អន្តរជាតិ
រុស្ស៊ី ចាប់ផ្ដើមពង្រាយនុយក្លេអ៊ែរនៅបេឡារុស
26, May 2023 , 10:16 am        
រូបភាព
រុស្ស៊ី ចាប់ផ្ដើមផែនការពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុស បើទោះជារងការរិះគន់ពីលោកខាងលិចក៏ដោយ។ មេដឹកនាំបេឡារុសផ្ទាល់ក៏បញ្ជាក់ដែរថា អាវុធរបស់រុស្ស៊ីចាប់ផ្ដើមដឹកចេញហើយដែរ។

 
ជាលើកដំបូងក្រោយការដួលរលំសហសូវៀតនៅឆ្នាំ១៩៩១ រុស្ស៊ីចាប់ផ្ដើមពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួននៅក្រៅប្រទេសនៅបេឡារុស។ ផែនការនេះត្រូវបានប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រកាសកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ដែលធ្វើឱ្យរុស្ស៊ីរងព្យុះរិះគន់យ៉ាងខ្លាំងពីសំណាក់អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
 
ពីទីក្រុងមីនស្កិ៍ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី Sergei Shoigu ប្រាប់សមភាគីបេឡារុសថា ក្រុមលោកខាងលិច ធ្វើសង្រ្គាមមិនប្រកាសប្រឆាំងរុស្ស៊ី និងបេឡារុស។ បើតាមលោក Shoigu លោកខាងលិច ធ្វើអ្វីគ្រប់យ៉ាងដើម្បីអូសបន្លាយជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន។ លោក Shoigu ក៏បានចុះហត្ថលេខាលើឯកសារជាមួយភាគីបេឡារុសជុំវិញការរក្សាទុកអាវុធមហាប្រល័យដែរ។
 
ឯប្រធានាធិបតីបេឡារុស Alexander Lukashenko និយាយពីទីក្រុងមូស្គូវិញថា​ អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ត កំពុងស្ថិតលើផ្លូវទៅរួចហើយតាមបញ្ជារបស់លោក ពូទីន។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ថា នុយក្លេអ៊ែរទាំងនោះទៅដល់ទឹកដីបេឡារុសហើយឬនៅឡើយ។
 
ដំណឹងពីការចល័តអាវុធនុយក្លេអ៊ែរនេះ ត្រូវបានទីក្រុងវ៉ាស៊ីនតោនប្រតិកម្មយ៉ាងខ្លាំង។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Matthew Miller និយាយថា ផែនការនេះជាឧទាហរណ៍ចុងក្រោយនៃអាកប្បកិរិយាគ្មានការទទួលខុសត្រូវរបស់រុស្ស៊ីចាប់តាំងពីការឈ្លានពានអ៊ុយក្រែន។ មន្រ្តីដដែលក៏បញ្ជាក់ជាថ្មីពីផលវិបាកបើរុស្ស៊ីប្រើអាវុធគីមី អាវុធជីវសាស្រ្ត ឬអាវុធនុយក្លេអ៊ែរក្នុងសង្រ្គាម៕
 

Tag:
 រុស្ស៊ី
  បេឡារុស
© រក្សាសិទ្ធិដោយ thmeythmey.com