កីឡាអន្តរជាតិ
អន្តរជាតិ
Iniesta នឹងចាកចេញពីក្រុម Vissel Kobe ក្រោយរួមរស់៥ឆ្នាំ
25, May 2023 , 4:49 pm        
រូបភាព
អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ Andre Iniesta នឹងចាកចេញពីក្រុម Vissel Kobe នៅពាក់កណ្តាលរដូវកាលនៃលីគកីឡាបាល់ទាត់កំពូលជប៉ុន J League រដូវកាលនេះ។ នេះបើតាមការបញ្ជាក់របស់ក្លិប Vissel Kobe នៅថ្ងៃទី២៥ ខែឧសភា។



អតីតកីឡាករក្រុម Barcelona ដែលទើបឈានចូលវ័យ ៣៩ឆ្នាំក្នុងខែឧសភានេះ បានចូលរួមក្លិប​​ ​Vissel Kobe ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបានបញ្ចប់អាជីបរបស់ខ្លួនជាមួយក្រុម Barca ដែលជាទីកន្លែងរូបគេបានឈ្នះពានរង្វាន់ដល់ទៅចំនួន ៣០ក្នុងអាជីព។ Iniesta ក៏ធ្លាប់បានឈ្នះពានរង្វាន់ World Cup 2010 និងពានរង្វាន់ Euro 2012 ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ។
 
ក្លិប Vissel Kobe បានប្រកាសពីការចាកចេញរបស់ ​Iniesta ដូច្នេះថា៖«យើងពិតជាសោកស្តាយក្នុងការប្រកាសពីការចាកចេញរបស់ Andre Iniesta ពីក្លិបរបស់យើង។ រយៈពេល ៥ឆ្នាំចាប់តាំងពីការចូលរួម យើងពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Iniesta ដែលបានចូលរួមចំណែកយ៉ាងល្អដល់ Vissel Kobe។»។
 
Iniesta នឹងចាកចេញពី Vissel Kobe បន្ទាប់ពីការប្រកួតក្នុងទឹកដីទល់ក្រុម Consadole Sapporo នៅក្នុងកីឡដ្ឋាន Noevir នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។
 
រយៈពេល ៥ឆ្នាំនៅទឹកដីជប៉ុន កីឡាករវ័យ ៣៩ឆ្នាំ បានបង្ហាញខ្លួនលេងជាមួយ Vissel Kobe ចំនួន ១៣៣ប្រកួត ដោយនៅឆ្នាំ ២០១៩ រូបគេបានជួយក្រុមឈ្នះពានរង្វាន់ Emperor’s Cup និងក្នុងឆ្នាំ ២០២០ ពានរង្វាន់ Japanese Super Cup៕
 

Tag:
 Andre Iniesta
© រក្សាសិទ្ធិដោយ thmeythmey.com