អន្តរជាតិ
អាស៊ាន
ចិន​ចង់បាន​ការ​សហការ​កាន់តែ​ខ្លាំង​ជាង​មុន​ជាមួយ​អាស៊ាន
26, May 2023 , 9:29 pm        
រូបភាព
ចិន បានបង្ហាញបំណងបង្កើនការ​សហការគ្នាកាន់តែខ្លាំងជាមួយអាស៊ានក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងសហគមន៍អាស៊ាន ហើយពង្រឹងទំនាក់ទំនងចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធ និងមានគោលដៅរួមគ្នា។



លោក Nong Rong ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសចិន ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់អាស៊ាននៅខេត្ត Guangdong និយាយថា ចិនមានបំណងពង្រឹងទំនាក់ទំនងជាអាស៊ានឱ្យកាន់តែស៊ីជម្រៅ។ 
 
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោក Nong Rong និងលោក Chan Aye លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសមីយ៉ាន់ម៉ា ហើយត្រូវបានចូលរួមដោយមន្ត្រីជាន់ខ្ពស់ និងអ្នកតំណាងមកពីបណ្តាប្រទេសអាស៊ានក៏ដូចជាតំណាងលេខាធិការដ្ឋានអាស៊ាន។ 
 
​ក្នុងកិច្ចប្រជុំនេះ ទាំងភាគីចិន និងអាស៊ានបានបញ្ចេញមតិជាវិជ្ជមានពីសន្ទុះដ៏ល្អនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន។ លើសពីនេះ ភាគីទាំង២ក៏បានផ្លាស់ប្តូរយោបល់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការនាពេលអនាគត និងពិភាក្សាពីបញ្ហាអន្តរជាតិ និងតំបន់ដែលអាចផ្ដល់ផលប្រយោជន៍រួម។
 
ទន្ទឹមនឹងនេះ លោក Nong បានបង្ហាញពីគោលបំណងរបស់ចិនពាក់ព័ន្ធនឹងការសហការជាមួយបណ្តាប្រទេសអាស៊ានក្នុងការស្វែងរកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកឧស្សាហកម្មដែលកំពុងរីកចម្រើន វិស័យថាមពល រូបិយប័ណ្ណនិងហិរញ្ញវត្ថុ ផ្នែកសន្តិសុខ ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌រវាងភាគីទាំង២។ 
 
ជាការឆ្លើយតប តំណាងមកពីបណ្តាប្រទេសអាស៊ានបានសម្តែងឆន្ទៈក្នុងការសហការជាមួយចិន ដើម្បីធ្វើឱ្យប្រសើរឡើងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់ និងកសិកម្មប្រកបដោយនិរន្តរភាព។ ភាគីអាស៊ានក៏បានបង្ហាញពីការត្រៀមខ្លួនដើម្បីចូលរួមបន្ថែមទៀតដល់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន និងដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕
 

Tag:
 ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com