កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អត្ដពលិកកីឡាអេឡិចត្រូនិកប៉ារ៉ាហ្គេម៖ ខ្ញុំ មិននឹកស្មានថា មានឱកាសបានប្រកួតតំណាងជាតិ
27, May 2023 , 6:59 pm        
រូបភាព
ក្រុមអត្ដពលិកប៉ារ៉ាហ្គេម វិញ្ញាសាកីឡាអេឡិចត្រូនិក
ក្រុមអត្ដពលិកប៉ារ៉ាហ្គេម វិញ្ញាសាកីឡាអេឡិចត្រូនិក
ក្រុមអត្តពលិកកីឡាអេឡិចត្រូនិកប៉ារ៉ាហ្គេម បានបង្ហាញក្ដីរំភើប ដែលមានឱកាសប្រកួតតំណាងជាតិ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសកម្ពុជា។ អត្តពលិកទាំងនោះ ចាត់ទុកថានេះ គឺជាការសម្រេចក្ដីស្រម៉ៃមួយ ដែលពួកគេមានចំណែកក្នុងការស្វែងរកមុខមាត់ជូនប្រទេសជាតិ។



កីឡាករ រឿន ចាន្នី (តួរអង្គ Experience Land) បាននិយាយប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនតែងស្រមៃថា នឹងមានឱកាសណាមួយសម្រាប់ចូលរួមជួយជាតិ តាមរយៈវិស័យកីឡា ហើយបំណងប្រាថ្នានេះ បានក្លាយជាការពិត ព្រោះ ចាន្នី មានឱកាសប្រកួតលើវិញ្ញាសាកីឡា E-Sports ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។
 
«ខ្ញុំ មានអារម្មណ៍សប្បាយចិត្ត ព្រោះយើងបានជួបជុំគ្នា ហើយប្រកួតឲ្យកម្ពុជា។ ខ្ញុំ តែងប្រាថ្នាចង់ជាប់ជាជម្រើសជាតិយូហើយ ប៉ុន្ដែមិនដែរមានឱកាស ហើយនេះ គឺជាឱកាសសម្រាប់ខ្ញុំ និងមិត្តរួមក្រុមបច្ចេញសមត្ថភាព។»។ អត្ដពលិករូបនេះ បានប្រាប់ដូច្នេះ។
 
ក្នុងបទសម្ភាសជាមួយគ្នានេះ កីឡាករ អ៊ុក វិរៈសត្យា (តួរអង្គ Tank, Roam) ស្ទើរតែមិនជឿថាខ្លួន មានឱកាសដ៏ល្អបែបនេះ ព្រោះ អត្ដពលិករូបនេះ ធ្លាប់យល់ឃើញថា ពិការភាពរបស់ខ្លួន គឺពិបាកក្នុងការហាត់កីឡារ។ ប៉ុន្ដែពេលនេះ លោក វិរៈសត្យា បានផ្លាស់ប្ដូរគំនិត ដោយសារតែទទួលបានឱកាសប្រកួតឲ្យកម្ពុជា ជាមួយអន្ដរជាតិ។ អត្ដពលិកប៉ារ៉ាអ៊ីស្ពតនេះ បាននិយាយប្រាប់ដូច្នេះថា៖ «ខ្ញុំ មិននឹកស្មានថាបានជាប់ជម្រើសជាតិ ព្រោះពិការភាពពួកខ្ញុំ គឺពិបាកក្នុងការហាត់កីឡា ប៉ុន្ដែ នេះ គឺជាលើកដំបូង យើងមានវិញ្ញាសា E-Sports ហើយខ្ញុំ មានអារម្មណ៍សប្បាយមែនទែន និងមោទនភាពខ្លាំង ដែលបានតំណាងឲ្យជាតិ។»។ 
 
កីឡាករ ជឹម ចន (តួរអង្គ Mid Land) និង កីឡាករ ជុក ភារៈ (Jungler, Hyper) បានបង្ហាញអារម្មណ៍ដូចគ្នាថា ធ្លាប់តែជាអ្នកលេងហ្គេមកម្សាន្ដធម្មតា ប៉ុន្ដែពេលនេះ បានមកប្រកួតតំណាងជាតិ។ អត្ដពលិកទាំង២ មានមោទកភាពជាខ្លាំង។ «ខ្ញុំធ្លាប់តែលេងហ្គេមធម្មតា ដើម្បីកម្សាន្ដ ប៉ុន្ដែពេលនេះ ខ្ញុំ បានមកប្រកួតតំណាងជាតិ។ ខ្ញុំពិតជាមានអារម្មណ៍រំភើប។ ពួកយើង ជឿជាក់ថា នឹងធ្វើបានល្អ សម្រាប់អ្នកគាំទ្រយើង។»។ 
 
លោក កែវ ភោគសំបូរ គ្រូបង្វឹកអត្ដពលិកប៉ារ៉ាអ៊ីស្ពត (Para E-Sports) តែងមានជឿថាជនមានពិការភាព តែងមានជំនាញទេព្យកោសល្យ និងលក្ខណៈពិសេសរៀងខ្លួន ម្យ៉ាងវិញទៀត លក្ខណៈពិសេសនោះ មានមនុស្សធម្មតាណា អាចធ្វើបានដូចជាពួកគេទេ។ គ្រូបង្វឹករូបនេះ តែព្យាយាមមើលទៅលើភាពខ្លាំង និងទេព្យកោសល្យរបស់កូនក្រុមលោក រួចហើយបង្រៀនូវអ្វី ដែលកីឡាករទាំងនោះ អាចធ្វើបានល្អបំផុតសម្រាប់ក្រុម។ «ខ្ញុំជឿជាក់ថាជនពិការ គាត់តែងតែមានកម្លាំងពិសេស ឬជំនាញពិសេសរៀងៗខ្លួន។»។ នេះ គឺជាអ្វី ដែលលោក កែវ ភោគសំបូរ បាននិយាយអំឡុងពេលសារព័ត៌មានថ្មីៗធ្វើបទសម្ភាសជាមួយកីឡាករ។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជា បានដាក់ ១៤ប្រភេទកីឡា ដោយក្នុងនោះរាប់បញ្ចូលទាំងកីឡាអេឡិចត្រូនិក មួយផងដែរ។ នេះ គឺជាលើកដំបូង ដែលកីឡាអេឡិចត្រូនិក ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម៕
 

Tag:
 កីឡាអេឡិចត្រូនិក
  អាស៊ានប៉ារ៉ាហ្គេម
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com