ភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២(CIFF) នឹងបង្ហាញភាពយន្តមកពី៣៤ប្រទេស ដែលមានភាពយន្តសរុប១៤៤រឿង ពីកម្ពុជានិងពិភពលោក ដែលមានភាពយន្តខ្លីៗ និងខ្សែភាពយន្ត ខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល មកចាក់បញ្ចាំងជូនសាធារណជន ចាប់ពីថ្ងៃទី៣០ ខែឧសភា រហូតដល់ថ្ងៃទី៤ ខែមិថុនា។
ភាពយន្តចំនួន១៤០រឿង និងកម្មវិធីផ្សេងៗ នឹងចាក់បញ្ចាំង ដោយឥតគិតថ្លៃ នៅតាមបណ្ដារោង ភាពយន្តធំៗ និងនៅកន្លែងពិសេសៗមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ ដូចជារោងភាពយន្តលេជេន រោងភាពយន្តម៉េជឺស៊ីនេភ្លិច វិទ្យាស្ថានបារាំងមជ្ឈមណ្ឌលបុប្ផាណា សណ្ឋាគាររ៉ូសវូដភ្នំពេញ និងស៊ីណេហាប់។
តារាហូលីវូដលោក Matt Dillon នឹងចូលរួមគាំទ្រ CIFF លើកទី១២ ក្នុងនាមជាប្រធានកិត្តិយសមួយរូប។ ដើម្បីភ្ជាប់ទំនាក់ទំនងសារជាថ្មីម្ដងទៀត ជាមួយប្រទេសកម្ពុជា អ្នកដឹកនាំរឿងជនជាតិអាមេរិករូបនេះ នឹងនាំយកភាពយន្តរន្ធត់ព្រឺព្រួចរបស់លោក “ទីក្រុងខ្មោច” ដែលបានផលិត និងថតក្នុងឆ្នាំ២០០២ នៅប្រទេសកម្ពុជា ត្រឡប់មកវិញ ហើយរឿងនេះនឹងដើរតួជាភាពយន្តបិទមហោស្រព។
តារាហូលីវូដលោក Matt Dillon ប្រធានកិត្តិយស មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ និងជា អ្នកដឹកនាំរឿង “ ទីក្រុងខ្មោច ” (រូប ផ្ដល់ ឱ្យ )
ប្រធានកិត្តិយសលោក Matt Dillon បានលើកឡើងថា CIFF ជាកម្មវិធីដ៏មានសារៈសំខាន់បំផុត សម្រាប់សមិទ្ធករភាពយន្តកម្ពុជា និងសមិទ្ធករភាពយន្តមកពីជុំវិញពិភពលោក ក៏ព្រោះតែនេះជាប្រភេទមហោស្រព ដែលដើរតួនាទីយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍន៍វិស័យភាពយន្ត។ លោកថា លោកពិតជារំភើបចិត្ត ដែលក្លាយជាចំណែកមួយ នៃមហោស្រពដ៏អស្ចារ្យមួយនេះ។ អ្នកដឹកនាំរឿង “ទីក្រុងខ្មោច”រូបនេះ ក៏បានរំលឹកថា ការថតរឿង “ទីក្រុងខ្មោច” នៅក្នុងប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជីវិតរបស់លោក។
« ប្រទេសកម្ពុជា គឺជាកន្លែងវិសេសមួយសម្រាប់ខ្ញុំ។ ទីនេះជាដែនដីដ៏មានជីជាតិ សម្រាប់ភាពច្នៃប្រឌិត។ វាពិតជារឿងអស្ចារ្យណាស់ ដែលឃើញថា វិស័យភាពយន្តកម្ពុជា បានវិវឌ្ឍន៍ទៅជាឧស្សាហកម្មមួយជឿនលឿន។ ខ្ញុំទន្ទឹងរង់ចាំមើលថា តើសមិទ្ធករភាពយន្ត ក្មេងៗទាំងអស់ នឹងមានអ្វីប្លែកនាពេលអនាគត»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Matt Dillon។
ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា បានលើកឡើងថា មានភាពយន្តជាច្រើន បានដាក់ស្នើចូលរួមក្នុង មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ប៉ុន្តែមហោស្រពបានសម្រិតសម្រាំងយកតែជាង១០០រឿងប៉ុណ្ណោះ។ លោកថា ភាពយន្តគឺជាទម្រង់សិល្បៈពិសេសមួយ ដែលអាចឱ្យសាធរណជនយល់បាន តាមរយៈអារម្មណ៍។
លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា
លោកបន្ថែមទៀតថា ការនាំយកភាពយន្តបរទេសមកបង្ហាញនៅកម្ពុជា ក៏អាចជួយឱ្យសមិទ្ធករភាពយន្តកម្ពុជា ក្រឡេកមើលទៅពិភពលោក ថាគេកំពុងក្រឡេកមើលអ្វី និងផលិតភាពយន្តដល់ណាហើយ ហើយនោះក៏ជាកញ្ចក់ឆ្លុះបញ្ចាំងមួយ ដល់យុវជននិងអ្នកផលិតកុននៅកម្ពុជា។
លោក ជា សុភាព បន្ថែម៖«ការនាំយកភាពយន្តបរទេសមកបញ្ចាំងនៅកម្ពុជា គឺជាការបង្ហាញពីភាពចម្រុះ នៃការភ្លក់រស់ជាតិភាពយន្ត ភាពចម្រុះនៃការភ្លក់រស់ជាតិវប្បធម៌ ភាពចម្រុះនៃការភ្លក់រស់ជាតិទំនៀមទម្លាប់រស់នៅ របស់ប្រទេសផ្សេងៗ។ យើងចង់លើកកម្ពស់ ការយល់ដឹងរបស់ទស្សនិកជនក្នុងស្រុក អំពីអ្វីដែលពិភពលោកកំពុងក្រឡេកមើលដូចគ្នា។ យើងអាចចូលរួមលើកកម្ពស់ ការយល់ដឹងរបស់ទស្សនិកជន ដើម្បីជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ និងការបំពុលបរិស្ថាន ដែលពិភពលោកកំពុងប្រឈម»។

មហោស្រពនេះ ក៏នឹងបង្ហាញភាពយន្តចុងក្រោយបង្អស់មួយចំនួន ដែលបានផលិតនៅក្នុងប្រទេសកម្ពុជាផងដែរ។ រឿងទាំងនោះរួមមាន “អ្នកការពារដៃឆៅ” ដោយ ជីមី ហេនឌើសិន។ “អូណូដា” ដោយ អរធើ ហារ៉ារី និងភាពយន្តខ្លីៗល្អបំផុត ក្នុងប្រទេសកម្ពុជា។ បន្ថែមពីនោះមហោស្រព ក៏មានកម្មវិធីពិសេសៗ ជារៀងរាល់ថ្ងៃ ដែលនឹងបង្ហាញពីប្រធានបទមួយចំនួន ដូចជាការបង្ហាញពីអ្នកជំនាញអាហ្វ្រិក ប្រវត្តិសាស្ត្រភាពយន្តកម្ពុជា និងភាពយន្តមួយចំនួនទៀត ដែលបានផលិតអំពីឯករាជកម្ពុជា បង្ហាញតាមរយៈទស្សនៈផ្សេងៗគ្នា ដូចជាភាពយន្ត”កងអនុសេនាតូចទី៣១៧” ដោយ Pierre Schoendoerffer ដែលត្រូវបានថតទាំងស្រុងនៅកម្ពុជា នាទសវត្សរ៍ទី៦០ តែពុំទាន់បានចាក់បញ្ចាំងនៅកម្ពុជាឡើយ។
កម្មវិធីនេះក៏នឹងផ្ដល់ជូននូវការគោរព ដ៏ថ្លៃថ្លាចំពោះរបាំប្រពៃណីខ្មែរ និងព្រះនាងបុប្ផាទេវី ក្នុងខ្សែភាពយន្ត “ទេពហត្ថា” ដោយ Xavier de Lauzanne និងភាពយន្ត “បុប្ផាទេវី តួអប្សរាដំបូង” ដោយ Christophe Gargiulo។
កម្មវិធី“ពិភពលោកដ៏គួរឱ្យភ័យខ្លាច” គឺជាការបង្ហាញភាពយន្តរន្ធត់ ដែលត្រូវបានផលិតនៅទូទាំងពិភពលោក និងប្រទេសកម្ពុជា។ ភាពយន្តក្នុងស្រុកដូចជា “កំណើតអរូប” ដោយ សែម វិសាល។ “១២ង” ដោយ លៀក លីដា នឹងត្រូវបញ្ចាំងស្របពេលជាមួយនឹងភាពយន្ត ម៉ាឡេស៊ីថ្មីបំផុត “កោះភូឡោ”ដោយ អ៊ីយូ ហូ និងភាពយន្តជប៉ុន “នៅក្នុងព្រៃ” ដោយ ហ៊ីឌីអូ ណាកាតា និងភាពយន្តជាច្រើនទៀត។

