ជាតិ
ពីគ្រូបង្រៀន ក្លាយ​ជា​នាយិកា​! លោកស្រី អ៊ុង កុល​វឌ្ឍនា ចំណាយពេលជិត៤០ឆ្នាំ លើការ​​អប់រំ​កុមារតូច
27, May 2023 , 7:59 pm        
រូបភាព
លោកស្រី អ៊ុង កុលវឌ្ឍនា នាយិកាសាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
លោកស្រី អ៊ុង កុលវឌ្ឍនា នាយិកាសាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ លោកស្រី អ៊ុង កុលវឌ្ឍនា ជានាយិកានៃ​សាលា​បឋមសិក្សា​ភ្នំដូនពេញ។ លោកស្រី បាន​ប្រឡូក​ក្នុង​វិស័យអប់រំជិត៤០ឆ្នាំមកហើយ ដោយ​ផ្ដើម​ធ្វើ​ជា​គ្រូ​បង្រៀនតាំងពីឆ្នាំ១៩៨៤។ ទម្រាំក្លាយនាយិកានាពេល​បច្ចុប្បន្ននេះ មិនមែនជារឿងងាយស្រួលឡើយ។​ លោកស្រី អ៊ុង កុល​វឌ្ឍនា លើក​ឡើង​ដូច្នេះ៖ «ខ្ញុំ​ធ្វើ​ជា​គ្រូ​បង្រៀង​រយៈពេល​កន្លងមក គឺ​យើង​ខិតខំ​ស្រាវជ្រាវ​ និង​អប់រំ​កុមារ​តូចៗ ធ្វើ​យ៉ាង​ណា​ឱ្យ​ពួកគាត់​មាន​ចំណេះដឹង​ និងក្លាយជាពលរដ្ឋល្អ​។ ការ​ផ្ដល់ចំណេះដឹង​ដល់​កូន​សិស្ស​ មិន​មែន​ងាយស្រួល​ដូចចាក់ទឹក​ចូលក្នុង​ពោងនោះទេ ព្រោះ​ជា​ការ​លំបាកខ្លាំង​បំផុត»។




លោកស្រី អ៊ុង កុលវឌ្ឍនា និង​គណៈគ្រប់គ្រងនៃ​សាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
 
សូម​អញ្ជើញស្ដាប់កិច្ចសម្ភាស​រវាង​លោកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោកស្រី អ៊ុង កុលវឌ្ឍនា នាយិកា​នៃ​សាលា​បឋមសិក្សា​ភ្នំដូនពេញដូចតទៅ៖​




អាជីព​ជាគ្រូ​បង្រៀន បាន​ផ្ដល់​ឱកាស​ឱ្យ​លោកស្រី អ៊ុង កុលវឌ្ឍនា អាចចែករំលែក​ចំណេះដឹង​ដល់​សិស្សានុសិស្ស ជាពិសេស​ធ្វើឱ្យសិស្ស​​ក្លាយជា​ធនធានមនុស្ស​ដ៏ល្អ​សម្រាប់​សង្គម។ ក្រោយ​ក្លាយ​ខ្លួនជា​គ្រូ​បង្រៀន​ លោកស្រី អ៊ុង កុល​វឌ្ឍនា បាន​​វិវត្តន៍ខ្លួនបន្តិចម្ដងៗរហូត​ទទួលបានតួនាទីជា​ប្រធាន​ក្រុម​បច្ចេកទេស បន្ទាប់មកជា​នាយិការង និង​ជា​នាយិកា​នាពេល​បច្ចុប្បន្ននេះ។ ​
 
