជាន់ខ្ពស់នៅប្រទេសវៀតណាម។
 
នៅឆ្នាំ១៩៦៩ សម្តេច ហេង សំរិន មានតួនាទីជាប្រធានកងអនុសេនាតូច ចលនាប្រដាប់អាវុធ (ផ្នែក៦) តំបន់២០ ភូមិភាគ បូព៌ា (២០៣) ហើយជាបន្តបន្ទាប់សម្តេចបានក្លាយជាប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ក្នុងឆ្នាំ១៩៧៩ ។
 
នៅឆ្នាំ១៩៨១ សម្តេចជាអគ្គលេខាធិការមជ្ឈិមបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា (ក្រោយមកជារដ្ឋកម្ពុជា) ហើយចាប់ពីឆ្នាំ១៩៩១ សម្តេចជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
 
ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន សម្តេចក្លាយជាអ្នកតំណាងរាស្ត្រ ហើយកាន់កាប់តំណែងជាប្រធានរដ្ឋសភាជាតិចាប់តាំងពីឆ្នាំ២០០៦ មក។ សម្តេចបានទទួលគោរម្យងារជា «សម្ដេចអគ្គមហាពញាចក្រី» ពីព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧ ។
 
ព្រះមហាក្សត្រ បានមានព្រះរាជចំណារថា៖ «សម្តេចអគ្គមហាពញាចក្រី ដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរដ្ឋសភា កសាងច្បាប់ជាច្រើន ទទួលបានលទ្ធផលល្អប្រសើរក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ»។ 
 
សម្រាប់សម្តេចព្រះមហាក្សត្រី សម្តេច ហេង សំរិន ជាឥស្សរជនជាតិដ៏ខ្ពង់ខ្ពស់មួយរូប ដែលបានខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ បំពេញភារកិច្ចចូលរួមចំណែកដឹកនាំ ការពារ កសាង បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ៕

អត្ថបទទាក់ទង

 

© រក្សាសិទ្ធិដោយ thmeythmey.com