ជាតិ
លោក ឌិត ទីណា ជំរុញឱ្យខេត្តព្រះវិហារ ក្លាយជាខេត្តផលិតស្រូវសរីរាង្គដើម្បីបង្កើនទីផ្សារ
26, May 2023 , 9:59 pm        
រូបភាព
រូបភាពពី៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តបេសកម្មក្នុងខេត្តព្រះវិហារ ដើម្បី​ចុះពិនិត្យ និងជួយសហគមន៍កសិកម្ម លើការងារទីផ្សារឱ្យកាន់តែប្រសើរ។ រដ្ឋមន្ត្រីរូបនេះ ក៏បានលើកឡើងពីគោលដៅ​ ក្នុងការៀបចំខេត្តព្រះវិហារនេះ ឱ្យទៅជាខេត្តផលិតស្រូវសរីរាង្គ ដែលមានតម្លៃទីផ្សារខ្ពស់ និងងាយប្រកួតប្រជែងទីផ្សារផងដែរ។



ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងថ្នាក់ដឹកនាំ បានទស្សនកិច្ចស្ថានីយ៍ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកោះកេរ្តិ៍ នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ​ នាថ្ងៃទី២៤-២៥ ឧសភា ។ លោក​​ ឌិត ទីណា បានពិនិត្យមើលលទ្ធភាពពង្រីកការស្រាវជ្រាវបន្ថែម ដោយមិនផ្តោតតែលើដំណាំស្រូវប៉ុណ្ណោះទេ តែត្រូវគិតលើសត្វ សាកវប្បកម្ម និងវារីសត្វផងដែរ។ 
  
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទស្សនកិច្ចនៅសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។ រូបភាពពី៖​ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានដាក់គោលដៅលើខេត្តព្រះវិហារ ដែលមានសក្តានុពល ក្នុងការធ្វើកសិកម្មសរីរាង្គ និងមានគោលដៅរៀបចំខេត្តនេះ ឱ្យទៅជាខេត្តផលិតស្រូវសរីរាង្គ ដែលមានតម្លៃទីផ្សារខ្ពស់ និងងាយប្រកួតប្រជែងទីផ្សារ។ 
 
ទន្ទឹមនឹងនោះ លោក ឌិត ទីណា នឹងជួយសហគមន៍កសិកម្មលើការងារទីផ្សារឱ្យកាន់តែប្រសើរ តាមរយៈការពង្រឹងការធ្វើកសិកម្មតាមកិច្ចសន្យា និងការផ្តល់បច្ចេកទេសកសិកម្ម។ លោក​ ក៏បានណែនាំឱ្យមានការធ្វើផែនការច្បាស់លាស់ក្នុងការចិញ្ចឹម និងដាំដុះរបស់កសិករ ដើម្បីធានាការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ដោយធ្វើយ៉ាងណាចំណាយតិច ចំណេញច្រើន។ 
 
ក្នុងទស្សនកិច្ចនេះ លោក ទីណា បានណែនាំឱ្យសិក្សាពីខ្សែច្រវាក់តម្លៃ និងពិនិត្យលើផែនការផលិតច្បាស់លាស់ តាមរយៈការប្រើប្រាស់ពូជស្រូវសុទ្ធ ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ ។ ជាពិសេសការគិតគូរលើការវេចខ្ចប់ឱ្យមានភាពទាក់ទាញ ក៏បង្ហាញពីអត្តសញ្ញាណ ស្លាកយីហោអង្ករខ្មែរផងដែរ។ ចំពោះការងារនេះ ក្រសួងនឹងជួយគាំទ្រ សម្រួលដល់កសិករ ដើម្បីទទួលបានផលចំណេញពីផលិតកម្មទាំងនោះ៕
 

Tag:
 ThmeyThmey25
  កសិកម្ម
  លោក ឌិត ទីណា
 ​ ខេត្តព្រះវិហារ
  ដំណាំស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com