ជាតិ
សង្គមជាតិ
កិច្ចអន្តរាគមន៍សេវាទឹកស្អាត-អនាម័យ ផ្តោតសំខាន់លើកុមារ១០០០ថ្ងៃដំបូងនៃជីវិត
26, May 2023 , 9:29 am        
រូបភាព
លោកស្រី យឿន ស្រី  និងចៅ ប្រុស ប្រសើរ ។ រូបថត៖ ញឹក ស្រីល័ក្ខ
លោកស្រី យឿន ស្រី និងចៅ ប្រុស ប្រសើរ ។ រូបថត៖ ញឹក ស្រីល័ក្ខ
គោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ត្រូវបានប្រកាសឱ្យអនុវត្តចាប់ពីថ្ងៃទី២៥ឧសភា តទៅ។ គោលការណ៍ប្រតិបត្តិថ្នាក់ជាតិនេះ គឺផ្តោតចម្បងលើកុមារ ជាពិសេស ផ្តោតលើកិច្ចអន្តរាគមន៍ ១០០០ថ្ងៃដំបូងនៃជីវិត ក្នុងគោលបំណងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់អាហារូបត្ថម្ភ កុមារចាប់ពីដំណាក់កាលដំបូងនៃជីវិតរហូតដល់កុមារអាយុ៥ឆ្នាំ។


 
ក្នុងពិធីផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីកិច្ចអន្តរាគមន៍សេវា ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ (Nutrition-sensitive WASH) គឺជាអភិក្រមជាលក្ខណៈពហុវិស័យ។ គោលការណ៍នេះ មានគោលដៅធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភ និងកាត់បន្ថយអត្រាក្រិសក្រិន និងស្គមស្គាំងរបស់កុមារកម្ពុជា ក្រោមអាយុ៥ឆ្នាំ។
 
កង្វះអាហារូបត្ថម្ភបង្កឡើងដោយកត្តាជាច្រើន ដូចជា អសន្តិសុខស្បៀងក្នុងគ្រួសារ កង្វះទឹកស្អាត ប្រើប្រាស់ និងកង្វះទឹកស្អាត និងអនាម័យក្នុងគ្រួសារ។ ដូច្នេះហើយ កង្វះទឹកស្អាត និងអនាម័យត្រូវ បានចាត់ទុកថាជាមូលហេតុចម្បងនៃបញ្ហារាករូស និងកង្វះអាហារូបត្ថម្ភរបស់កុមារ ដែលបណ្តាល ឱ្យកុមារកម្ពុជាជាច្រើននាក់ រួមទាំង កុមារនៅជុំវិញពិភពលោកបានស្លាប់។  
 
លោកស្រី គ្វីននេត វ៉ង បន្តនិយាយថា ការបន្ស៊ីគ្នារវាង សេវា ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជាមួយនឹងសេវាកែលម្អស្ថានភាពអាហារូបត្ថម្ភ គឺកាន់តែកើនឡើងនូវការទទួលស្គាល់អំពីសារៈសំខាន់នៃការលើកកម្ពស់ ស្ថានភាព អាហារូបត្ថម្ភ តាមរយៈសមាហរណកម្មនៅក្នុងអន្តរាគមន៍ដែលឆ្លើយតបទៅនឹងដើមហេតុ និង មូលដ្ឋាននៃបញ្ហា កង្វះអាហារូបត្ថម្ភរបស់បុគ្គល គ្រួសារ និងសង្គម ជាពិសេស ផ្តោតសំខាន់លើ វិស័យ ផ្គត់ផ្គត់ទឹកស្អាត និងអនាម័យ។
 
លោកស្រី​បានបញ្ជាក់ថា៖ «គោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរដល់អាហារូបត្ថម្ភ ត្រូវបានបង្កើតឡើង គឺដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការណែនាំ ទៅដល់អ្នកពាក់ព័ន្ធក្នុងការកែលម្អស្ថានភាពអាហារូបត្ថម្ភនៅប្រទេសកម្ពុជា»។ 
 
បើតាមនាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាគោលការណ៍គន្លឹះនៃកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ គឺមាន៥ចំណុច។ ក្នុងនោះមាន ១. ​ការកំណត់តំបន់ភូមិសាស្រ្តគោលដៅសម្រាប់អន្តរាគមន៍បញ្ចូលគ្នានៃសេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ដោយផ្អែកលើតម្រូវការសហគមន៍ តាមរយៈការវាយតម្លៃ អត្រាគ្រប់ដណ្តប់ ប្រភេទហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សមភាព នៃការទទួលបានសេវា និងអត្រាប្រេវ៉ាឡង់កង្វះអាហារូបត្ថម្ភកុមារ។ ២. កំណត់សេវាដែលមានការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ និងបង្កើត តម្រូវការដើម្បីទទួលបានលទ្ធភាពស្មើគ្នា។ នៅក្នុងដំណាក់កាលរៀបចំផែនការ អ្នកអនុវត្តត្រូវវាយតម្លៃអត្រាគ្របដណ្តប់ និងកំណត់អ្នកផ្តល់សេវាដែលមានស្រាប់ សម្រាប់សេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ។
 
