អន្តរជាតិ
រុស្ស៊ីក្ដៅស្លឹកត្រចៀក ខណៈនាវាចម្បាំងធំបំផុតលើលោករបស់អាម៉េរិកចូលចតនៅន័រវេស 
×![]()
នាវាចម្បាំងផ្ទុកយន្តហោះរបស់អាម៉េរិកដែលធំបំផុតលើពិភពលោក USS Gerald R Ford បានទៅ ដល់រដ្ឋធានីអូស្លូរបស់ន័រវេសនៅថ្ងៃទី២៤ ខែឧសភាសម្រាប់ការឈប់សំចត។ រុស្ស៊ីវិញចាត់ទុកវត្តមាននាវាដឹកយន្តហោះចម្បាំងនេះ ជាការបង្ហាញកម្លាំងមិនសមហេតុផល និងបង្កគ្រោះថ្នាក់។--
យោងតាមប្រព័ន្ធផ្សព្វផ្សាយន័រវេស នាវា USS Gerald Ford ដែល ដើរដោយថាមពលនុយក្លេអ៊ែរ ជាមួយប្រវែង៣៣៧ម៉ែត្រជាមួយនិងទម្ងន់១០ម៉ឺនតោន បានធ្វើដំណើរទៅកាន់តំបន់ Oslo Fjord ដែលជាកន្លែងឈប់ចតនៅជាច្រើនថ្ងៃមុនពេលធ្វើដំណើរទៅកាន់តំបន់អាក់ទិកដើម្បីចូលរួមសមយុទ្ធយោធាមួយ។
«ដំណើរទស្សនកិច្ច និងវត្តមានរបស់នាវាផ្ទុកយន្តហោះ ផ្តល់ឱកាសពិសេសមួយក្នុងការ អភិវឌ្ឍកិច្ចសហប្រតិបត្តិការរបស់យើង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តដ៏សំខាន់ បំផុតរបស់យើងគឺអាម៉េរិក»។ សេចក្តីថ្លែងការណ៍មួយរបស់យោធាន័រវេសបែបនេះ។
ប៉ុន្តែស្ថានទូតរុស្ស៊ីបានរិះគន់យ៉ាងខ្លាំងជុំវិញរឿងនេះ ខណៈដែលភាពតានតឹងរវាងបណ្ដាប្រទេសលោកខាងលិច និងរុស្ស៊ីលើសង្គ្រាមនៅអ៊ុយក្រែនកាន់តែកើនឡើង។
«វាគ្មានបញ្ហានៅភាគខាងជើងដែលទាមទារដំណោះស្រាយយោធា ឬបញ្ហាដែលទាមទារឱ្យមានអន្តរាគមន៍ពីខាងក្រៅនោះទេ»។ អ្នកនាំពាក្យស្ថានទូតរុស្ស៊ី លោក Timur Chekanovប្រាប់ទីភ្នាក់ងារព័ត៌មាន AFP តាមអ៊ីមែលបែបនេះដោយសំដៅតំបន់ Scandinavia ហើយបន្តថា ដោយសារកន្លងមកទីក្រុងអូស្លូមើលមិនឃើញពីការគំរាមរបស់រុស្ស៊ី ការបង្ហាញកម្លាំងយោធាបែបនេះហាក់ដូចជាខុសទំនង និងបង្កគ្រោះថ្នាក់។
ន័រវេស ជាសម្ព័ន្ធយោធាណាតូមានព្រំដែនគោកជាមួយរុស្ស៊ីនៅភាគខាងជើងប្រទេស និងព្រំដែនសមុទ្រនៅសមុទ្រ Barents។
យោងតាមកាសែត Barents Observer នាវាដឹកនាំយន្តហោះចម្បាំងអាម៉េរិក នឹងចូលរួមសមយុទ្ធ Arctic Challenge នៅថ្ងៃទី២៩ ខែឧសភា ដែលប្រមូលផ្តុំយន្តហោះចំនួន១៥០មកពីប្រទេសលោកខាងលិចចំនួន១៤ ៕
© រក្សាសិទ្ធិដោយ thmeythmey.com