អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សភឿថៃ និងបក្សឆ្ពោះទៅមុខដណ្ដើមតំណែងប្រធានរដ្ឋសភា
26, May 2023 , 3:39 pm        
រូបភាព
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ និងលោក Cholnan Srikaew មេដឹកនាំបក្សភឿថៃអំឡុងពេលចុះអនុស្សារណយោគយល់។ រូបថត AFP
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ និងលោក Cholnan Srikaew មេដឹកនាំបក្សភឿថៃអំឡុងពេលចុះអនុស្សារណយោគយល់។ រូបថត AFP
ភាពមិនត្រូវគ្នារវាងបក្សភឿថៃ និងបក្សឆ្ពោះទៅមុខលើតំណែងប្រធានរដ្ឋសភា ហាក់កាន់តែធំទៅៗ ដោយបក្សធំទាំង២ នៅតែប្រកាន់ជំហរចង់បានតំណែងដ៏សំខាន់នេះដូចគ្នា។ ប្រធានរដ្ឋសភាថៃ ជាតំណែងដ៏សំខាន់មួយក្នុងការសម្របសម្រួលគោលនយោបាយ និងការអនុម័តច្បាប់នានា។

 
អនុប្រធានបក្សឆ្ពោះទៅមុខ លោកស្រី​ Sirikanya Tansakun បញ្ជាក់នៅថ្ងៃទី២៥ ខែឧសភា ថា បក្សលោកស្រី គួរតែទទួលបានតំណែងប្រធានសភាបន្ថែមពីលើតំណែងនាយករដ្ឋមន្ត្រី ដើម្បីជំរុញដល់ការអនុម័តសេចក្ដីស្នើច្បាប់ប្រមាណ៤៥ និងសេចក្ដីស្នើផ្សេងទៀតរបស់សម្ព័ន្ធមិត្តចម្រុះអំឡុងយុទ្ធនាការរកសំឡេងឆ្នោត។
 
បើតាមមន្រ្តីបក្សឆ្ពោះទៅមុខដដែល ជាមួយតំណែងប្រធានរដ្ឋសភា បក្សនេះអាចជំរុញរបៀបវារៈនានារាប់ទាំងវិសោធនកម្មរដ្ឋធម្មនុញ្ញផង។ ទោះជាយ៉ាងណា លោកស្រី Sirikanya ច្រានចោលពាក្យចចាមអារ៉ាមដែលថា ការទាមទារតំណែងប្រធានរដ្ឋសភានេះ អាចរុញឱ្យបក្សភឿថៃចាកចេញពីសម្ព័ន្ធភាពចម្រុះដែលមាន៨បក្ស។
 
បន្ថែមពីនេះ លោក Piyabutr Saengkanokkul ជំនួយការផ្នែកយុទ្ធនាការរបស់បក្ស ចាត់ទុកតំណែងប្រធានរដ្ឋសភា ជាតំណែងដែលបក្សមិនអាចបាត់បង់បានឡើយ។
 
សម្រាប់បក្សភឿថៃ ដោយសារបក្សឆ្ពោះទៅមុខនឹងទទួលបានតំណែងនាយករដ្ឋមន្រ្តីហើយនោះ កៅអីប្រធានរដ្ឋសភាគួរទុកឱ្យបក្សភឿថៃវិញ។​ បើតាមកាសែតបាងកកប៉ុស្តិ៍ មេដឹកនាំបក្សភឿថៃ Cholnan Srikaew ក៏បានរិះគន់ការលើកឡើងរបស់លោក Piyabutr ជាការដាក់សម្ពាធសមាជិកក្នុងសម្ព័ន្ធភាពចម្រុះ។
 
ការចរចាលើតំណែងប្រធានរដ្ឋសភានេះ កំពុងធ្វើឡើងនៅឡើយ។ អនុប្រធានបក្សភឿថៃ Sutin Klungsang លើកឡើងនៅថ្ងៃទី២៥ ខែឧសភា ថា ដ្បិតបក្សឆ្ពោះទៅមុខចង់បានកៅអីនាយករដ្ឋមន្រ្តី តួនាទីប្រធានសភាគួរតែបំពេញដោយបក្សភឿថៃ។
 
ទោះមិនត្រូវគ្នាលើតំណែងប្រធានរដ្ឋសភា បក្សភឿថៃនៅតែគាំទ្រលោក Pita Limjaroenrat ជានាយករដ្ឋមន្រ្តីដដែល ហើយរឿងតំណែងនាយករដ្ឋមន្រ្តីនេះ ខុសគ្នាពីរឿងប្រធានរដ្ឋសភា៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com