ជាតិ
អត្ថបទពាណិជ្ជកម្ម
«គុនល្បុក្កតោរស់ឡើងវិញ» មកដល់រោងភាពយន្តនៅកម្ពុជា ថ្ងៃទី​២៥ ឧសភានេះ ការចាក់បញ្ចាំងជាប្រវត្តិសាស្ត្រ ដោយមានបញ្ចូលសំឡេងជាភាសាខ្មែរ
25, May 2023 , 3:24 pm        
រូបភាព
ផលិតកម្ម Cineboxx Films នៃប្រទេសកាណាដា និងផលិតកម្មកងចក្រ នៃប្រទេសកម្ពុជា បានចាប់ដៃគូជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានក្តីសោមនស្សដោយប្រកាសការចាក់បញ្ចាំងភាពយន្ត ដែលជាជ័យលាភីទទួលពានរង្វាន់ថ្នាក់អន្តរជាតិ លើផ្នែកភាពយន្តពិត គឺភាពយន្តរឿង “គុនល្បុក្កតោរស់ឡើងវិញ” នៅក្នុងរោងភាពយន្តកម្ពុជា ពីថ្ងៃទី ២៥ ឧសភា ឆ្នាំ២០២៣។​ ហើយពេលនេះដែរ ភាពយន្ត “គុនល្បុក្កតោរស់ឡើងវិញ” នឹងមានចាក់បញ្ចាំងជាមួយការបញ្ចូលសំឡេងភាសាខ្មែរ ជាលើកដំបូងបង្អស់។
 
“គុនល្បុក្កតោរស់ឡើងវិញ” ជាភាពយន្តជីវិតពិត និយាយពីការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ។ ដោយចំណាយថតអស់ពេល ៥ ឆ្នាំ វាបានកត់ត្រានូវការតស៊ូរបស់លោកគ្រូធំក្បាច់គុនល្បុក្កតោ គឹមស៊ាន ដែលជាអ្នកនៅរស់ពីរបបខ្មែរក្រហម។ គាត់បានជួយប្រោសជីវិតដល់គុនល្បុក្កតោនៃក្បាច់គុនបុរាណខ្មែរ ហើយថែរក្សាវាជាមួយយុវជនជាតិខ្មែរ។ ដូចប្រពៃណីវប្បធម៌របស់ខ្មែរដទៃទៀតដែរ គុនល្បុក្កតោត្រូវប្រឈមនឹងការបាត់បង់ នៅសម័យខ្មែរក្រហម។


 
ការចាក់បញ្ចាំងនៅភាពយន្តក្នុងស្រុក ដែលគ្រប់គ្រងដោយក្រុមហ៊ុនចែកចាយភាពយន្ត វេសថិក មីឌៀ លីមីធីត ដែលជាការបិទបញ្ចប់ដំណើរផលិតរយៈពេល ១៣ ឆ្នាំ របស់ផលិតករភាពយន្តជនជាតិកាណាដា លោក Mark Bochsler និងផលិតករជនជាតិស្វីស អ្នកស្រី Sandra Leuba។ ពួកគាត់បាននាំយកសាច់រឿងសង្គ្រោះវប្បធម៌ខ្មែរ ដ៏អស្ចារ្យមួយនេះទៅកាន់ពិភពលោក។ ការចាក់បញ្ចាំងនេះក៏មានការរៀបចំពិធីសម្ពោធ និងការចាក់បញ្ចាំងជាផ្លូវការកាលពីពេលថ្មីៗនេះ ដោយរៀបចំឡើងដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយក៏មានការចូលរួមពីភ្ញៀវកិត្តិយស ៣០០នាក់ រួមមានថ្នាក់ដឹកនាំកំពូលរបស់រដ្ឋាភិបាល ភ្ញៀវកិត្តិយសបរទេស តារាកម្ពុជា តួសម្តែង តារាល្បីៗ បវរកញ្ញាចក្រវាលឆ្នាំ២០២១ និងអត្តពលិក រួមមានជ័យលាភីមេដាយស៊ីហ្គេមកម្ពុជា ដែលមកពីក្រុមល្បុក្កតោជម្រើសជាតិ ផ្នែកផ្សព្វផ្សាយ និងអ្នកវិភាគភាពយន្ត និងភ្ញៀវកិត្ដិយសជាច្រើនទៀត។
 


កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងដោយមានការជួយជ្រោមជ្រែងដ៏សប្បុរស ពីអ្នកជួយឧបត្ថម្ភដូចជា ដៃគូថ្នាក់ពេជ្រគឺ ក្លឹបជើងឯកពិភពលោកគុនខ្មែរ ដែលតំណាងដោយឧកញ៉ា Srey Chan Thron, Thiago Teixeira Machado និង Roma Maria Rozanska Steffen, ដៃគូឧបត្ថម្ភថ្នាក់មាស ផលិតកម្មកងចក្រ និងដៃគូឧបត្ថម្ភថ្នាក់ប្រាក់គឺការិយាល័យសហប្រតិបត្តិការស្វីស និងទីភ្នាក់ងារកុងស៊ុល។ ដៃគូផ្សេងៗក៏រួមមាន យូណេស្កូ គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្រាបៀរ ABC និងរោងភាពយន្តលេជេន។
 




ក្រៅពីផលិតករភាពយន្ត កម្មវិធីសម្ពោធក៏មានការចូលរួមដោយលោកគ្រូធំ សាន គឹមស៊ាន ដែលជាតួឯកនៃភាពយន្តនេះ តារាភាពយន្តកម្ពុជា សំ ថារ័ត្ន, លោក វ៉ាត់ ចំរើន លេខាធិការទូទៅនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, Soueng Mala, Soukong Chea ព្រមជាមួយ Derek Bidaut និង Dara Phang ដែលមកពីគ្រួសារល្បុក្កតោ ហើយពួកគាត់ក៏មានមុខនៅក្នុងភាពយន្តនេះដែរ។ ក្នុងចំណោមភ្ញៀវកិត្តិយសដែលចូលរួម ក៏មានលោក Chea Chan Boribo លេខាធិការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា, លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង, លោក Sardar Umar Alam ប្រធានយូណេស្កូប្រចាំនៅកម្ពុជា, លោក Markus Buerli  ភ្នាក់ងារកុងស៊ុលស្វីស និងលោក Christophe Rouleau ពីស្ថានកុងស៊ុលកាណាដា និងរដ្ឋមន្ត្រី TANINAI Ichitomo អនុប្រធានបេសកកម្មពីស្ថានទូតជប៉ុន។
 




លោក វ៉ាត់ ចំរើន លេខាធិការទូទៅនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា “សាច់រឿងទាំងមូល គឺជាសាច់រឿងពិត។ វាជាជីវិតពិត សម្រាប់គ្រប់ប្រជាជនកម្ពុជា ដោយយើងជីកកកាយអ្វីដែលបានបាត់បង់ ហើយប្រោសវាឱ្យរស់ឡើងវិញ។ ខ្ញុំសុំទទូចដល់គ្រប់គ្នា ជាពិសេសគ្រប់អ្នកស្រាវជ្រាវ ដែលចង់ដឹងពីទុក្ខលំបាកពាក់ព័ន្ធនឹងគុនល្បុក្កតោ យុវជន និងអ្នកស្រឡាញ់វប្បធម៌ទាំងអស់ មកគាំទ្រភាពយន្តនេះ ដែលនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត”។
 




លោក Markus Buerli  ប្រធានសហប្រតិបត្តិការភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “វាជាភាពយន្តដ៏អស្ចារ្យ។ ខ្ញុំគិតថា ឈុតឆាករំជួលចិត្តភាគច្រើន គឺនៅពេលដែលពួកគេនិយាយពីអតីតកាល និងទុក្ខលំបាកដែលពួកគេឆ្លងកាត់ តែពួកគេនៅតែរក្សាទឹកចិត្តនោះ ធ្វើអ្វីមួយសម្រាប់ជីវិត ដើម្បីតំណាងឱ្យកម្ពុជា ហើយពួកគេក៏មានមោទកភាពលើអ្វីដែលពួកគេធ្វើ”។
 
គុនល្បុក្កតោបានឡើងដល់ទំព័រមុខ នៃសារព័ត៌មានអន្តរជាតិ ហើយជាកីឡាបើកឆាកនៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅប្រទេសកម្ពុជា កាលពីដើមខែនេះផងដែរ។ អ្នកប្រដាល់ និងអ្នកសម្តែងល្បុក្កតោទទួលបានមេដាយ ១៨ សម្រាប់កម្ពុជា។ នៅខែវិច្ឆិកា ឆ្នាំ ២០២២ យូណេស្កូ ដែលជាផ្នែកវប្បធម៌នៃអង្គការសហប្រជាជាតិ បានបញ្ចូលគុនល្បុក្កតោ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ “គុនល្បុក្កតោរស់ឡើងវិញ” ជាភាពយន្តពិត និយាយពីការប្រោសជីវិតគុនល្បុក្កតោឡើងវិញ ហើយក៏ត្រូវបានយូណេស្កូលើកឡើងផងដែរ។
 


