ភ្នំពេញ៖ ពីគ្រូបង្រៀនកុំព្យូទ័រនៃអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា(MSC) លោក ខេង សុភ័ណ្ឌ បានក្លាយជាកីឡាករជម្រើសជាតិមួយរូប ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើប្រទេសកីឡាអេឡិចត្រូនិក (E-Sport) វិញ្ញាសា MOBILE LEGENDS: BANG BANG។ ដ្បិត កម្ពុជា ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏ធំមួយនេះ លោក សុភ័ណ្ឌ កំពុងខំប្រឹងយ៉ាងខ្លាំងក្នុងការហ្វឹកហាត់សមត្ថភាពជាមួយមិត្តរួមក្រុមទាំងយប់ទាំងថ្ងៃ។ កីឡាកររូបនេះ ត្រេកអរពេកពន់ ដែលមានឱកាសបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ដោយសង្ឃឹមថា ជនមានពិការភាពផ្សេងទៀតអាចមានកម្លាំងចិត្តតស៊ូ និងមិនបោះបង់ការខំប្រឹង។
ម៉ោងជាង១រសៀល គឺជាម៉ោងសម្រាកអាហារថ្ងៃត្រង់របស់លោក ខេង សុភ័ណ្ឌ និងមនុស្សប្រុស៥នាក់ដែលសុទ្ធតែមានពិការភាព។ អ្នកខ្លះស្វិតជើងទាំងសងខាង ក៏អង្គុយលើរទេះរុញ។ អ្នកខ្លះពិការដៃ និងអ្នកខ្លះទៀតពិការម្រាមដៃ។ ពួកគេកំពុងអង្គុយជុំគ្នាជុំវិញតុម៉ាបពណ៌ខ្មៅមួយ ហើយផ្តោតអារម្មណ៍ទៅលើកញ្ចក់ទូរសព្ទដៃរៀងៗខ្លួន។ ពួកគេកំពុងហ្វឹកហាត់កីឡាអេឡិចត្រូនិក (E-Sport)។ ពួកគេប្រើប្រាស់ម្រាមដៃដែលអាចកម្រើក ដើម្បីទាញ អូស ឆូត លើកម្មវិធីល្បែងកីឡា នៅលើកញ្ចក់ទូរសព្ទម៉ាក Xaomi យ៉ាងផ្ចិតផ្ចង់បំផុត។
លោក ខេង សុភ័ណ្ឌ និងមិត្តរួមក្រុម នៃវិញ្ញាសារMOBILE LEGENDS: BANG BANGលើកីឡាអេឡិចត្រូនិច(E-Sport) ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម
តាមធម្មតា សុភ័ណ្ឌ គឺជាគ្រូថ្នាក់កុំព្យូទ័រ និង៥នាក់ទៀតនោះ គឺជាសិស្ស នៅក្នុងអង្គការសាមគ្គីម៉ារីស្តកម្ពុជា (Marist Solidarity Cambodia) ទីដែលអ្នកកាសែតកំពុងជួបពួកគេនេះ។ ប៉ុន្តែក្នុងអំឡុងពេលជាង១០ថ្ងៃ មុនដល់ថ្ងៃបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃទី៣ខែមិថុនា អ្នកទាំង៦នាក់នេះ គឺជាអត្តពលិកជម្រើសជាតិប្រភេទកីឡាអេឡិចត្រូនិក លើវិញ្ញាសា MOBILE LEGEND: BANG BANG។ អត្តពលិកទាំងនេះរួមមាន៖ លោក ខេង សុភ័ណ្ឌ, លោក ជឹម ចន, លោក អ៊ុក វិរៈសត្យា, លោក វិចិត្រ សុខជា, លោក រឿន ចាន្នី និងលោក ជុក ភារៈ។ ពួកគេមានគ្រូបង្វឹកម្នាក់ឈ្មោះ កែវ ភោគសំបូរ។
