អន្តរជាតិ
អ៊ុយក្រែន​​ថា រុស្ស៊ី​មាន​ផែនការវាយប្រហារនៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia
27, May 2023 , 5:29 pm        
រូបភាព
ក្រសួងការពារជាតិអ៊ុយក្រែននាថ្ងៃទី២៦ ខែឧសភា បានចេញការជូនដំណឹងអំពីអ្វីដែលពួកគេ​អះអាង​ថា ជាផែនការរបស់រុស្ស៊ីក្នុងការក្លែងធ្វើឧប្បត្តិហេតុនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយរុស្ស៊ីផ្ទាល់។ ការវាយប្រហារនេះ ជាការប៉ុនប៉ងបញ្ឈប់ការវាយលុក របស់អ៊ុយក្រែន​ដែលមានគោលបំណងដណ្តើមយករោងចក្រនេះវិញ។

 
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអ៊ុយក្រែនអះអាងថា ការលេចធ្លាយ​បន្ទាន់​នៃ​សារធាតុវិទ្យុសកម្មនឹងត្រូវបានប្រកាសនៅក្នុងប៉ុន្មានម៉ោងខាងមុខនេះដែលកើតចេញពីការឧប្បត្តិហេតុនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhia។ 
 
«កងកម្លាំងរុស្ស៊ី កំពុងរៀបចំការបង្កហេតុទ្រង់ទ្រាយធំដើម្បីបង្កើតជាចំណុចកណ្ដាល​នៃ​គ្រោះថ្នាក់​វិទ្យុ​សកម្ម»។ ឯកសារខាងលើលើកឡើងបែបនេះរួចបន្តថា កងកម្លាំងរុស្ស៊ីនឹងក្លែងធ្វើឧប្បត្តិហេតុនៅ Zaporizhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប ហើយស្ថិតនៅក្រោម​ការគ្រ​ប់​គ្រង​របស់រុស្ស៊ីអស់រយៈពេលជាងមួយឆ្នាំមកនេះ។
 
ទន្ទឹមនេះ ដើម្បីលាក់បាំងសកម្មភាពរបស់ពួកគេតាម រុស្ស៊ីបានរំខាន​ដល់ការប្តូរ​វេនបុគ្គលិកនៃ​បេសកកម្មត្រួតពិនិត្យអចិន្ត្រៃយ៍របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែល​គ្រោង​ធ្វើ​នៅថ្ងៃទី២៦ ខែឧសភា។ ក្រុងកៀវសង្កត់ធ្ងន់ថា គោលបំណងនៃសកម្មភាពនេះ​គឺដើម្បី​ញុះញង់​សហគមន៍អន្តរជាតិឱ្យធ្វើការស៊ើបអង្កេតលម្អិត ដែលវានឹងបញ្ឈប់ផែនការរបស់​អ៊ុយក្រែន​ក្នុងការវាយប្រហារយករោងចក្រនេះវិញផងដែរ។
 
សមាជិកសភាអ៊ុយក្រែន លោស្រី Inna Sovsun បានព្រមានថា ប្រតិបត្តិការដ៏គ្រោះថ្នាក់នេះ នឹងត្រូវ​បានក្លែងបន្លំជាការវាយប្រហារដោយអ៊ុយក្រែនក្នុងគោលបំណងបញ្ចេញវិទ្យុសកម្ម​ដែល​បង្ក​ផល​ប៉ះពាល់ខ្ពស់។
 
ជាមួយអំពាវនាវទៅកាន់ប្រធាន IAEA លោក Rafael Grossi ឱ្យជួយអន្តរាគមន៍ លោកស្រី​បញ្ជាក់ថា ពួកគេមិនអាចអនុញ្ញាតឱ្យរឿងនេះកើតឡើងបានទេ ហើយពួកគេត្រូវ​តែ​រួម​គ្នាទប់ស្កាត់​ការ​បង្ក​ហេតុ​នុយក្លេអ៊ែរដ៏មហន្តរាយនេះ និងការពារតំបន់ Zaporizhzhia ពីការបំផ្លិច​បំផ្លាញបន្ថែមទៀត៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com