ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់គ្រឿងញៀនជាង២៤០គីឡូក្រាមទៀតនៅភ្នំពេញ
26, May 2023 , 4:09 pm        
រូបភាព
គ្រឿងញៀនដែលសមត្ថកិច្ចចាប់បានកន្លងមក (រូបពីមន្ទីរប្រឆាំងគ្រឿងញៀន)
គ្រឿងញៀនដែលសមត្ថកិច្ចចាប់បានកន្លងមក (រូបពីមន្ទីរប្រឆាំងគ្រឿងញៀន)
កម្លាំងសមត្ថកិច្ច បានរកឃើញបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ១ទៀតក្នុងរាជធានីភ្នំ ហើយឈានទៅចាប់បានជនល្មើស៣នាក់ និងគ្រឿងញៀនជាង២៤០គីឡូក្រាម។



លោក អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ មិនផ្តល់ព័ត៌មានច្រើនឡើយ ដោយលោកគ្រាន់តែឆ្លើយខ្លីថា គ្រឿងញៀនដែលចាប់បាន មានជាង២៤០គីឡូក្រាម ដូចសំណួរដែលសារព័ត៌មានថ្មីៗបានសួរនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។ ចំពោះសំណួរសួរថា តើមានមេខ្លោង ឬអ្នកពាក់ព័ន្ធផ្សេងទៀត ដែលសមត្ថកិច្ចត្រូវតាមចាប់ដែរឬទេ? លោក ប្រាប់កុំឲ្យសួរ ព្រោះជាការងារសម្ងាត់របស់សមត្ថកិច្ច ដែលមិនអាចនិយាយបាន។ 
 
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញឿន ដែលផ្សាយដោយសារព័ត៌មានហ្វេសញូ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ ត្រូវបានធ្វើឡើង តាំងពីថ្ងៃទី២២ ខែឧសភា ហើយកម្លាំងសមត្ថកិច្ច បានចុះដល់ទីតាំង៤ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។ ផ្នែកតាមរបាយការណ៍ដដែល ជនសង្ស័យទាំង៣នាក់ សុទ្ធតែជាបុរស ដោយក្នុងនោះ មានជនជាតិខ្មែរ២នាក់ និងជនជាតិថៃម្នាក់។ 
 
សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែឧសភា កម្លាំងសមត្ថកិច្ច ទើបនឹងចាប់បានគ្រឿងញៀនជិត២០០គីឡូក្រាម នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល ហើយជនសង្ស័យ ដែលចាប់បាន មាន៣នាក់ ជាស្រ្តីជនជាតិខ្មែរទាំងអស់៕  
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com