ដំបូងឡើយ ពួកគេទាំងនេះបានស្គាល់កីឡាប្រភេទនេះ ហើយក៏ធ្លាប់លេងកម្សាន្តអារម្មណ៍នៅពេលពួកគេ ធុញថប់ក្នុងការសិក្សា និងការងារ។ ក្រោយពីបានទទួលដំណឹងអំពីការជ្រើសរើសអត្តពលិក កីឡាអេឡិចត្រូនិក សុភ័ណ្ឌ ដែលជាគ្រូថ្នាក់កុំព្យូទ័រ បានបានផ្សព្វផ្សាយ និងជំរុញឱ្យសិស្សរបស់លោកចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ។ គ្រូថ្នាក់កុំព្យូទ័រ ក៏លួចគិត និងមានបំណងចូលរួមដូចគ្នាដែរ។ ទីបំផុត លោកសុភ័ណ្ឌក៏សម្រេចចិត្តចុះឈ្មោះចូលរួមប្រកួត ហើយក៏ត្រូវបានជ្រើសរើសឱ្យធ្វើជាអត្តពលិកថ្នាក់ជាតិជាមួយកូនសិស្សរបស់លោក៥នាក់ទៀតតែម្ដង។
លោក ខេង សុភ័ណ្ឌ អំឡុងពេលហ្វឹកហាត់ ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម។
នៅពេលខ្ញុំ (អ្នកកាសែតថ្មីៗ) សួរអំពីអារម្មណ៍ដែលបានក្លាយជាអត្តពលិករបស់ជាតិ លោក សុភ័ណ្ឌ ឆ្លើយតបយ៉ាងលឿនទាំងរំភើបយ៉ាងដូច្នេះ៖««សប្បាយ សប្បាយមែនទែន រកពាក្យថ្លែងមិនចេញទេ»។ លោក សុភ័ណ្ឌ បន្តទៀតថា៖«បកស្រាយពីអារម្មណ៍មួយនេះមិនចេញទេ តែដឹងត្រឹមថាខ្លួនឯងមានអារម្មណ៍សប្បាយរីករាយ រំភើប។ រំភើបខ្លាំង ដោយសារខ្លួនឯងពិការ ហើយពិការធ្ងន់ធ្ងរទៀត។ បើមិនមានរទេះ គឺនៅតែមួយកន្លែងទេ។ មិនអាចធ្លាស់ប្តូរទីកន្លែងខ្លួនឯងបាន។ ប៉ុន្តែ ឥឡូវខ្ញុំអាចបង្ហាញសមត្ថភាព ចូលរួមលើកស្ទួយមុខមាត់ប្រទេសជាតិដែរ។»។
ធ្លាប់តែបាក់ទឹកចិត្ត ធ្លាប់តែតូចចិត្ត និងព្យាយាមធ្វើការដើម្បីតែជីវភាពផ្ទាល់ខ្លួន នៅពេលនេះ លោក ខេង សុភ័ណ្ឌ បានក្លាយជាបុគ្គលតំណាងមាតុភូមិរបស់ខ្លួនយ៉ាងមោទនៈ។ វាជាសម្ពាធមួយសម្រាប់មនុស្សមានពិការភាពដូចសុភ័ណ្ឌ។ ប៉ុន្តែសុភ័ណ្ឌបានប្ដេជ្ញាចិត្តរួចហើយ ថាលោកនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។
