អន្តរជាតិ
អូស្ត្រាលី​តតាំង​នឹង​សញ្ញាណ​គ្រោះថ្នាក់​នៃ​ទស្សនៈ​ស្ដាំ​និយម​ជ្រុល
27, May 2023 , 6:29 pm        
រូបភាព
មេឃស្រឡះ​នៅ​លើសភាអូស្ត្រាលី នៅក្នុងក្រុងកង់បេរ៉ា​ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២។
មេឃស្រឡះ​នៅ​លើសភាអូស្ត្រាលី នៅក្នុងក្រុងកង់បេរ៉ា​ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២។
ដោយ: VOA
សភា​ជាតិ​អូស្ត្រាលី​បាន​បើក​សវនាការ​កាលពី​ថ្ងៃ​ទី ២ ខែ​ឧសភា​ដើម្បី​ពិចារណា​អំពី​សំណើ​ច្បាប់​ថ្មី​មួយ​ដែល​ថា​និមិត្តសញ្ញា​ណាហ្ស៊ី​ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​សាកល​ថា​ជា​និមិត្តសញ្ញា​នៃ​ការ​សម្លាប់​រង្គាល​និង​ការ​ស្អប់​គុំកួន ដែល​ត្រូវ​បាន​ពួក​ស្ដាំ​និយម​ជ្រុល​យក​មក​ធ្វើ​ជា​អាវុធ។

 
គណៈកម្មាធិការ​កិច្ចការ​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រឹទ្ធសភា​អូស្ត្រាលី​កំពុង​ពិចារណា​លើ​សំណើ​ច្បាប់​ថ្មី​មួយ​ដែល​ស្នើ​ដោយ​អ្នកស្រី Michaelia Cash ដែល​ជា​សមាជិក​គណបក្ស​សេរី​និយម ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​អូស្ត្រាលី ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​របស់​គណបក្ស។
 
សំណើ​ច្បាប់​របស់​អ្នកស្រី​ត្រូវ​បាន​ដាក់​ជូន​សភា​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មនុស្ស​មួយ​ក្រុម​នៃ​អង្គការ Nationalist Socialist Network ដែល​ជា​អង្គការ​ប្រកាន់​ទស្សនៈ​ជ្រុល​និយម​មួយ​នៅ​អូស្ត្រាលី បាន​លើក​ដៃ​បែប​និមិត្ត​សញ្ញា​ណាហ្ស៊ី​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​លើ​កាំជណ្តើរ​នៃ​វិមាន​សភា​រដ្ឋ Victoria កាលពី​ខែ​មីនា។
 
លោក Greg Barton ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ភេរវកម្ម​និង​ជា​សាស្ត្រាចារ្យ​នយោបាយ​ឥស្លាម​សាកល​នៃ​សាកលវិទ្យាល័យ Deakin បាន​និយាយ​ថា សំណើ​ច្បាប់​ថ្មី​នេះ​គឺ​ដូច​ទៅ​នឹង​សំណើ​ច្បាប់​ដែល​បាន​ស្នើ​ឡើង​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀតដែរ។
 
លោក​បាន​ប្រាប់ VOA កាលពី​ថ្ងៃ​ទី ៣ ខែ​ឧសភាថា ការ​ឆ្លើយតប​ជា​អន្តរជាតិ​ចំពោះ​និមិត្តសញ្ញា​និង​កាយវិការ​ស្ដាំ​និយម​ជ្រុល​នានា​មាន​លក្ខណៈ​ខុសៗ​គ្នា។ និមិត្តសញ្ញា​ណាហ្ស៊ី​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ប៉ុន្តែ​មិន​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទេ។
 
«មាន​ឧទាហរណ៍​ជា​យូរ​មក​ហើយ​ដែល​បង្ហាញ​ថា អាល្លឺម៉ង់​មាន​លក្ខណៈ​តឹងតែង​ខ្លាំង​សម្រាប់​ហេតុផល​ដែល​អាច​យល់​បាន​អំពី​និមិត្តសញ្ញា​ណាហ្ស៊ី​និង​ទស្សនៈ​ណាហ្ស៊ី​នៅ​ក្នុង​ការ​បង្ហាញ​ឡើង​ជា​សាធារណៈ។ នៅ​ទូទាំង​ទ្វីប​អឺរ៉ុប យើង​ឃើញ​មាន​លំនាំ​ចម្រុះ។ រឿង​នេះ​មិន​មែន​ជា​បញ្ហា​ធំ​ទេ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ ដូច្នេះ ច្បាប់​ហាក់​ដូចជា​ធ្វើ​តាម​តម្រូវការ នៅ​ពេល​ដែល​វា​បង្ហាញ​កាន់តែ​ច្បាស់​ថា​មាន​សកម្មភាព​បែប​ណាហ្ស៊ី​នៅ​ពេល​ឥឡូវ​នេះ ហើយ​ពួកគេ​ប្រើ​និមិត្តសញ្ញា​ទាំង​នេះ​ដោយ​ចេតនា​ដើម្បី​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ការ​ឆ្លើយតប​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដើម្បី​ព្យាយាម​ទាក់ទាញ​ចំណាប់​អារម្មណ៍​និង​ព្យាយាម​ជ្រើសរើស​អ្នក​គាំទ្រពួកគេ»។
 