លោកស្រី អ៊ុង កុលវឌ្ឍនា បានចូលបង្រៀន​ និង​ដឹក​នាំ​នៅ​សាលា​បឋម​សិក្សា​ភ្នំ​ដូន​ពេញ អស់រយៈពេល៣៤ឆ្នាំមកហើយ។ ​«សម្រាប់ខ្ញុំ​ជា​ស្រ្តី ក្នុង​ការ​បង្រៀន​សិស្ស​រហូត​មក​ដល់​បច្ចុប្បន្ន គឺ​ស្រឡាញ់​សាលា​រៀន ដូចនៅផ្ទះ ដោយ​ធ្វើ​យ៉ាងណាឱ្យ​សាលារៀនស្អាត​ មាន​ភាព​បៃតង។ ហើយខ្ញុំ​បាន​ដើរតួជា​ឪពុក​ម្ដាយ​ទីពីរ​របស់​សិស្ស​»។ នេះជាការ​លើក​ឡើងរបស់​នាយិការូបនេះ ដោយបន្តថា លោកស្រីបាន​លះបង់ពេលវេលាជាមួយគ្រួសារ មក​នៅសាលារៀន​ច្រើនជាង​ផ្ទះ។ 


សិស្សានុសិស្សកំពុងលាងដៃក្នុងសាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
 
ក្រោម​ការ​ដឹក​នាំ​របស់​លោក​ស្រី អ៊ុង កុល​វឌ្ឍនា សាលាបឋមសិក្សាភ្នំដូនពេញ ជាគ្រឹះស្ថានអប់រំមួយ ដែលមានបរិស្ថានស្អាត គ្មានសំរាម និងមានអនាម័យល្អ។ សាលានេះ មានសួនច្បារចម្រុះពណ៌ ហើយបរិវេណទាំងមូលមានដើមឈើតូចធំអមតាមផ្លូវ មានស្លាកសញ្ញាចរាចរណ៍ ពាក្យស្លោកអប់រំ រួមទាំងបង់អង្គុយសម្រាប់ជជែកគ្នាលេង ឬអានសៀវភៅ។ ដោយឡែកបន្ទប់រៀននីមួយៗ មានការរៀបចំយ៉ាងទាក់ទាញ ដោយមានផ្ទាំងរូបភាព ពាក្យស្លោក និងមានរុក្ខជាតិបៃតងលម្អគ្រប់ទិសផងដែរ​។
 
នាយិកាមានវ័យ​៥៧ឆ្នាំរូបនេះ រៀបរាប់ពី​ការ​វិវត្តន៍​នៃ​សាលាបឋមសិក្សាភ្នំដូនពេញយ៉ាងដូច្នេះ៖ «ការ​ពីមុន​មាន​ភាពខុសគ្នា ព្រោះ​សាលារៀន​ចាស់ តែ​មាន​បរិស្ថាន​បៃតង។ ហើយ​យើងតែង​សម្អាត និង​ណែនាំ​សិស្សជាប្រចាំ។ ម៉្យាងដើម្បី​ឱ្យ​សាលា​រៀន​ស្អាត មាន​ការ​ដឹកនាំល្អ​រវាង​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស គឺ​ដោយសារការ​ចូលរួម​ ទើប​សាលារៀន​មាន​បរិស្ថានស្អាត និង​វិន័យល្អ»។​
  
សិស្សានុសិស្សនៃសាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
សាលារៀនស្អាត និង​មានវិន័យនេះ មិនមែនជា​ការ​ងាយស្រួលនោះទេ ទាំង​លោកស្រីនាយិកា​ អ៊ុង កុលវឌ្ឍនា រួមទាំងអតីត​នាយកមុនៗ តែងយក​ចិត្ត​ទុកដាក់លើការ​អប់រំ និង​បញ្ហា​អនាម័យ​នៅក្នុង​សាលារៀន។ ទម្រាំមាន​ការដឹកនាំល្អ និង​បរិស្ថាន​ស្អាត លោកស្រី អ៊ុង​ កុលវឌ្ឍនា មិនដែល​ធ្វេសប្រហែស​លើកិច្ចការ​ណែនាំ​សិស្សឡើយ។ 
 
