ជាតិ
ក្រសួង​កសិកម្ម ប្រកាសប្រឡង​ជ្រើសរើស​មន្រ្តី​ក្របខណ្ឌថ្មី ដោយ​​ផ្ដល់អាទិភាពដល់​​ជនមាន​ពិការ​ភាព
26, May 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្រ្តី​ក្រប​ខណ្ឌថ្មី​ចំនួន ៥២នាក់​ សម្រាប់​ចូល​បម្រើការ​ងារ​នៅ​អង្គភាព​ថ្នាក់កណ្ដាល និង​មន្ទីរ​កសិកម្ម រាជធានី-ខេត្ត។ បើតាម​ក្រសួង​កសិកម្ម បេក្ខជន​ដែល​មាន​ពិការ​ភាព​ត្រូវ​បាន​លើកទឹក​ចិត្ត​។



ការប្រឡង​ជ្រើសរើសនេះ ត្រូវ​បាន​បែង​ចែកជា​ពីរប្រភេទ គឺ​សម្រាប់​ចូល​បម្រើ​ការ​ងារ​នៅ​អង្គ​ភាព​ថ្នាក់​កណ្ដា​ល​ចំនួន ២៥នាក់​ និងមន្ទីរកសិកម្ម រាជធានី-ខេត្តចំនួន ២៧នាក់។ បើតាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ អគ្គ​នាយក​ដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​អគ្គនាយកដ្ឋាន​កៅស៊ូ ជ្រើសរើសក្នុង​មួយ​អគ្គនាយកដ្ឋានចំនួន ៤នាក់។
 
ដោយ​ឡែក​​ អគ្គនាយកដ្ឋាន​កសិកម្ម ជ្រើសរើសចំនួន ៥នាក់, រដ្ឋបាលព្រៃឈើ ចំនួន ១នាក់, រដ្ឋបាលជលផល ចំនួន ២នាក់ និង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ចំនួន ២នាក់។ ចំពោះ វិទ្យាស្ថាន​ជាតិ​កសិកម្ម ព្រែក​លៀប ជ្រើសរើសចំនួន ១នាក់, វិទ្យាស្ថាន​ជាតិ​កសិកម្ម កំពង់ចាម ចំនួន ២នាក់, នាយកដ្ឋាន​បុគ្គលិក ចំនួន ១នាក់, នាយកដ្ឋាន​កិច្ចការរដ្ឋបាល ចំនួន ១នាក់, នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ចំនួន ១នាក់ និង​នាយកដ្ឋាន​សវនកម្មផ្ទៃក្នុង ចំនួន ១នាក់។
 
សម្រាប់​មន្ទីរកសិកម្ម​រាជធានី-ខេត្តវិញ មន្ទីរកសិកម្មរាជធានីភ្នំពេញ, សៀមរាប, កំពត, បន្ទាយមានជ័យ, ឧត្តរមានជ័យ, រតនគិរី, ស្ទឹងត្រែង, ព្រៃវែង, ត្បូងឃ្មុំ, ព្រះវិហារ និងខេត្ត​កំពង់ស្ពឺ ជ្រើសរើសចំនួន ១នាក់ ក្នុង​មួយស្ថាប័ន។ ចំណែក​ឯ មន្ទីរកសិកម្ម​ខេត្តកែប ជ្រើសរើសចំនួន ៤នាក់, ព្រះសីហនុ, ប៉ៃលិន, មណ្ឌលគិរី, ពោធិ៍សាត់, កំពង់ចាម និង​កោះកុង ជ្រើសរើសចំនួន ២នាក់ ក្នុង​មួយស្ថាប័ន។
 
សេចក្ដី​ជូន​ដំណឹង​ខាង​លើ​ បញ្ជាក់ថា បេក្ខជន​ទាំង​អស់​ត្រូវជា​សិស្ស និង​និស្សិត ដោយ​ក្នុង​នោះ សញ្ញាបត្រ​បណ្ឌិត​ឡើងទៅ ត្រូវ​បាន​លើកលែងលក្ខខណ្ឌអាយុ។ រីឯ បញ្ញាបត្រ​ជាន់ខ្ពស់ ត្រូវ​បាន​កំណត់​អាយុ​យ៉ាងច្រើន​ ៤០ឆ្នាំ, បរិញ្ញាបត្រ ត្រូវបាន​កំណត់​អាយុ​យ៉ាងច្រើន ៣៥ឆ្នាំ។ 
 
គួរ​បញ្ជាក់ថា​ បេក្ខជន​ទាំង​អស់ ត្រូវ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង​នៅ​ក្រសួង​កសិកម្ម ចាប់ពី​ថ្ងៃទី​២២ ឧសភា-២២ មិថុនា រាល់ម៉ោងធ្វើការ៕ 
 

Tag:
 កសិកម្ម
  មន្រ្តី​ក្របខណ្ឌថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com