ជាតិ
​​​ន​យោ​បាយ​ជាតិ​
មិនឲ្យភ្លើងទៀនចូលប្រកួត៖ អាម៉េរិក សុំឲ្យស្ថាប័នមានសមត្ថកិច្ចកម្ពុជា កែប្រែឡើងវិញ
26, May 2023 , 1:09 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ 

ថ្វីបើការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ (កម្ពុជា) ជាសេចក្តីសម្រេចបិទផ្លូវតវ៉ា និងមិនអាចកែប្រែបាន មហាអំណាចអាម៉េរិក នៅតែព្យាយាមដាក់សំណើមកកាន់កម្ពុជា។ ក្នុងចំណោមសហគមន៍អន្តរជាតិ និងរដ្ឋបរទេស ប្រហែលអាម៉េរិកនេះហើយ ដែលចេញមកប្រតិកម្មមុនគេ ទៅលើការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀន ចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិលើកទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។



តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក មីលលើ (Matthew Miller) អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក សរសេរដូច្នេះថា៖«យើង ពិតជាទទូចសុំឲ្យអាជ្ញាធរកម្ពុជាកែប្រែ [សេចក្តីសម្រេច] ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ អាចចូលរួម​ក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលស្របតាមរដ្ឋធម្មនុញ្ញ​កម្ពុជា ហើយអាចអនុវត្តសិទ្ធិរបស់ខ្លួន​ដោយសេរី ដូចជា សិទ្ធិបង្កើតសមាគម សិទ្ធិប្រមូលផ្តុំ និងសិទ្ធិបញ្ចេញ ជាដើម»។ 
 
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក ចេញសេចក្តីថ្លែងការណ៍ ក្នុងថ្ងៃដែលក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បើកកិច្ចប្រជុំពេញអង្គ ហើយសម្រេចដូចគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀន ចូលរួមប្រកួតក្នុងការបោះឆ្នោត។ ក្រោយក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសពីសេចក្តីសម្រេចរបស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក ក៏ចេញសេចក្តីថ្លែងការណ៍។ 
 
ច្បាប់កម្ពុជា ចែងថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាការសម្រេចបិទផ្លូវតវ៉ា។ ជាមួយគ្នានេះ ក្រុមប្រឹក្សាធម្មនុញ្ញ ថែមទាំងបញ្ជាក់ក្នុងសេចក្តីសម្រេចថា សេចក្តីសម្រេចរបស់ខ្លួន ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ អ្នកពាក្យក្រសួងការបរទេសអាម៉េរិក ថាចំណងជើងថា «ទង្វើដែលគ្មានលក្ខណៈប្រជាធិបតេយ្យមុនការបោះឆ្នោតនៅកម្ពុជា»។ អ្នកនាំពាក្យ លើកឡើងថា អាម៉េរិក មានកង្វល់យ៉ាងខ្លាំង ដែលអាជ្ញាធរកម្ពុជា ហាមគណបក្សភ្លើងទៀន មិនឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិ។ អ្នកនាំពាក្យរូបនេះ ហៅគណបក្សភ្លើងទៀន ថាជាគណបក្សប្រឆាំងធំជាងគេ​នៅកម្ពុជា។ 
 
ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃប្រជុំពេញអង្គ លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងដូច្នេះថា៖«ពុំមានច្បាប់ណាមួយចែងថា បើគណបក្សក គណបក្សខ ពុំបានចូលរួម បានន័យថា ការបោះឆ្នោតហ្នឹង មិនប្រជាធិបតេយ្យទេ»។  
 
អ្នកនាំពាក្យការបរទេសអាម៉េរិក ប្រកាសថា ស្ថិតក្នុងស្ថាន​ភាពបែប​នេះ អាមេរិក មិនបញ្ជូនមន្រ្តី មកចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតនៅកម្ពុជាឡើយ។ 
 
គណបក្សភ្លើងទៀន ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីគ.ជ.ប បដិសេធមិនទទួលពាក្យរបស់ខ្លួន ដែលសុំចូលរួមប្រកួតក្នុងការបោះឆ្នោត។ មូលហេតុ ដែលគ.ជ.ប បដិសេធ គឺដោយសារគណបក្សភ្លើងទៀន បាត់ប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ហើយការដែលគ្មានប្រកាសដើម ធ្វើឲ្យគណបក្សនេះ មិនអាចទៅសុំការបញ្ជាក់នីត្យានុកូលកម្មពីអាជ្ញាធរដែនដី។ រីឯ ហេតុផលរបស់ក្រុមប្រឹក្សាធម្មនុញ្ញ មិនខុសពីគ.ជ.បនោះទេ។  
 
នៅមានគណបក្ស១ទៀត គឺគណបក្សមហាសាមគ្គីជាតិខ្មែរ ក៏ខ្វះឯកសារដែរ ហើយបានប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញជាមួយគណបក្សភ្លើងទៀន បន្ទាប់ពីគ.ជ.ប មិនចុះឈ្មោះឲ្យចូលរួមប្រកួត។ ក្នុងការប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សមហាសាមគ្គីជាតិខ្មែរ ទទួលបានលទ្ធផលដូចគណបក្សភ្លើងទៀន។ 
 
ក្រោយពិនិត្យរួ​ច ក្រុមប្រឹក្សាធម្មនុញ្ញ មើលឃើញថា ការសម្រេចរបស់គ.ជ.ប ក្នុងការបដិសេធពាក្យចូលរួមប្រកួតរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺស្របតាមច្បាប់។ នេះជាការថ្លែងការពាររបស់លោក ព្រហ្ម វិចិត្រអក្សរា។ 
 
គណបក្សភ្លើងទៀនខ្លួនឯង ក៏បានចេញសេចក្តីថ្លែងការណ៍ដែរ  ដោយសម្តែងការសោកស្តាយ ដែលត្រូវក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធតាមគ.ជ.ប។ គណបក្សជំទាស់លេចធ្លោមួយនេះ នៅតែអះអាងដូចមុនៗថា ខ្លួន បានដាក់ឯកសារគ្រប់គ្រាន់ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ 
 
បរទេសដែលចេញមកប្រតិកម្មនឹងក្រុមប្រឹក្សាធម្មនុញ្ញ ទំនងជាមិនអស់ត្រឹមអាម៉េរិកនោះទេ។ ទោះយ៉ាងណា ក្រុមប្រឹក្សាធម្មនុញ្ញ ទទួលបានការគាំទ្រពីគណបក្សនយោបាយនានានៅកម្ពុជា បូករួមទាំងមជ្ឈដ្ឋានមួយចំនួនទៀត។   
 
ពេលគ.ជ.ប សម្រេចបដិសេធមិនឲ្យគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែង សហគមន៍អន្តរជាតិ រួមទាំងស្ថានទូតបរទេសមួយចំនួននៅកម្ពុជា បាននាំគ្នាប្រតិកម្មម្តងរួចហើយ តែគ្មានលទ្ធផលអ្វីឡើយ។    
 
ពីដើមទី មានគណបក្សទាំងអស់២០ ដែលទៅចុះឈ្មោះនៅគ.ជ.ប ដើម្បីចូលរួមប្រកួត។ ប៉ុន្តែ ដោយសារគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវគ.ជ.ប ដកចេញ ការបោះឆ្នោតជាតិខាងមុខ នៅសល់ត្រឹម១៨គណបក្សប៉ុណ្ណោះ៕ 
 
 

Tag:
 ភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com