អន្តរជាតិ
នាយករដ្ឋមន្រ្តីរុស្ស៊ីថា ទំនាក់ទំនងជាមួយចិនឈានដល់ចំណុចខ្ពស់មិនធ្លាប់មាន
25, May 2023 , 2:15 pm        
រូបភាព
នាយករដ្ឋមន្រ្តីចិន លី ឈាំង ស្វាគមន៍សមភាគីរុស្ស៊ី មីខាអ៊ីល មីហ៊ូស្ទីន។ រូបថត Xinhua
នាយករដ្ឋមន្រ្តីចិន លី ឈាំង ស្វាគមន៍សមភាគីរុស្ស៊ី មីខាអ៊ីល មីហ៊ូស្ទីន។ រូបថត Xinhua
នាយករដ្ឋមន្រ្តីរុស្ស៊ី មីខាអ៊ីល មីហ៊ូស្ទីន នៅថ្ងៃទី២៤ ខែឧសភា បានអះអាងពីទំនាក់ទំនងខ្ពស់មិនធ្លាប់មានក្នុងទំនាក់ទំនងជាមួយចិន ខណៈលោកកំពុងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង។ បើតាមប្រមុខរដ្ឋាភិបាលរុស្ស៊ី ទំនាក់ទំនងនេះរឹតតែល្អប្រសើរប្រឈមមុខសម្ពាធដ៏ធពីលោកខាងលិច។

 
ទស្សនកិច្ចនាយករដ្ឋមន្រ្តីរុស្ស៊ី មីខាអ៊ីល មីហ៊ូស្ទីន នៅចិនដែលចាប់ផ្ដើមតាំងពីថ្ងៃទី២៣ ខែឧសភា ជាដំណើរទស្សនកិច្ចកម្រិតខ្ពស់មួយរបស់មន្រ្តីរុស្ស៊ី ក្រោយការឈ្លានពានអ៊ុយក្រែន។ បន្ទាប់ពីការប្រតិបត្តិការយោធានេះទៀតសោត ទំនាក់ទំនងទ្វេភាគីចិន-រុស្ស៊ី ក៏ត្រូវបានពង្រឹងកាន់តែខ្លាំងថែមទៀតទាំងផ្នែកសេដ្ឋកិច្ច និងការទូត។
 
នៅប៉េកាំង លោក មីហ៊ូស្ទីន បានជួបប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគី លី ឈាំង ។ លោក លី បានស្វាគមន៍សមភាគីរុស្ស៊ីរបស់លោកយ៉ាងអធិកអធមនៅខាងមុខមហាវិមាប្រជាជន។
 
«បច្ចុប្បន្ន ទំនាក់ទំនងរុស្ស៊ីនិងចិន មានដល់កម្រិតខ្ពស់មិនធ្លាប់មាន។» លោក មីហ៊ូស្ទីន ប្រាប់លោក លី បែបនេះ មុនបន្តថា ទំនាក់ទំនងនេះត្រូវបានកំណត់ដោយការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ឆន្ទៈដោះស្រាយបញ្ហារួមគ្នាដែលកំពុងកើនឡើងលើឆាកអន្តរជាតិ និងការរួមគ្នាដាក់សម្ពាធរបស់លោកខាងលិច។
 
ជាការឆ្លើយតប នាយករដ្ឋមន្រ្តីចិន បានលើកឡើងពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ ហើយលោកជឿថា ទស្សនកិច្ចរបស់លោក មីហ៊ូស្ទីន នឹងផ្ដល់ការចាប់អារម្មណ៍ជ្រាលជ្រៅ។
 
ចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់រុស្ស៊ី ដោយការផ្ដោះប្ដូរពាណិជ្ជកម្មទ្វេភាគីកើនដល់១៩០ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍គយចិន។ នៅឆ្នាំ២០២៣ លោក លី បញ្ជាក់ថា ទំហំពាណិជ្ជកម្មមាន៧០ពាន់លានដុល្លារស្រេចទៅហើយ៕
 
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com