រាងកាយនៅលើរទេះបញ្ជារ។ ចំណែកទូរសព្ទ ដែលជាឧបករណ៍ចម្បងក្នុងការប្រកួត ត្រូវដាក់នៅលើតុ កម្ពស់ទ្រូង។ ដៃស្តាំរបស់កីឡាកររូបនេះ មិនអាចកាន់ទូរសព្ទដៃបានឡើយ ដូច្នេះមានតែដៃឆ្វេងម្ខាងប៉ុណ្ណោះ ហើយលោកប្រើប្រាស់មេដៃច្រើនជាងគេសម្រាប់លេង។ ទោះជាមានការលំបាកយ៉ាងនេះក្តី តែលោក សុភ័ណ្ឌ មិនបាក់ទឹកចិត្ត និងកាន់តែខំប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែប្រសើរ។
លោក ខេង សុភ័ណ្ឌ អំឡុងពេលហ្វឹកហាត់ ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម។ រូបភាពពី៖ ASEAN Esports Cambodia
លោក សុភ័ណ្ឌ បានរៀបរាប់បន្តប្រាប់អ្នកកាសែតថ្មីំៗ៖«ពីរបីថ្ងៃដំបូងពិបាកបន្តិច ប៉ុន្តែក្រោយមកខ្ញុំចេះតែព្យាយាមដោយគិតថា ខ្លួនឯងត្រូវធ្វើឱ្យបាន មិនទម្លាក់ចោលទេ។ ខ្ញុំចង់បង្ហាញពីសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំចង់ឱ្យគេដឹងថា ខ្ញុំពិការមែន ប៉ុន្តែក៏មានសមត្ថភាពដូចអ្នកដើររួច។ ទាំងអស់គ្នាមិនត្រូវបាក់ទឹកចិត្តទេ»។
ហេតុអ្វីកីឡាកររូបនេះ មានពិការភាព?
កើតក្នុងឆ្នាំ ១៩៨៩ លោក ខេង សុភ័ណ្ឌ ជាអ្នកស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបានប្តូរមករស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយមានពិការភាព។ សុភ័ណ្ឌ ជាកុមារម្នាក់ ដែលកើតមកមានកាយសម្បទាគ្រប់គ្រាន់ដូចក្មេងឯទៀតដែរ។ នៅឆ្នាំ១៩៩២ កុមារជាច្រើន រួមទាំង សោភ័ណ ត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃ-ជើង តែជាអកុសល ក្រោយចាក់វ៉ាក់សាំង កុមាររូបនេះ ប្រែជាមិនអាចដើរបាន។
លោក ខេង សុភ័ណ្ឌ អំឡុងពេលរៀនកុំព្យូទ័រនៅឆ្នាំ២០០៧។ រូបភាពដោយ៖ លោក ខេង សំណាង
វាប្រៀបដូចជាសុបិនដ៏អាក្រក់មួយសម្រាប់ សុភ័ណ្ឌ ដែលគ្រប់យ៉ាងបានផ្លាស់ប្តូរលើសពីការស្មាន និងសោកស្តាយបំផុត។ វ័យដែលកំពុងរីករាយជាមួយជីវិតកុមារភាព បែរជាមកអង្គុយមួយកន្លែង មិនអាចរត់លេងបានដូចក្មេងឯទៀត ជាពិសេសត្រូវផ្លាស់ទីដោយសារការលើកដាក់ចុះឡើង របស់សាច់ញាតិបងប្អូន។