បើតាម​នាយិការូបនេះ គោលដៅចម្បង​របស់​សាលា​បឋម​សិក្សា​ភ្នំដូនពេញ​ដែល​ប្រកាន់ខ្ជាប់​ក្រៅពី​ការ​បណ្ដុះ​បណ្ដាល​ចំណេះដឹង​ដល់​សិស្ស គឺ​ការ​បញ្រ្ជាប​ការយល់​ពី​បរិស្ថាន​។ លោកស្រី អ៊ុង កុលវឌ្ឍនា មាន​មោទកភាព​នៅពេល​ដែល​លោកស្រី អាច​ដឹក​នាំ​គ្រឹះស្ថាន​អប់រំ​មួយនេះ ឱ្យ​មាន​ដំណើរការ​ល្អ ជា​ពិសេស​បរិស្ថាន​ស្អាត ផ្ដល់​ផាសុកភាព​ដល់​សិស្សានុសិស្ស។​
  

បណ្ណាល័យ​សាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ

 
ទោះមានវ័យ​ជិត​៦០ឆ្នាំ ដែល​ជិតចូល​និវត្តន៍ក៏ដោយ លោកស្រី សប្បាយ​រីករាយ នឹង​ទទួល​យក​នូវ​សមិទ្ធិផល​នាពេល​កន្លង​មក។ «មុន​នឹង​ចូលនិវត្តន៍ ខ្ញុំ​មិន​អភិវឌ្ឍន៍​តែពេលនេះ គឺ​អភិវឌ្ឍន៍​ត​ទៅ​មុខ​ទៀត ដើម្បី​ឱ្យ​សាលារៀន​កាន់តែ​មាន​សម្រស់​ស្រស់​ស្អាត និង​បរិស្ថាន​ល្អជាង​នេះទៀត»។ នេះជាការរៀប​រាប់​របស់​លោកស្រី អ៊ុង កុល​វឌ្ឍនា។ 
 
នាយិកាដែលមាន​បទពិសោធន៍​ច្រើន​ក្នុង​វិស័យ​អប់រំ​កុមារ​តូចរូបនេះ នឹង​បន្ត​យកចិត្ត​ទុក​ដាក់​លើ​បញ្ហា​បរិស្ថាន និង​អនាម័យ​ ជាពិសេសចំណេះដឹងគោល​។ លោកស្រី អ៊ុង កុលវឌ្ឍនា បង្ហើបពីភាព​ជោគជ័យ​ក្នុងការ​ដឹកនាំ​ឱ្យ​ សាលា​បឋម​សិក្សា​ភ្នំដូនពេញដូច្នេះ៖«ប្រសិន​បើ​សាលា​រៀននេះ គ្មាន​ការ​សាមគ្គី​រវាង​គណៈគ្រប់គ្រង​ លោកគ្រូ​អ្នក​គ្រូ និង​សិស្សានុសិស្សទេ នឹង​មិន​ធ្វើ​ឱ្យ​សាលារៀន​មាន​ភាព​រីកចម្រើននោះទេ»។
 
បើទោះបី​លោកស្រី ទទួលបាន​ភាព​វិជ្ជមាន​នា​ពេល​បច្ចុប្បន្នក៏ពិតមែន ប៉ុន្តែ​លោកស្រី បាន​ជួប​នូវ​ផល​លំបាកជាច្រើន។ ផល​លំបាកដែល​នាយិការូបនេះ ឆ្លងកាត់គឺការ​បង្រៀន​កុមារតូច ចាប់តាំងពីមិន​ទាន់ចេះកាន់ខ្មៅដៃ ជាពិសេស​ការ​កែប្រែ​ឥរិយាបថរបស់សិស្សផងដែរ​៕​
 
ទិដ្ឋភាព​សាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
ទិដ្ឋភាព​សាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ
ទិដ្ឋភាព​សាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ

Tag:
 សំឡេង
  សម្ភាស
  បរិស្ថាន
  ភ្នំដូនពេញ
  នាយិកា
  អ៊ុង កុល​វឌ្ឍនា
© រក្សាសិទ្ធិដោយ thmeythmey.com