កីឡាជាតិ
ជាតិ
គុនខ្មែរ៖ អេលីត សាន់ ជួប ឈុត វ៉ាន់ថង ប្រជែងខ្សែក្រវាត់មានតម្លៃ ៤០លានរៀល និងមាស២តម្លឹង
27, May 2023 , 11:59 am        
រូបភាព
កីឡាករគុនខ្មែរ ឈុត វ៉ាន់ថង ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២។
កីឡាករគុនខ្មែរ ឈុត វ៉ាន់ថង ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២។
ដោយ:
កីឡាករប្រដាល់គុនខ្មែរ លិញ ភារម្យ ឬអេលីត សាន់ ត្រូវតតាំងជាមួយ ឈុត វ៉ាន់ថង ដើម្បីសម្រេចថានរណាជាម្ចាស់ខ្សែក្រវាត់ «គុនខ្មែរ NNP» ដែលមានតម្លៃរហូតដល់ ៤០លានរៀល អមដោយមាសចំនួន២តម្លឹង។ ក្រៅពីនោះក៏មានគូពិសេសបន្តបន្ទាប់ជាច្រើនដែលកំដរសង្វៀនថោន ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

 
គីងកុងពិឃាដ អេលីត សាន់ ធ្លាប់វាយ ឈុត វ៉ាន់ថង ឱ្យមានបញ្ហារបួសរហូតមន្រ្តីអាជ្ញាកណ្តាលសម្រេចបញ្ឃប់នូវទឹក៤ ហើយរាហ៊ូមាស វ៉ាន់ថង ក៏ធ្លាប់បានឈ្នះពិន្ទុ អេលីត សាន់  ម្តងរួចមកហើយ។ សម្រាប់ជំនួបសាជាថ្មីនេះជាលើកទី៣ ហើយសម្រាប់អ្នកទាំងពីរ។ ការប្រកួតរវាង គីងកុងពិឃាដ និងរាហ៊ូមាស គឺវាយលើប្រភេទទម្ងន់ ៦០គីឡូក្រាម។
 

ការប្រកួតរវាងបង្គោលក្រហម ឈុត វ៉ាន់ថង និងបង្គោលខៀវ អេលីត សាន់ នាពេលកន្លងទៅ។ រូបពី Sport Zone
 
គូបន្តបន្ទាប់មាន អ្នកលេងជង្គង់ទិព្វ ព្រំ សំណាង ស្វាគមន៍កីឡាករឆ្លងទ្វីប ម៉ាស៊ូត ម៉ូហ្គីមៀន (Masoud Moghimian) មកពីរុស្ស៊ី វាយលើប្រភេទទម្ងន់៧៨គីឡូក្រាម ចំណែកអ្នកលេងកណ្តាប់ដសភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ទទួលកីឡាករមកពីបារាំង ចូណាថាន់ រ៉េចមេន(Jonathan Retchman) វាយលើប្រភេទទម្ងន់៦៩គីឡូក្រាម។
 
រីឯក្របីព្រៃ ពេជ្យ សម្បត្តិ នឹងត្រូវជួបកីឡាករមកពីអ៊ីរ៉ង់ សាយចេដ ម៉ូហាមេដឌី(Saijad Mohammadi) លើប្រភេទទម្ងន់ ៦០គីឡូក្រាម មុនការប្រកួតរវាងកីឡាករកម្ពុជា ចាន់ ណា ទទួលភ្ញៀវមកពីបារាំង អាម៉ាយូរី ព្រីម៉េ ដែលវាយលើប្រភេទទម្ងន់ ៥៧គីឡូក្រាម និងចុងក្រោយ អេម៉ានូអែល អូនីយ៉េឌីកាឆិ(Emanuel Onyedikachi) និងតទល់កីឡាករ មេហ្វឌី អ៊ីវ៉ាហ្ស៊ី(Mehdi Eyvazi)មកពីតួកគី វាយលើប្រភេទទម្ងន់ ៨៥គីឡូក្រាម។
 
គួបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់«មរតកគុនខ្មែរNNP» នឹងធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀនថោន។ សម្រាប់គូដណ្តើមខ្សែក្រវាត់ អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ចំនួន ៤០លានរៀល អមដោយមាសចំនួន ២តម្លឹង និងលេខ២ ទទួលបាន​ ២០លានរៀល៕
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com