«នៅក្មេងច្រណែនគេដែរ គេដើរលេងបាន។ ចង់លេងជាមួយគេ ក៏លេងអត់កើត ហើយពេលនោះអារម្មណ៍ខ្លួនឯងគឺ ស្រ្តេសខ្លាំងមែនទែន»។ កីឡាកររូបនេះ បានរម្លឹកពីជីវិតកុមារភាពដូច្នេះ ជាទឹកមុខសោកសៅ ដែលខំទប់អារម្មណ៍មុខអ្នកសម្ភាស។ ទោះលោកមិនអាចដើរបាន តែលោកចូលចិត្តមើលទូរទស្សន៍ដើម្បីកម្សាន្តអារម្មណ៍ ដែលនេះជាហេតុ ធ្វើឱ្យលោកមានចាប់ចិត្តចង់រៀនភាសាអង់គ្លេសជាខ្លាំង។
សិស្សានុសិស្សរបស់លោកគ្រូ ខេង សុភ័ណ្ឌ ក្នុងថ្នាក់កុំព្យូទ័រនៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា(MSC)
នៅឆ្នាំ២០០១ លោក ខេង សុភ័ណ្ឌ ត្រូវបានអង្គការមួយយកទៅបណ្តុះបណ្តាលចំណេះទូទៅ។ ការណ៍នេះ ជាកម្លាំងចិត្តដ៏ធំសម្រាប់លោក ក្នុងការខំប្រឹងអភិវឌ្ឈសមត្ថភាព ទោះខ្លួនមានពិការភាព ក៏មិនបោះបង់។ ជីវិតប្រែប្រួល រាងកាយផ្លាស់ប្តូរ បានប៉ះពាល់ផ្លូវចិត្ត សុភ័ណ្ឌ ជាខ្លាំងរួចទៅហើយ តែពាក្យសម្តីមនុស្សជុំវិញខ្លួនមួយចំនួន ក៏បានធ្វើឱ្យលោកមានអារម្មណ៍កាន់តែពិបាកបន្ថែម។ ជាការពិតណាស់ ការផ្លាស់ទីដែលត្រូវពឹងផ្អែកលើអ្នកដទៃ ពិតជាមិនងាយស្រួល ជាពិសេសនៅពេលលោកចាប់ផ្តើមឡើងគីឡូរ ពិបាកលើក ហើយពិការភាពរបស់លោកកាន់តែធ្ងន់ធ្ងរ។
«ឧបសគ្គខ្លាំងបំផុត គឺនៅពេលរៀនចប់ថ្នាក់ទី៦ ក៏មានរឿងខ្លះ ដែលគេថា យើងមានអាយុច្រើនហើយ ព្រោះពេលនោះខ្ញុំអាយុចូល ១៨ ឬ១៩ឆ្នាំហើយ។ គាត់ថាអាចចាប់ជំនាញបាន ក៏ចាប់ទៅ មិនបាច់រៀនទៀតទេ ប៉ុន្តែខ្ញុំជម្នះពាក្យនោះ។ ពេលខ្លះគេលើកខ្ញុះធ្ងន់ គេនិយាយលេងថា ពេលឈប់រៀន ពេលណាស្លាប់បាត់»។ លោក ខេង សុភ័ណ្ឌ បានរៀបរាប់ដូច្នេះនូវពាក្យសម្តីមួយចំនួន ដែលប៉ះពាល់អារម្មណ៍ ដោយលោកមិនអាចធ្វើអ្វីបានក្រៅពីញញឹមតបទៅគេវិញ។
រហូតដល់ឆ្នាំ២០០៧ លោកត្រូវបានអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា(MSC) ទទួលយកទៅបណ្តុះបណ្តាល ជាពិសេសលោកបានសម្រេចបំណងរៀនភាសាអង់គ្លេស ដែលបានប៉ងជាយូរមកហើយ។ មិននឿយហត់នឹងការសិក្សា លោកបានចាប់យកជំនាញកុំព្យូទ័របន្ថែមទៀត ទុកជាទុនសម្រាប់ធ្វើការចិញ្ចឹមជីវិតនៅពេលអនាគត។ ជាចៃដន្យ លោកត្រូវបានជ្រើសរើសឱ្យធ្វើជាគ្រូបង្រៀនកុំព្យូទ័រនៅអង្គការផ្ទាល់ ក្រោយគ្រូបង្រៀនចាស់លាឈប់។
