ជាតិ
«ការរស់ឡើងវិញនៃគុនល្បុក្កតោ» រៀបរាប់ពីដំណើរតស៊ូរបស់ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន
26, May 2023 , 8:59 am        
រូបភាព
លោក សាន គីមស៊ាន រូបភាពបង់កក្រមា អង្គុយជិត លោកស្រី ភឿង សកុណា និងម្ចាស់ផលិតកម្មពាក់ពន្ធ័មួយចំនួនទៀត។ រូបភាព៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោក សាន គីមស៊ាន រូបភាពបង់កក្រមា អង្គុយជិត លោកស្រី ភឿង សកុណា និងម្ចាស់ផលិតកម្មពាក់ពន្ធ័មួយចំនួនទៀត។ រូបភាព៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ «ការរស់ឡើងវិញនៃគុនល្បុក្កតោ» គឺជាខ្សែភាពយន្ត ដែលរៀបរាប់ពីដំណើរដ៏អស្ចារ្យនៃការស្តារក្បាច់គុនបុរាណខ្មែរ ដែលធ្លាប់បាត់បង់ឱ្យបន្តរស់រានមានជីវិតឡើងវិញ។ វណ្ណកម្មនេះ បានចំណាយពេលថតជាង៥ឆ្នាំ ដោយបានតាមដានពីដំណើរតស៊ូរបស់លោកគ្រូតា គុនល្បុក្កតោ សាន គឹមស៊ាន ដែលមានរហស្សនាម គ្រូតាក្រមាមាស ។ លោកក៏ជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍កម្ពុជា ដែលបានជួយឱ្យក្បាច់គុនបុរាណនេះរស់ឡើងវិញ និងថែរក្សាឱ្យគង់វង្ស សម្រាប់កូនខ្មែរជំនាន់ក្រោយ។ នេះបើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយថ្ងៃទី២៤ ខែឧសភា។

 
លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមក្នុងពិធីសម្ពោធ និងត្រៀមចាក់បញ្ចាំងភាពយន្តឯកសារ ដែលមានចំណងជើងថា «ការរស់ឡើងវិញនៃគុនល្បុក្កតោ» នៅរោងភាពយន្ត ឡេជេន ស៊ីណេមា សាខាអូឡាំព្យាម៉ល។ 
 

លោក សាន គីមស៊ាន (រហ័សនាម តាក្រមាមាស)៖ រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 
ការរស់ឡើងវិញនៃគុនល្បុក្កតោ គឺជារឿងពិត ដែលរៀបរាប់ពីដំណើររឿងដ៏អស្ចារ្យអំពីជ័យជម្នះ, ការបាត់បង់ , និងការរស់រានមានជីវិត ក៏ដូចជាការទាមទារអត្តសញ្ញាណវប្បធម៌ខ្មែរឡើងវិញ និងកសាងសម្ព័ន្ធភាពរពីជំនាន់មួយទៅជំនាន់មួយ។ វណ្ណកម្មដ៏ថ្មីសន្លាងនេះ បានចំណាយពេលថតជាង៥ឆ្នាំ ហើយបានពណ៌នា ពីដំណើរតស៊ូរបស់លោកគ្រូគុនល្បុក្កតោ សាន គឹមស៊ាន ដែលជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍កម្ពុជា។  លោកតាក្រមាមាសរូបនេះ ក៏ជាអ្នកជួយឱ្យក្បាច់គុនបុរាណខ្មែរមួយនេះរស់ឡើងវិញ និងថែរក្សាការពារ សម្រាប់កូនខ្មែរជំនាន់ក្រោយផងដែរ។ 
 
គុនល្បុក្កតោបានប្រឈមនឹងការបាត់បង់ក្នុងសម័យខ្មែរក្រហម ដូចនឹងប្រពៃណីវប្បធម៌ជាច្រើនទៀតរបស់កម្ពុជាដែរ។ ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងរបស់លោកគ្រូតា សាន គឹមស៊ាន  និងគ្រូមួយចំនួន ដែលនៅរស់រានមានជីវិតដល់សព្វថ្ងៃនេះ បានជំរុញគុនល្បុក្កតោឱ្យក្លាយជានិមិត្តរូបនៃមោទកភាពជាតិ និងកម្លាំងចិត្តរបស់ខ្មែរ។ ភាពយន្តឯកសារខាងលើ  បានសហការផលិតដោយ ផលិតកម្ម តេជៈ ភាពយន្ត រួមជាមួយផលិតកម្ម កងចក្រ ភីកឈ័រ និងផលិតកម្ម Cineboxx Film មកពីប្រទេសកាណាដា។ 
 
សូមបញ្ជាក់ថា ភាពយន្តឯកសាររឿង «ការរស់ឡើងវិញនៃគុនល្បុក្កតោ»  ចាក់បញ្ចាំងជាសាធារណៈ ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ តទៅ នៅគ្រប់រោងភាពយន្ត៕
 

Tag:
 វិស័យសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com