អន្តរជាតិ
ក្រុងប៉ារីស ​នឹង​ហាមឃាត់ការប្រើផ្លាស្ទិក​ប្រើ​តែម្ដង​ក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាំពិក២០២៤
27, May 2023 , 7:29 pm        
រូបភាព
អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo នាថ្ងៃទី២៦ ខែឧសភាបានលើកឡើងថា ទីក្រុងនេះ គ្រោងនឹងហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកតែម្ដងនៅពេលរៀបចំការប្រកួតកីឡា អូឡាំពិកឆ្នាំ២០២៤ ។ ការអនុវត្តនេះជាផ្នែកនៃកិច្ចខិតខំដើម្បីដោះស្រាយវិបត្តិការបំពុល បរិស្ថានដោយប្លាស្ទិកជាសកល។

 
«យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​អូឡាំពិក​ក្លាយ​ជា​ព្រឹត្តិការណ៍​ធំ​ដំបូង​គេ​ដោយ​មិន​ប្រើ​ផ្លាស្ទិក​ប្រើ​តែមួយដង»។ លោកស្រីថ្លែងប្រាប់សន្និសីទកាសែតមួយបែបនេះនៅក្នុងសម័យ ប្រជុំនៃវេទិកាអន្តរជាតិនៃអភិបាលក្រុងប្រឆាំងនឹងការបំពុលប្លាស្ទិក។
 
អ្នកទស្សនាកន្លែងប្រកួតកីឡាអូឡាំពិកបណ្តោះអាសន្នក្នុងរដ្ឋធានីបារាំង នឹងត្រូវបានអនុញ្ញាត​ឱ្យចូលរួមប្រសិនបើមិនមានដបប្លាស្ទិក។
 
កូកា-កូឡា ដែលជាភេសជ្ជៈយក្សរបស់អាម៉េរិក និងជាអ្នកឧបត្ថម្ភក្នុងព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុងប៉ារីស នឹងចែកចាយផលិតផលរបស់ខ្លួននៅក្នុងដបកែវដែលអាច ប្រើឡើង​វិញ​បាន និង​ដាក់ក្នុងធុងទឹកជាង២០០ធុង ដែលនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ឡើង​វិញ​បន្ទាប់​ពី​ការប្រកួត។
ពែងដែលអាចប្រើឡើងវិញបាន ក៏នឹងត្រូវបានប្រើសម្រាប់ការទទួលទានអាហារសម្រន់ក្នុង អំឡុងពេលរត់ម៉ារ៉ាតុនដែរ។
 
បើតាមការិយាល័យរបស់លោកស្រី Hidalgo កាកសំណល់ ប្លាស្ទិកនៅតែជាបញ្ហាសកលដ៏សំខាន់មួយជារៀងរាល់ឆ្នាំដែលថនិកសត្វ១,៤០០០ក្បាល និងសត្វស្លាបសមុទ្រ ១,៤ លានក្បាលបានស្លាប់ដោយសារតែការស៊ីកាកសំណល់ប្លាស្ទិក។
 
«គោលដៅរបស់យើងគឺកាត់បន្ថយការបំភាយឧស្ម័នពាក់កណ្តាលដែលកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍កីឡាខណៈពេលការបំភាយឧស្ម័នកាបូនឌីអុកស៊ីតច្រើនជាងបរិមាណដែលយើងនឹងបង្កើត»។ ការិយាល័យរបស់លោកស្រី Hidalgo លើកឡើងបែបនេះ ក្នុងគេហទំព័រ ​​Paris 2024។ 
 
អ្នករៀបចំកម្មវិធី Paris 2024 ក៏ធ្វើសកម្មភាពយ៉ាងសកម្មក្នុងការកាត់ បន្ថយផលប៉ះពាល់បរិស្ថានដោយកន្លែងប្រកួតធ្វើឡើងលើ៩៥ភាគរយនៃទីកន្លែងដែលមានស្រាប់ ឬទីកន្លែងបណ្តោះអាសន្ន។
 
យោងតាមគេហទំព័រ Paris2024 ដដែល គំនិតផ្តួចផ្តើមផ្សេងទៀតរួមមានការប្រើប្រាស់ ថាមពលកកើតឡើងវិញ១០០ភាគរយក្នុងអំឡុងពេលការប្រកួត ដំណើរការសេដ្ឋកិច្ច ការផ្គត់ផ្គង់អាហារប្រកបដោយនិរន្តរភាព បច្ចេកវិទ្យាឌីជីថលដែលមានការទទួលខុសត្រូវ ដំណោះស្រាយចល័តស្អាតសម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូនសាធារណៈ និងមធ្យោបាយ ដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់អ្នកទស្សនា ជីវចម្រុះ ការការពារ និង ការគ្រប់គ្រងទឹក៕
 

Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com