សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់ ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចជាផ្លូវការ​
26, May 2023 , 11:42 am        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
ទិន្នន័យដែលបានចេញផ្សាយថ្មីបង្ហាញថា GDP របស់អាល្លឺម៉ង់ក្នុងត្រីមាសទីមួយបានធ្លាក់ចុះខ្លាំង បើធៀបនឹងត្រីមាសមុន ដែលបណ្តាលឱ្យសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចជាផ្លូវការតាមកម្រិតបច្ចេកទេស។

 
បើតាមនាយកដ្ឋានស្ថិតិអាល្លឺម៉ង់ Destatis នៅថ្ងៃទី ២៥ ខែឧសភា ផលិតផលក្នុងស្រុកសរុប (GDP) របស់អាល្លឺម៉ង់បានធ្លាក់ចុះ០,៣ភាគរយក្នុងរយៈពេលបីខែដើមឆ្នាំ២០២៣ ខណៈនៅត្រីមាសទី៤ ឆ្នាំ២០២២ សេដ្ឋកិច្ចអាល្លឺម៉ង់ក៏បានធ្លាក់ចុះ០,៥ភាគរយផងដែរ។
 
អ្នកជំនាញបានលើកឡើងថា ព័ត៌មាននេះមិនគួរឱ្យភ្ញាក់ផ្អើលពេកនោះទេ ដោយសារតែផលិតកម្មឧស្សាហកម្មរបស់អាល្លឺម៉ង់ក្នុងខែមីនា ឆ្នាំ២០២៣ បានកត់ត្រាការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល១២ខែ។ បើតាមកម្រិតបច្ចេកទេស ការដែល GDP ធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នា សេដ្ឋកិច្ចអាល្លឺម៉ង់បានធ្លាក់ចូលទៅក្នុងវិបត្តិហើយ។ 
 
អតិផរណាបានបន្តដាក់បន្ទុកលើសេដ្ឋកិច្ចអាល្លឺម៉ង់នៅដើមឆ្នាំនេះ។ ការចំណាយរបស់គ្រួសារដែលបានធ្លាក់ចុះ ១,២ភាគរយនៅក្នុងត្រីមាសទីមួយធៀបនឹងត្រីមាសមុន។ ការស្ទាក់ស្ទើររបស់មនុស្សក្នុងការទិញទំនិញនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣ បានកាត់បន្ថយការចំណាយលើអាហារ ទឹក សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសង្ហារឹម បើប្រៀបធៀបទៅនឹងត្រីមាសមុន។
 
ទន្ទឹមនេះការលក់រថយន្តក៏បានធ្លាក់ចុះផងដែរ នៅពេលដែលអាល្លឺម៉ង់បានកាត់បន្ថយការឧបត្ថម្ភធនសម្រាប់ការទិញរថយន្តកូនកាត់ និងអគ្គិសនីចាប់ពីដើមឆ្នាំ ២០២៣។ ការចំណាយរបស់រដ្ឋាភិបាលក៏បានធ្លាក់ចុះ ៤,៩ភាគរយផងដែរ។
 
ក្រៅពីនេះ សកម្មភាពពាណិជ្ជកម្មបានជះឥទ្ធិពលដល់សេដ្ឋកិច្ច ដោយសារការនាំចូលរបស់អាល្លឺម៉ង់បានធ្លាក់ចុះ ០,៩ភាគរយ ខណៈពេលដែលការនាំចេញកើនឡើងតែ ០,៤ភាគរយប៉ុណ្ណោះ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣។
 
នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ ទិន្នផលផលិតកម្មបានកើនឡើង២ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសមុន ប៉ុន្តែការធ្លាក់ចុះនេះគឺជាក់ស្តែងនៅក្នុងខែមីនា ឆ្នាំ២០២៣  ហើយរដ្ឋាភិបាលអាល្លឺម៉ង់ព្យាករថា សេដ្ឋកិច្ចអាល្លឺម៉ង់នឹងកើនឡើង ០,៤ភាគរយសម្រាប់ឆ្នាំ ២០២៣។
 
ចំណែកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា អាល្លឺម៉ង់នឹងក្លាយជាប្រទេសដែលមានដំណើរការសេដ្ឋកិច្ចខ្សោយបំផុតនៃបណ្តាប្រទេសធំៗលើពិភពលោកក្នុងឆ្នាំ ២០២៣ ។ GDP អាល្លឺម៉ង់នឹងធ្លាក់ចុះ ០,១ភាគរយនៅឆ្នាំនេះ ៕
 

Tag:
 អាល្លឺម៉ង់
  វិបត្តិសេដ្ឋកិច្ច
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com