កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ហ៊ុន ម៉ានី៖ អាស៊ានប៉ារ៉ាហ្គេម ជាឱកាសសម្រាប់អត្តពលិកជនពិការបង្ហាញសមត្ថភាព
25, May 2023 , 4:19 pm        
រូបភាព
កីឡាករប្រណាំងរទេះ ហៀក ហុក ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។
កីឡាករប្រណាំងរទេះ ហៀក ហុក ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។
ដោយ:
លោក ហ៊ុន ម៉ានី លើកឡើងពីសម្តីដែលប្រធានសមាគមប៉ារ៉ាឡាំពិកឥណ្ឌូណេស៊ី និយាយកាលពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅក្រុងសូឡូ ថារឿងឈ្នះ-ចាញ់ជាកត្តាមួយ ប៉ុន្តែជាឱកាសឱ្យអត្តពលិកដែលជាជនពិការ មានអារម្មណ៍ថាខ្លួនជាមនុស្សពេញលក្ខណដូចគេឯង។ លោក ហ៊ុន ម៉ានី និយាយដូច្នេះ តាមរយៈសំណេរ អមដោយវីដេអូខ្លី ដែលបានបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

 
«បើហ្វឹកហាត់នៅលើវិញ្ញាសា តែគ្មានឱកាសក្នុងការបង្ហាញសមត្ថភាពគឺស្មើនឹងអត់មានអ្វីទាំងអស់»។ លោក ហ៊ុន ម៉ានី អនុប្រធានប៉ារ៉ាឡាំពិកកម្ពុជា និយាយដូច្នេះ និងបានបញ្ជាក់ថាអត្តពលិកជនមានពិការភាពពិតណាស់គឺត្រូវការគាំទ្រជាងអ្នកមានសភាពធម្មតា។
 

លោក ហ៊ុន ម៉ានី អនុប្រធានសហព័ន្ធកីឡាប៉ារ៉ាឡាំពិកកម្ពុជា ពេលទស្សនាការប្រកួតបាល់ទះអង្គុយ។
 
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដដែលបន្ថែមថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាពេលមួយដែលអត្តពលិកជនមានពិការភាពអាចបង្ហាញនូវសមត្ថភាពដែលខ្លួនមាន ដែលសបញ្ជាក់ថា ពួកគាត់គឺមានសមត្ថភាព។ លោក ហ៊ុន ម៉ានី ក៏សង្ឃឹមជឿជាក់បងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រលើកទឹកចិត្តទៅដល់អត្តពលិកប៉ារ៉ាឡាំពិកទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំនៅទឹកដីកម្ពុជាផងដែរ។
 
គួបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការប្រកួតលើ ១៣ប្រភេទកីឡារួមមាន៖ អត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះ អង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។ ចំពោះកីឡាអេឡិចត្រូនិក(E-sport)ជាប្រភេទកីឡាបង្ហាញមិនមានមេដាយឡើយ៕
 

Tag:
 ហ៊ុន ម៉ានី
 អាស៊ានប៉ារ៉ាហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com