ពិភពលោកមួយនេះ មិនបានចិត្តអាក្រក់ចំពោះលោក ខេង សុភ័ណ្ឌ រហូតឡើយ ដោយលោកក៏បានជួបមនុស្សល្អៗជាច្រើន ដែលតែងជួយលើកលោក នៅពេលមិនទាន់មានរទេះបញ្ជា។ អំឡុងឆ្នាំ ២០០៧ ដល់ ២០០៩ ជាពេលដែលលោកខំប្រឹងខ្លាំងបំផុត ទាំងការបង្រៀន និងឆ្លៀតរៀនសូត្រខ្លួនឯងបន្ថែម។ លោកបានព្យាយាម រហូតអាចមានការងារល្អ ជាមនុស្សម្នាក់ ដែលបណ្តុះបណ្តាលមនុស្សជាច្រើននាក់ ឱ្យមានសមត្ថភាព ជំនាញ និងចំណេះ។
ក្រឡេកមើលទៅប៉ុន្មានឆ្នាំក្រោយ លោក ខេង សុភ័ណ្ឌ បានថ្លែងពីអារម្មណ៍មោទកភាពដូច្នេះថា៖« ខ្ញុំមានអារម្មណ៍ថា ការខំប្រឹងប្រែងរបស់ខ្ញុំមិនមែនអត់បានការទេ។ បើខ្ញុំបោះបង់ ខ្ញុំអាចបរាជ័យទាំងអស់ ហើយរាល់ថ្ងៃ ខ្ញុំអាចនឹងនៅផ្ទះ ឬក៏អាចសុំទានតាមផ្លូវផងក៏មិនដឹង។ តែរាល់ថ្ងៃ ខ្ញុំបង្រៀនសិស្ស មានមនុស្សជាច្រើនចាំស្តាប់សម្តីខ្ញុំ អ៊ីចឹង ខ្ញុំមានខ្លួនឯងមានមោទកភាពណាស់»។
ទន្ទឹមនឹងមានភាពរីករាយចំពោះសមិទ្ធផលខ្លួនឯង លោកក៏មិនភ្លេចផ្ញើសារលើកទឹកចិត្តដល់បងប្អូន ដែលមានពិការភាពផងដែរ។ ជនមានពិការភាព ទោះមិនមានកាយសម្បទាដូចគេធម្មតា តែក៏មានតម្លៃ និងមានសមត្ថភាពពិសេស ដូចមនុស្សគ្រប់គ្នាដែរ។ លោកជំរុញឱ្យបងប្អូនទាំងអស់មានភាពជឿជាក់ និងមិនបោះបង់ខ្លួនឯង ដោយសារពិការភាព និងសម្តីមនុស្សមួយចំនួនតូច។
«បងប្អូនពិការទាំងអស់ ពិការភាពរបស់ពួកយើងនេះ ស្ថិតក្នុងខ្សែភ្នែកអ្នកដទៃតែងតែមិនល្អ អ្នកខ្លះគេចូលចិត្ត អ្នកខ្លះស្អប់ ឬក៏គេធ្វើតម្រាប់តាម គេដៀលត្មិះយើង។ ប៉ុន្តែត្រូវចាំថា បើយើងឱ្យតម្លៃខ្លួនឯងខ្ពស់ ពិភពលោកទាំងអស់នឹងមើលឃើញយើងខ្ពស់ សម្តីអ្នកដទៃគ្រាន់តែជាទឹកហូរកាត់ត្រចៀកយើងទេ។ បើវាជាទឹកស្អុយ យើងឱ្យវាហូរតាមត្រចៀកឆ្វេង ចេញតាមត្រចៀកស្តាំទៅ។ ខ្ញុំចង់ឃើញអ្នកទាំងអស់គ្នាមាំមួនឡើង កុំបោះបង់ក្តីស្រមៃអ្នកទាំងអស់គ្នានៅត្រឹមតែជាជីវិតមួយ ដែលគ្មានតម្លៃ។ មើលឱ្យឃើញផ្លូវដើរក៏ល្អៗ»។ នេះជាពាក្យពេចន៍ ដែលលោក ខេង សុភ័ណ្ឌ គ្រូបង្រៀនកុំព្យូទ័រ និងជាកីឡាករជម្រើសជាតិវិញ្ញាសា MOBILE LEGENDS: BANG BANG ផ្ញើជូនបងប្អូនមានពិការភាព៕