ក៏មានការបង្ហាញភាពយន្តអូស្ត្រាលី លក្ខណៈសាសនាចំនួន៣រឿងដែរ គឺរឿង “សាច់ញតិ” ដោយ ថូនី វីលៀមស៍(១៩៨២)។ “រលកចុងក្រោយ” ដោយ ភីធើ វា និងរឿង “អមតៈ” ដោយ មៃខល និងភីធើ ស្ពៀរីក (២០០៣)។
ភាពយន្ត “រលកចុងក្រោយ” នឹងត្រូវបានបើកសម្ពោធដោយ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Justin Whyatt ។ ចំណែកឯភាពយន្ត “អមតៈ” នឹងត្រូវបានបញ្ចាំងជាផ្នែកមួយនៃយប់ដំបូងនៃ “រាត្រីព្រឺព្រួច” របស់ CIFF។
“រាត្រីព្រឺព្រួច” គឺជារាត្រីពិសេសមួយ ដែលប្រមូលផ្ដុំទៅដោយ ការចាក់បញ្ចាំងភាពយន្តភ័យរន្ធត់ ចាប់ពីពេលល្ងាច រហូតដល់ភ្លឺ នៅរោងភាពយន្តលេជេន សាខាអេដេនហ្គាដិន។
CIFF ក៏នឹងបង្ហាញទិដ្ឋភាពកម្ពុជា ដែលនឹងរួមមានភាពយន្តចំនួន១១រឿង ក្នុងនោះគឺរឿង “បងប្អូនប្រុស៣នាក់” ដោយ សុខ ចាន់រ៉ាដូ។ “រសជាតិអាថ៌កំបាំង” ដោយ សួន ហ្គីយ៉ូម។
“ស្ដេចដូណាត់” ដោយ អាឡាយស៍ ហ្គូ។ “ឆ្នាំទន្សាយ” ដោយ អាគីរ៉ា ម៉ូរីតា និង “ស៊ីនាង” ដោយក្លឌីន អូខែមប៉ូ។ ក៏មានការបង្ហាញ”កម្ពុជាជាខ្លី១និង២” ផងដែរ ដែលរួមមានភាពយន្តខ្លីៗដ៏អស្ចារ្យមួយចំនួន នៅកម្ពុជា ដែលត្រូវបានផលិតដោយផលិតករភាពយន្តក្នុងស្រុក ជនភៀសខ្លួនកម្ពុជា និងផលិតករភាពយន្តបរទេស មកពីប្រទេសបារាំង និងសហរដ្ឋអាមេរិក។
ក៏មានការបង្ហាញពីរឿងព្រេងនៃពិភពលោក ដែលរឿងទាំងនោះជាកម្រងភាពយន្តអន្តរជាតិ ទទួលបានការកោតសរសើរ អំពីការនិទានរឿងយ៉ាងប្លែកៗ គឺរឿង “ភាពស្លូតត្រង់” ដោយ ឡូវិស ហ្គារេល។ “ឪពុកនិងទាហាន” ដោយម៉ាថាយ វ៉ាឌីភី។ “ការថតចុងក្រោយ” ដោយមីសែល ហាហ្សាណាវីស៊ីស និង “វិលវិញសេអ៊ូល” ដោយ ដេវី ជូ។
ការសម្ភោធបើកមហោស្រព ភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នឹងប្រព្រឹត្តឡើងនៅរោងភាពយន្ត លេជេនអូឡាំព្យានៅថ្ងៃទី៣០ ខែឧសភា(ចូលរួមដោយការអញ្ជើញប៉ុណ្ណោះ)។ ចំណែកកម្មវិធីបិទ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា នៅទីតាំងដដែល។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាមហោស្រពអន្តរជាតិ និងកម្មវិធីវប្បធម៌ធំជាងគេបំផុតនៅប្រទេសកម្ពុជា។ បង្កើតឡើងនៅឆ្នាំ២០១០ កម្មវិធីនេះដើរតួជាអ្នកជំរុញគំនិតផ្ដួចផ្ដើម ក្នុងវិស័យភាពយន្តដែលប្រមូលផ្ដុំអ្នកចូលរួមជាង ៣០,០០០នាក់ក្នុងមួយឆ្នាំ។ CIFF ក៏ដើរតួជាស្ពានរវាងកម្ពុជានិងពិភពលោក តាមរយៈភាសាភាពយន្ត និងវប្បធម៌។ CIFF ក៏បានជំរុញការចរាចរភាពយន្តក្នុងតំបន់ និងលើកកម្ពស់ផលិតកម្មកម្ពុជាផងដែរ៕