ជាតិ
និស្សិត ២រូបបានប្រើបច្ចេកវិទ្យាឌីជីថលដើម្បីអនុវត្តន៍លើវិស័យកសិកម្ម
27, May 2023 , 10:59 am        
រូបភាព
ដោយ:
យុវតី ២រូប បានបង្កើតកម្មវិធីតាមបច្ចេកវិទ្យាឌីជីថលផ្សេងៗគ្នា ដើម្បីជួយដល់កសិករប្រើប្រាស់ក្នុងការស្រោចស្រពដំណាំ និងចិញ្ចឹមត្រី។ កសិករ ដែលប្រើប្រាស់ឧបករណ៍ឆ្លាតវៃតាមបែបបច្ចេកវិទ្យាទាំងនោះ អាចចំណេញពេលវេលា កាត់បន្ថយការចំណាយ និងជួយបង្កើនទិន្នផលបានច្រើនជាងជាមុន។



កញ្ញា នាក់ សុខគីម និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាប្រធានក្រុមហ៊ុន CAM-Science បានបង្កើតឧបករណ៍ប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវ៉ៃ ដើម្បីជួយដល់កសិករឱ្យផ្លាស់ប្ដូរការស្រោចដំណាំបែបប្រពៃណី ទៅបែបបច្ចេកវិទ្យាវិញ។
  

កញ្ញា នាក់ សុខគីម និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាប្រធានក្រុមហ៊ុន CAM-Science ។ រូបភាព៖ ញឹក សំអូន

កញ្ញា សុខគីម បានបង្កើតកម្មវិធីនេះឡើង ដោយសាររូបគេបានមើលឃើញកសិករនៅជនបទមួយចំនួន មានបញ្ហាទៅលើការដងទឹក រែកទឹក ស្រោចដំណាំប្រើកម្លាំងច្រើន ដូច្នេះពួកគេក៏បានបង្កើតកម្មវិធី និងឧបករណ៍ឆ្លាតវៃនេះ ដើម្បីជួយសម្រាលបន្ទុកដល់កសិករ។
 
សម្រាប់ឧបករណ៍ឆ្លាតវៃនេះ កសិករ គ្រាន់តែមានទូរស័ព្ទភ្ជាប់ជាមួយឧបករណ៍ឆ្លាតវៃ ពួកគេអាចបញ្ជាទឹកបិទ-បើកបាន មិនថាពួកគាត់នៅឆ្ងាយ ឬនៅជិតនោះទេ គឺងាយស្រួល តែតម្រូវឱ្យមានអ៊ីនធឺណិតគ្រប់គ្រាន់។ នេះបើតាម នាក់ សុខគីម បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ។
 
ប្រធានក្រុមហ៊ុន CAM-Science រូបនេះ បានរៀបរាប់ថា៖ «ខ្ញុំមើលឃើញថា កសិករស្រោចដំណាំតាមប្រពៃណី គាត់ប្រើពេលយូរ ហើយនៅហាលក្ដៅហាលភ្លៀង មិនសូវមានប្រសិទ្ធភាព តែបើគាត់ប្រើឧបករណ៍ប្រព័ន្ធស្រោចស្រពឆ្លាតវ៉ៃ ជួយសន្សំសំចៃទឹក ចំណេញកម្លាំង ពេលវេលា ថវិកា និងទទួលបានផលច្រើន»។
 
កញ្ញា សុខគីម ដែលបានចុះសិក្សាដោយផ្ទាល់ជាមួយកសិករនៅខេត្តកណ្ដាល ២ទីតាំង និងភ្នំពេញចំនួន ២ទីតាំង បានសង្កេតឃើញថា ការប្រើប្រាស់ឧបករណ៍ប្រព័ន្ធស្រោចស្រពឆ្លាតវ៉ៃ គឺបានជួយប្រមូលផលរបស់កសិករចំណេញ ១២ភាគរយក្នុងមួយឆ្នាំ។ សម្រាប់លក្ខខណ្ឌនៃការប្រើឧបករណ៍ប្រព័ន្ធស្រោចស្រពឆ្លាតវ៉ៃ គឺចំណាយថវិកាតិច ឬច្រើន ទៅតាមទំហំដីរបស់កសិករ។
ដោយឡែកកញ្ញា ងួន ហ៊ុយទៀង និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យផារ៉ាហ្កន និងជាសហស្ថាបនិក FLEX-FLOC បានបង្កើតកម្មវិធី FLEX-FLOC ភ្ជាប់ជាមួយឧបករណ៍ឆ្លាតវៃ ដែលអាចវាស់កម្រិតជាតិទឹកនៅក្នុងអាងចិញ្ចឹមត្រីរបស់កសិករ។ 
 
