ជាតិ
អ្នកសម្អាតស្ទឹងសៀមរាបចង់ឱ្យបន្ថែមកម្លាំងជួយសម្អាតកាន់តែច្រើន
28, May 2023 , 8:29 am        
រូបភាព
ថោង ប្រណី
 
សៀមរាប៖ លោក ជួន សៀង និងលោក សែប ថុន ជាអ្នកថែសួនច្បារ និងសម្អាតបរិស្ថាន នៅតាមមាត់ស្ទឹងសៀមរាប។ ទំហំការងារច្រើន តែកម្លាំងសម្អាតមានគ្នាតិច ទើបអ្នកសម្អាតទាំង ២នាក់នេះ ចង់ឱ្យអាជ្ញាធរក្រុងបន្ថែមកម្លាំង ដើម្បីសោភ័ណភាពក្រុងកាន់តែប្រសើរ។

 
លោក ជួន សៀង និងលោក សែប ថុន បានចាប់ផ្ដើមធ្វើការជាអ្នកថែសួនច្បារ​តាមដងផ្លូវ​នានាក្នុងក្រុងសៀមរាប និងជាអ្នកសម្អាតបរិស្ថាន នៅតាមមាត់ស្ទឹងសៀមរាបជាងមួយឆ្នាំហើយ។ នៅតាមបណ្តោយស្ទឹងសៀមរាប លោកទាំងពីរ មើលថែសួនច្បារចាប់​ពីចំណុចស្ពានអតីត​មន្ទីរទេសចរណ៍ ​រហូតដល់ស្ពានថ្មផ្សារចាស់។ 


 
លោកទាំងពីរនិយាយថា រៀងរាល់ថ្ងៃ ក្រុមអ្នកសម្អាតបរិស្ថានក្នុងក្រុងសៀមរាបជាច្រើននាក់ តែងតែចែកគោលដៅ​គ្នាដើម្បីសម្អាតទីក្រុងឱ្យមានសោភ័ណភាព។ លោក ជួន សៀង និងលោក សែប ថុន ជាអ្នកថែសួនច្បារ និងជាអ្នកសម្អាតបរិស្ថានតាមដងស្ទឹងសៀមរាប បានប្រាប់ឱ្យដឹងថា នៅរដូវវស្សាលោកទាំងពីរ ដើរកាត់ស្មៅ មែកឈើ និងសម្អាតតាមមាត់ស្ទឹង ឬជួនកាលត្រូវ​ទៅថែសួនច្បារ​តាមដងផ្លូវជាតិលេខ៦ ឬតាមដងផ្លូវនានាទាំង៣៨ខ្សែ។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកសម្អាតអនាម័យបរិស្ថានទាំងពីរខាងលើ បាននិយាយថា ផ្ទៃទឹកស្ទឹងសៀមរាប ដែលពោពេញទៅដោយកម្ទេចស្លឹកឈើផ្សេងៗ មានទាំងស្លែរ និងចកជាដើមនោះ គឺលោកចង់សម្អាតឱ្យអស់ខ្លាំងណាស់ ដើម្បីមើលទៅ ឃើញទឹកថ្លាស្រស់ស្អាត។ លោកពន្យល់ថា កម្លាំងសម្អាតមានចំនួនតិច ហើយកន្លែងដែល ត្រូវសម្អាតនោះមានច្រើន។ 
 


សម្រាប់លោក សែប ថុន គឺលោកចង់ឱ្យពលរដ្ឋទាំងអស់ រួមទាំងអ្នកលក់ដូរតាមដងស្ទឹង និងអ្នកមកអង្គុយលេង ជួយគិតគូរ និងថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ទើបកន្លែងទាំងនោះអាចស្អាតបាន។
លោកបន្តថា៖«​ បរិស្ថានអាចស្អាតទៅបាន គឺចាប់ពីយើងទាំងអស់គ្នា បើសង្ឃឹមលើតែកម្មករ​ប៉ុន្មាន​នាក់​ហ្នឹង មិនអាចស្អាតបានទេ»។  បន្ថែមពីនេះលោក សែប ថុន បានសំនូមពរថាឱ្យ​អាជ្ញាធរពាក់ព័ន្ធជួយរកកម្មករមកបន្ថែមទៀតដើម្បីពន្លឿនការសម្អាតដងស្ទឹងសៀមរាបឱ្យមានសោភ័ណភាពស្រស់ស្អាតឡើងវិញ៕
 




© រក្សាសិទ្ធិដោយ thmeythmey.com