ជាតិ
សង្គមជាតិ
បុរសម្នាក់ស្លាប់ ដោយសារក្រពើប្រហារ ពេលទៅទាក់ក្រពើ ដើម្បីយកពង
26, May 2023 , 12:09 pm        
រូបភាព
ទីតាំងកន្លែងចិញ្ចឹមក្រពើ ដែលកើតហេតុបណ្ដាលឱ្យបុរសម្នាក់ស្លាប់ ក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។
ទីតាំងកន្លែងចិញ្ចឹមក្រពើ ដែលកើតហេតុបណ្ដាលឱ្យបុរសម្នាក់ស្លាប់ ក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។
ភ្នំពេញ៖ បុរសម្នាក់វ័យប្រមាណ៧០ឆ្នាំ បានស្លាប់ដោយសារធ្លាក់ចូលក្នុងអាងក្រពើខ្លួន ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់សៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ។ បើតាមការអះអាងរបស់អាជ្ញាធរ ករណីរបស់បុរសខាងលើនេះស្លាប់ដោយសារខ្លួនចុះទៅទាក់ក្រពើញី ដើម្បីយកពង តែត្រូវធ្លាក់ចូល និងត្រូវក្រពើវាយប្រហារ។



ជុំវិញហេតុការណ៍ដ៏អាក្រក់នេះ ត្រូវបានលោកចៅសង្កាត់សៀមរាប ម៉ៃ សាម៉េត អះអាងថា បុរសចំណាស់នោះទៅមើលអាងចិញ្ចឹមក្រពើរបស់ខ្លួន តែជាអកុសលបុរស នោះត្រូវបានធ្លាក់ចូលក្នុងអាង ដោយសារខ្សែទាក់ក្រពើនោះដាច់។ 
 
ការអះអាងរបស់ លោកចៅសង្កាត់ គឺយោងតាមការសន្និដ្ឋានរបស់ពលរដ្ឋអ្នកចិញ្ចឹមក្រពើដូចគ្នា។ ការសន្និដ្ឋានរបស់អ្នកចិញ្ចឹមនោះ គឺសំអាងទៅលើភស្ដុតាង នៅកន្លែងកើតហេតុដែលបន្សល់នូវពងក្រពើរាយប៉ាយចេញពីទ្រុង។ 
 
លោកពន្យល់ទៀតថា៖«ជាធម្មតាអ្នកចិញ្ចឹមក្រពើ ពេលឃើញពងក្រពើគេទាក់មេវាចេញ ហើយគេបិទទ្រុង ហើយគេរើសពងយកមកទុកភ្ជាស់។ ប៉ុន្តែតាមសម្ដីរបស់បងប្អូនដែលចិញ្ចឹមក្រពើ គឺប្រហែលពេលគាត់ទាក់ក្រពើនោះ គឺដាច់ខ្សែ ហើយគត់ផ្ងារពោះធ្លាក់ពីស្ពាន ហើយស្ពាននោះក៏អត់មានបង្កាន់ដៃដែរ»។ 
 
លោកបន្តថា នៅពេលបុរសនោះធ្លាក់ចូលក្នុងអាងនោះ ត្រូវបានក្រពើត្របាក់ បណ្ដាលឱ្យដាច់ដៃទាំងសងខាង រងរបួសធ្ងន់ត្រង់ពោះ និងស្នាមពេញខ្លួន។ ក្រោយប្រពន្ធបានដឹងហេតុការណ៍នោះ បុរសនោះបានស្លាប់ បន្ទាប់ពីគេជួយយកចេញពីអាង។ 
 
យ៉ាងណាមិញ ករណីពលរដ្ឋស្លាប់ដោយសារក្រពើក្នុងខេត្តសៀមរាបនេះ មិនមែនទើបកើតឡើងនោះទេ​។ កន្លងមកក៏មានករណីកុមារីអាយុ២ឆ្នាំម្នាក់ ស្លាប់ដោយសារធ្លាក់ចូលក្នុង​អាងក្រពើ និងត្រូវក្រពើស៊ីជាអាហារ សល់តែលលាដក្បាល កាលពីឆ្នាំ២០១៩កន្លងទៅ៕ 
 

Tag:
 ThmeyThmey
  ក្រពើ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com