បើតាមការចុះស្រាវជ្រាវ និងអនុវត្តន៍ជាមួយកសិករកន្លងមក នៅខេត្តកណ្ដាល កំពង់ឆ្នាំង និងរាជធានីភ្នំពេញ កញ្ញា ហ៊ុយទៀង បានឱ្យដឹងថា ឧបករណ៍ FLEX-FLOC ដាក់ក្នុងតង់ ឬអាងចិញ្ចឹមត្រី វានឹងកំណត់ទិន្នន័យនៃកម្រិតជាតិទឹកប្រាប់ដល់អ្នកចិញ្ចឹមត្រី តាមរយៈកម្មវិធី FLEX-FLOC ទៅទូរស័ព្ទដៃរបស់ពួកគេ។ 
 
នេះជាលើកដំបូងហើយ ដែល ហ៊ុយ ទៀង បាននាំយកកម្មវិធី FLEX-FLOC ចូលរួមនៅក្នុងកម្មវិធី Nicc Startup Technology Sharing Conference ។ ងួន ហ៊ុយទៀង ចង់បង្ហាញឱ្យសិស្សានុសិស្ស យុវជន សហគ្រិន និងប្រជាកសិករ បានស្គាល់ពីកម្មវិធីរបស់ខ្លួន និងជួយគាំទ្រកម្មវិធី FLEX-FLOC នេះ។
  

កញ្ញា ងួន ហ៊ុយទៀង និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យផារ៉ាហ្កន និងជាសហស្ថាបនិក FLEX-FLOC។
 
កញ្ញា ងួន ហ៊ុយទៀង បានលើកឡើងថា៖ «ខ្ញុំមិនចង់ឱ្យត្រឹមតែសិស្សស្គាល់ទេ តែខ្ញុំចង់​ឱ្យមានអ្នកស្ដាល់ច្រើនទៅកម្មវិធី FLEX-FLOC របស់ពួកខ្ញុំ។ ខ្ញុំចង់ជំរុញឱ្យកសិករងាកមកចិញ្ចឹមត្រីតាម FLEX-FLOC ព្រោះវាចំណេញលើការផ្ដល់ចំណីត្រី និងទទួលបានទិន្នផលច្រើន»។
 
FLEX-FLOC គឺជាឧបករណ៍ដែលអាចវាស់កម្រិតជាតិទឹក កម្រិតជាតិអំបិល និងសីតុណ្ហភាពជាដើម។ នៅពេលដែល FLEX-FLOC បានវាស់រួច វានឹងបញ្ជូនទិន្នន័យទៅក្នុងកម្មវិធី FLEX-FLOC ដែលភ្ជាប់នៅក្នុងទូរស័ព្ទ ដើម្បីឱ្យកសិករអាចថែទាំត្រីបានល្អ និងការពារទៅលើបញ្ហាត្រីងាប់។ នេះបើតាម ងួន ហ៊ុនទៀង។
 
បច្ចុប្បន្ន សហស្ថាបនិកវ័យក្មេងរូបនេះ បានទំនាក់ទំនងទៅអង្គការ NGO ដើម្បីអាចផ្ដល់ជំនួយដល់កសិករ ឱ្យបានប្រើប្រាស់ឧបករណ៍ FLEX-FLOC។ សម្រាប់ឧបករណ៍ FLEX-FLOC មួយ អាចប្រើបានមួយអាងត្រី ឬមួយតង់៕
 

ឧបករណ៍ FLEX-FLOC
 

ឧបករណ៍ប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវ៉ៃ។
 


Tag:
 បច្ចេកវិទ្យាឌីជីថល
  FLEX-FLOC
© រក្សាសិទ្ធិដោយ thmeythmey.com