គន្លឹះទី៣៖ ការផ្លាស់ប្តូរឥរិយាបថ និងជំនឿប្រកបដោយនិរន្តរភាព និងជះឥទ្ធិពលលើវិស័យផ្គត់ផ្គង់ ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ដែលផ្តោតលើយេនឌ័រ និងយុវជន។ ៤. ពង្រឹងគណនេយ្យភាព និងជំរុញការចូលរួមពីវិស័យឯកជននៅថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិរួមទាំងការអភិវឌ្ឍសមត្ថភាពរបស់ក្រសួងពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ និងសមាជិក ក្រុមប្រឹក្សាឃុំ និងទី៥. គឺការផ្តោតចម្បងលើកុមារ ជាពិសេសផ្តោតលើកិច្ចអន្តរាគមន៍១០០០ថ្ងៃដំបូងនៃជីវិត។
 
លោកស្រី គ្វីននេត វ៉ង បានរៀបរាប់យ៉ាងលម្អិតយ៉ាងដូច្នេះ៖​« កិច្ចអន្តរាគមន៍ ត្រូវផ្តោតការយកចិត្តទុកដាក់ និងបញ្រ្ជាបរាល់សកម្មភាពដែលគិតគូរកុមារ ជាចម្បង ក្នុងគោលបំណងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់អាហារូបត្ថម្ភ កុមារ ចាប់ពីដំណាក់កាលដំបូងនៃជីវិតរហូតដល់កុមារអាយុ ៥ឆ្នាំ»។
 
ការប្រកាសអនុវត្តថ្នាក់ជាតិនូវគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភនេះ គឺជាជំហានទៅមុខដ៏ប្រសើរមួយដែលអាចដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភនៅក្នុងប្រទេសកម្ពុជា។ គោលការណ៍ ទាំងនេះផ្តល់ការណែនាំច្បាស់លាស់សម្រាប់ស្ថាប័នពាក់ព័ន្ធក្នុងការធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យ ប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
 
លោក​ យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ បានលើកឡើងថា  រដ្ឋាភិបាលមានការប្តេជា្ញចិត្តខ្ពស់ ក្នុងការលើកកម្ពស់ និងកែលម្អស្ថានភាពអាហារូបត្ថម្ភសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ពិសេសស្ត្រីស្ថិតក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំ។ ការលើកកម្ពស់ និងកែលម្អស្ថានភាពអាហារូបត្ថម្ភនេះ គឺរដ្ឋាភិបាលបានអនុវត្តតាមរយៈការផ្តល់លទ្ធភាពឱ្យពលរដ្ឋកម្ពុជា បានទទួលនូវសេវាអន្តរាគមន៍អាហារូបត្ថម្ភ ទាំងក្នុងបរិបទសុខាភិបាល និងក្នុងបរិបទពហុវិស័យ។​
 
ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលើវិស័យនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ​បានដឹកនាំសម្របសម្រួលរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ និងត្រៀមរៀបចំយុទ្ធសាស្ត្រជាតិលើកទី៣​ ឆ្នាំ២០២៤-២០២៨។ លោក​ យឹម ឆៃលី បានអះអាងថា៖ «ក្នុងយុទ្ធសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ យើងមានអាទិភាពនៃការសម្របសម្រួលវិស័យ៦ តែខ្ញុំគិតថា​​ វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ដែលគិតដល់អាហារូបត្ថម្ភ បានឈានមុខគេក្នុងការរៀបចំក្របខណ្ឌតួនាទីភារកិច្ចរបស់ខ្លួន  និងឯកសារពាក់ព័ន្ធនានាលើវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ​ និងពង្រឹងកិច្ចសហការ-សម្របសម្រួលជាមួយ​ ជាមួយដៃគូអភិវឌ្ឍ និងក្រសួងពាក់ព័ន្ធ»។ 
 
ការខិតខំប្រឹងប្រែងរដ្ឋាភិបាលបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវស្ថានភាព អាហារូបត្ថម្ភ និងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាលទ្ធផល អត្រាក្រិសក្រិនរបស់កុមារក្រោមអាយុ៥ឆ្នាំ បានធ្លាក់ចុះពី៣២ភាគរយក្នុងឆ្នាំ២០១៤ មកនៅត្រឹម២២ភាគរយក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ កម្ពុជាក៏មានភាពប្រសើរឡើងនូវការលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាលនៅទីជនបទ ដែលត្រូវបានកាត់បន្ថយពី ៩៨ភាគរយ ក្នុងឆ្នាំ ២០០០ មកត្រឹម ១៤ភាគរយនៅឆ្នាំ២០២២។ 
 
យោងតាមរបាយការណ៍នៃអង្កេតសុខភាព និង ប្រជាសាស្រ្តកម្ពុជាឆ្នាំ២០២១-២០២២ អត្រាគ្រួសារនៅជនបទមិនទទួលបានទឹកស្អាតប្រើប្រាស់អំឡុងរដូវប្រាំង នៅត្រឹមតែ១៥ភាគរយ ប៉ុណ្ណោះក្នុងឆ្នាំ២០២២៕
 
 

Tag:
 សុខភាព
  ទឹកស្អាតអនាម័យ
 ​កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com