កីឡាជាតិ
ជាតិ
សម្ដេច ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋបន្តគាំទ្រអាស៊ានប៉ារ៉ាហ្គេម
27, May 2023 , 1:59 pm        
រូបភាព
ភ្នំពេញ ៖ «កុំភ្លេចគាំទ្រប៉ារ៉ាហ្គេមផងណា នៅតែ៧ថ្ងៃទៀតដល់ហើយ»។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋឱ្យចូលរួមគាំទ្រការប្រកួតអាស៊ានប៉ារ៉ាហ្គេម ខណៈការប្រកួតកាន់តែខិតមកដល់។



ទោះជាកាលពីម្សិលមិញ សម្ដេច ហ៊ុន សែន បានជួបសំណេះសំណាលជាមួយ អត្តពលលិកអាស៊ានប៉ារ៉ាហ្គេមលើទី១២ហើយក៏ដោយ នាព្រឹកថ្ងៃទី២៧ ខែឧសភា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ សម្ដេច ហ៊ុន សែន ក៏បានរំលឹកយ៉ាងខ្លីពីមោទកភាពរបស់កម្ពុជា នៃការចូលរួមរបស់អត្តពលិក និងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ។ 
 
សម្ដេច ហ៊ុន សែន បានលើកឡើងដូចនេះ៖ «ជនពិការនេះ កំពុងតំណាងឱ្យយើងទាំងអស់គ្នា ចូលរួមប្រកួត មកពីទាំងអស់១១ប្រទេស រាប់ទាំងយើង យើងធ្វើម្ចាស់ផ្ទះទៀត យើងមានឱកាសធ្វើជាម្ចាស់ផ្ទះ ប្រកបដោយការទទួលខុសត្រូវ»។
 
លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានលើកឡើងនាសំណេះសំណាលជាមួយអត្តពលលិកអាស៊ានប៉ារ៉ាហ្គេមលើទី១២ កាលពីថ្ងៃទី២៦ ខែឧសភា ថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រំពឹងប៉ារ៉ាឡាំពិកកម្ពុជាអាចស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ១១ប្រទេសចូលរួម។
 
លោក យី វាសនា បន្ថែមថា  ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជានេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំអត្តពលិកចំនួន ២៥២នាក់ ក្នុងនោះមាន កីឡាករចំនួន ១៧៦នាក់ និងកីឡាការិនីចំនួន៧៦នាក់។  ក្នុងចំណោមអត្តពលិកមានពិការភាពទាំង ២៥២នាក់ មានអ្នកមានពិការភាពភ្នែក ៣២នាក់ ស្រី ៦នាក់ ចលករខួរក្បាល ២៣នាក់ ស្រី ៥នាក់ អ្នកមានពិការសតិបញ្ញា ៤នាក់ ស្រី ១នាក់។
 
គួបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការប្រកួតលើ ១៣ប្រភេទកីឡារួមមាន៖ អត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះ អង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។ ចំពោះកីឡាអេឡិចត្រូនិក(E-sport)ជាប្រភេទកីឡាបង្ហាញមិនមានមេដាយឡើយ៕

Tag:
 សម្ដេច ហ៊ុន សែន
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com