ជាតិ
មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន នឹងមានកម្រិតខ្ពស់នៅក្នុងតំបន់
25, May 2023 , 10:29 pm        
រូបភាព
ពិធីបើកដំណើរការជាផ្លូវការ នៃអគារ CJDM នៅទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
ពិធីបើកដំណើរការជាផ្លូវការ នៃអគារ CJDM នៅទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ មជ្ឈមណ្ឌល CJDM បានបង្កើតឡើង ដោយមានការរំពឹងទុកថា ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា សម្រាប់ការផលិតឌីជីថលកម្រិតខ្ពស់នៅក្នុងតំបន់ ដោយផ្អែកលើ R&D ជាមួយនឹងម៉ាស៊ីន CNC ទំនើបចុងក្រោយបំផុត ដែលអាចកាត់បន្ថយកាកសំណល់ បង្កើនផលិតភាព និងបង្កើនគុណភាពនៃផលិតផល។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី ២៤ ខែឧសភា។

 
រាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន បានដាក់ឲ្យដំណើរការមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បី​ផ្តើម​បណ្តុះបណ្តាលធនធាន​មនុស្ស​កម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា ។


ពិធីបើកដំណើរការជាផ្លូវការ នៃអគារ CJDM នៅទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ   រូបភាពពីទំព័រហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា
 
ពិធីបើកដាក់​ដំណើរការ​មជ្ឈមណ្ឌល CJDM នេះមានការចូលរួមជាអតីបតីពី លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។
 
ក្នុងពិធីដ៏មានសារៈសំខាន់ខាងលើ លោករដ្ឋមន្ត្រីអប់រំ ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងការបរទេសជប៉ុន (MOFA) និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) សម្រាប់ការគាំទ្រ ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងឧស្សាហកម្មផលិតឌីជីថលនៅកម្ពុជា។ 
 
«អរគុណលោកបណ្ឌិត Masahiko MORI ប្រធានក្រុមហ៊ុន DMG MORI សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ RUPP លើជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលម៉ាស៊ីន CNC នៅ CJDM ។» រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងដោយសំនួនបែបនេះ។ 
 
សូមជម្រាបជូន ថា មជ្ឈមណ្ឌល CJDM បានបង្កើតឡើង ដើម្បីឱ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសម្រាប់ការផលិតឌីជីថលកម្រិតខ្ពស់នៅក្នុងតំបន់ ដោយផ្អែកលើ R&D ជាមួយនឹងម៉ាស៊ីន CNC ទំនើបបំផុតចុងក្រោយ ដែលអាចកាត់បន្ថយកាកសំណល់ បង្កើនផលិតភាព និងបង្កើនគុណភាពនៃផលិតផល។ ក្នុងនោះ ម៉ាស៊ីនទំនើបៗចំនួន៣គ្រឿង ដែលមានសមត្ថភាពផលិតគ្រឿងបន្លាស់ គ្រឿងបង្គំគ្រប់ប្រភេទ និងគ្រប់ទំហំពីសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថលផងដែរ៕
 

Tag:
 វិស័យអប់រំ
 
© រក្សាសិទ្ធិដោយ thmeythmey.com