ជាតិ
អាជ្ញាធរ ចាប់សាច់ក្រួចនាំចូលខុសច្បាប់ពីវៀតណាម បានចំនួន ៦តោន
27, May 2023 , 2:59 pm        
រូបភាព
រូបភាពពី លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល
រូបភាពពី លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល
ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្កា្របបទល្មើសចលនាសត្វ និងផលិតសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់បានសាច់ក្រួចនាំចូលខុសច្បាប់ចំនួន ១២០កេះ ទម្ងន់ ៦តោន ដែលនាំចូលពីប្រទេសវៀតណាម។ នេះបើតាមលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល។



លោក ហ៊ុន​សារ៉ាត់ បានបញ្ជាក់ថា សាច់ក្រួចខុសច្បាប់នេះ ត្រូវបាននាំចូលពីប្រទេសវៀតណាម មកកម្ពុជា តាមច្រកកោះរកា ស្រុកពាមរក៍ ខេត្តព្រៃវែង ដើម្បីចែកចាយបន្តនៅភ្នំពេញ។ ក្រុមការងារ ក៏បានបានឃាត់ម្ចាស់ឡានដឹកសាច់ក្រួចខុសច្បាប់ នៅលើផ្លូវលំ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែឧសភា។
 
អនុប្រធាននាយកដ្ឋានសុខភាពសត្វរូបនេះ បានបន្ថែមថា ផលិតផលខុសច្បាប់ទាំងនេះ ពុំមានលិខិតអនុញ្ញាតឡើយ ហើយបច្ចុប្បន្នអាជ្ញាធរ បានបញ្ចូនវត្ថុតាងទៅរក្សាទុកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែឧសភា កន្លងទៅ ក្រុមការងារអន្តរាគមន៍បង្កា្របបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានស្ទាក់ចាប់ទាជិត ៣ពាន់ក្បាល ដែលនាំចូលខុសច្បាប់ពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាតផងដែរ៕
 

Tag:
 ThmeyThmey
  សាច់ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com