លោក Barton ក៏​បាន​និយាយ​ផង​ដែរ​ថា ការ​កើនឡើង​នៅទូទាំង​ពិភពលោក​នៃ​ទស្សនៈ​ជាតិ​និយម​ជាតិ​សាសន៍​ស្បែក​ស​គឺ​ជា​បញ្ហា​ប្រឈម​សម្រាប់​អាជ្ញាធរ។
 
«តាំងពី​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​មក យើងបាន​ឃើញ​ក្រុម​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ដែល​បាន​ចាប់​អារម្មណ៍​លើ​អ្វី​ដែល​ពួកគេ​គិត​ថា​ជា​គោល​គំនិត​ដ៏​មាន​ឥទ្ធិពល​នៃ​ទស្សនៈ​សង្គម​និយម​បែប​ជាតិ​និយម និង​លើ​និមិត្តសញ្ញា​និង​និមិត្តរូប​នៃ​ទស្សនៈ​នេះ ដោយសារតែ​មួយ​ផ្នែក​ប្រហែល​ជា​វា​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សកម្មភាព​ខុស​ច្បាប់​ដែល​មាន​ឥទ្ធិពល​ទាក់ទាញ។ មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ វាមិន​ច្រើន​ប៉ុន្មាន​ទេ​ប៉ុន្តែ​កំពុង​កើនឡើង។ ករណី​នេះ​បាន​កើនឡើង​យ៉ាង​លឿន​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​និង​ទ្វីប​អាមេរិក​ខាង​ជើង ហើយ​ប្រាកដ​ណាស់ ប្រសិនបើ​យើង​ក្រឡេក​មើល​ទៅ​លើ​ភាព​ជ្រុល​និយម​ហិង្សា វា​គឺ​ជា​ការ​ជម្រុញ​ទឹកចិត្ត​ចម្បង​បំផុត​សម្រាប់​ការ​វាយ​ប្រហារ ហើយ​ជា​អកុសល ការ​សម្លាប់​នានា​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ថ្មីៗ​កន្លង​មក​នេះ​គឺ​ជា​ទម្រង់​ផ្សេងៗ​នៃ​ភាព​ស្ដាំ​និយម​ជ្រុល»។
 
ក្រសួង​មហាផ្ទៃ​អូស្ត្រាលី​បាន​បញ្ជាក់​ថា សញ្ញាណ​គ្រោះថ្នាក់​នា​ពេល​បច្ចុប្បន្ន​ពី​ក្រុម​ណាហ្ស៊ី​បែប​ថ្មី​មាន​លក្ខណៈ «ស្មុគស្មាញ ពិបាកដោះស្រាយ និង​ប្រែប្រួល»។
 
នៅ​ក្រោម​ច្បាប់​ដែល​បាន​ស្នើ​ឡើង​នេះ ជនណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​បង្ហាញ​និមិត្តសញ្ញា​ណាហ្ស៊ី​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នឹង​ប្រឈម​នឹង​ការ​ផាក​ពិន័យ​រហូត​ដល់ ១៨.០០០ ដុល្លារ និង​ការ​ជាប់​ពន្ធាគារ​រហូត​ដល់ ១២ ខែ។
 
រដ្ឋ​និង​ដែនដី​ភាគ​ច្រើន​របស់​អូស្ត្រាលី​បាន​ហាម​ឃាត់​រួច​ហើយ​នូវ​និមិត្តសញ្ញា​ណាហ្ស៊ី​នេះ ដែល​ជា​និមិត្តសញ្ញា​ដែល​របប​ណាហ្ស៊ី​របស់ Adolf Hitler យក​មក​ប្រើ​ក្នុង​ប្រទេស​អាល្លឺម៉ង់​កាលពី​ទសវត្សរ៍ ១៩២០៕
 
ប្រែសម្រួលដោយលោក ភី សុភាដា
 

© រក្សាសិទ្ធិដោយ thmeythmey.com