ភាពយន្តរឿង “គុនល្បុក្កតោរស់ឡើងវិញ” ទាំងសំឡេងបញ្ចូលជាភាសាខ្មែរ និងសំឡេងដើមជាភាសាអង់គ្លេស នឹងមកដល់គ្រប់រោងភាពយន្តថ្ងៃទី ២៥ ឧសភា ហើយជាការចាក់បញ្ចាំងដំបូងនៅកម្ពុជា។ កំណែភាសាអង់គ្លេស ដែលមិនទាន់បានបញ្ចប់ ធ្លាប់ធ្វើការចាក់បញ្ចាំងម្តង នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឆ្នាំ ២០១៨។ ចាប់ពីពេលនោះ ភាពយន្តរឿងនេះបានចាក់បញ្ចាំង នៅគ្រប់មហោស្រពភាពយន្តទូទាំងសកលលោក ដោយទទួលបានពានរង្វាន់ជាង ២០ និងទទួលការកោតសរសើរពីអ្នកវិភាគភាពយន្ត។ ភាពយន្តនេះក៏ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ នៅក្នុងភាពយន្តកីឡាអន្តរជាតិ ដោយបានទទួលជ័យលាភីជើងឯកភាពយន្តកីឡាពិភពលោក នៅទីក្រុងមីឡាន និងនៅក្នុងមហោស្រពកីឡាចំណាស់ជាងគេលើពិភពលោក គឺមហោស្រពភាពយន្តកីឡា Paladino នៅទីក្រុង Paladino ប្រទេសអ៊ីតាលី ដោយទាំងពីរលើកនោះ ក៏មានការចូលរួមគាំទ្រពីគណៈកម្មាធិការអន្តរជាតិអូឡាំពិកផងដែរ។ គម្រោងចាក់បញ្ចាំងភាពយន្តនេះនៅកម្ពុជាដំបូង នៅឆ្នាំ ២០២០ ត្រូវបានអូសបន្លាយ ដោយសារវិបត្តិកូវីដ-១៩។
 
ភាពយន្តរឿង “គុនល្បុក្កតោរស់ឡើងវិញ” ត្រូវបានផលិតដោយផលិតកម្ម Cineboxx Film & Television Inc. ដែលមានស្នាក់ការនៅទីក្រុងតូរ៉ុនតូ និងមានផលិតកម្មកងចក្រ ជាតំណាងផ្តាច់មុខនៅកម្ពុជា, ផលិតករភាពយន្ត លោក Loy Te ហើយត្រូវបានចែកចាយដោយក្រុមហ៊ុន វេសថិក មីឌៀ លីមីធីត។
 
“គុនល្បុក្កតោរស់ឡើងវិញ” នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តលេជេន (Legend Cinemas) រោងភាពយន្តមេជើ (Major Cineplex) និង Prime Cineplex នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ទីតាំងភាគច្រើននឹងចាក់បញ្ចាំងជាការបញ្ចូលសំឡេងភាសាខ្មែរ ហើយសម្រាប់សំឡេងដើមជាភាសាអង់គ្លេស នឹងមានចាក់បញ្ចាំងនៅទីតាំងដែលបានកំណត់ (សូមចូលទៅគេហទំព័រ ឬកម្មវិធីទូរសព្ទដៃរបស់រោងភាពយន្ត សម្រាប់ព័ត៌មានលម្អិត)៕
 
សម្រាប់ឈុតខ្លីភាពយន្តនេះ សូមទស្សនាឈុតខ្លីផ្លូវការនៃភាពយន្តរឿង “គុនល្បុក្កតោរស់ឡើងវិញ” នៅទីនេះ: Surviving Bokator Trailer 
 
តំណហ្វេសប៊ុក : facebook.com/bokatorfilm
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក
លោក រតនា 
Westec Media Limited 
ទូរសព្ទ: +85510 600 848
អ៊ីមែល: [email protected] 
 
Sandra Leuba
ផលិតករ
Cineboxx Film & Television Inc.
ទូរសព្ទ: +1 (416) 616-4251
អ៊ីមែល: [email protected]   
 
 

© រក្សាសិទ្ធិដោយ thmeythmey.com