កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ថាមិនទាន់គ្រប់គ្រាន់ បើទោះរដូវកាលដំបូងនៅ Man United ប្រសើរក្តី
25, May 2023 , 8:29 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការ ​Manchester United បាននិយាយថាក្រុមត្រូវតែខិតខំបន្ថែមទៀត បើទោះរដូវកាលនេះ ក្រុមធ្វើបានល្អប្រសើរ។ Man Utd មានភាគរយខ្ពស់ដណ្តើមកៅអី Champions league នៅរដូវកាលក្រោយ។



ក្រុមបិសាចក្រហម មកដល់ពេលនេះត្រូវការត្រឹមតែ ១ពិន្ទុបន្ថែមទៀតប៉ុណ្ណោះពីការប្រកួតចចំនួន ២ដែលនៅសល់នៃការប្រកួតក្របខណ្ឌ Premier League ទល់ក្រុម Chelsea និង Fulham ដើម្បីក្រសោបបានកៅអីក្រុមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ ក្នុងការលេងនៅក្នុងពានរង្វាន់កំពូលអឺរ៉ុប Champions league រដូវកាលក្រោយ។
  


ការមកដឹកនាំរដូវកាលដំបូងរបស់លោក Ten Hag នៅ Man United លោកបានជួយបញ្ចប់ការរង់ចាំនៃការឈ្នះពានរង្វាន់នានារយៈពេលជិត ៦ឆ្នាំ ដោយបានជួយក្រុមឈ្នះពានរង្វាន់ EFL Cup កាលពីខែកុម្ភៈ។ Man United នៅសល់ការប្រជែងពានរង្វាន់ FA Cup មួយទៀត ដោយត្រូវជួបក្រុមគូប្រជែងក្នុងទីក្រុងតែមួយ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ។
 
អ្នកចាត់ការសញ្ជាតិហូឡង់ អាចនឹងបញ្ចប់ការដឹកនាំនៅរដូវកាលដំបូងរបស់លោកក្នុងទឹកដីអង់គ្លេស ជាមួយពានរង្វាន់ចំនួន ២ ប្រសិនបើ Man United អាចឈ្នះ Man City នៅវគ្គផ្តាច់ព្រ័ត្របាន។ បិសាចក្រហមមានភាគរយខ្ពស់ក្នុងការលេង Champions league រដូវកាលក្រោយ ប៉ុន្តែលោក Ten Hag ទទូចថាគោលដៅក្រុមបិសាចក្រហមគឺខ្ពស់ជាងនេះនៅរដូវកាលក្រោយ ខណៈពេលក្រុមកំពុងស្វែងរកភាពរង់រឿងដូចកាលពីមុនមកវិញ។
 
«យើងកំពុងស្ថិតក្នុងគម្រោង យើងចង់ត្រលប់ទៅកាន់កាលពីមុន និងឈ្នះពានរង្វាន់ ហើយយើងបានឈ្នះពានរង្វាន់មួយ ប៉ុន្តែយើងចង់បានពានរង្វាន់បន្ថែមទៀត ដើម្បីប្រកួតប្រជែងឱ្យបានល្អ។ យើងកំពុងតែស្ថិតនៅក្នុងដំណើរផ្លូវ យើងគិតថាបាននឹងកំពុងតែធ្វើរឿងដ៏ត្រឹមត្រូវ ប៉ុន្តែវាអាចល្អជាងនេះ ព្រោះថាល្អ មិនមែនល្អគ្រប់គ្រាន់។»។ លោកបាននិយាយបែបនេះមុនការប្រកួតទល់ Chelsea ក្នុងទឹកដី Old Trafford ថ្ងៃទី២៥ ខែឧសភា៕
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com