អន្តរជាតិ
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​ថា ការអភិវឌ្ឍសេដ្ឋកិច្ច​នៅ​អាស៊ី​ប៉ាស៊ីហ្វិកនៅតែ​ជួប​បញ្ហា​ជាច្រើន​
28, May 2023 , 11:29 am        
រូបភាព
រដ្ឋមន្ត្រិពាណិជ្ជកម្មចិន Wang Wentao ចាប់ដៃតំណាងពាណិជ្ជកម្មអាម៉េរិក Katherine Tai ។ រូបថត CGTN
រដ្ឋមន្ត្រិពាណិជ្ជកម្មចិន Wang Wentao ចាប់ដៃតំណាងពាណិជ្ជកម្មអាម៉េរិក Katherine Tai ។ រូបថត CGTN
រដ្ឋមន្ត្រីពាណិជ្ជកម្មចិន Wang Wentao នាថ្ងៃទី២៧ ខែឧសភា បានលើកឡើងថា ការអភិវឌ្ឍ​សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅអាស៊ីប៉ាស៊ីហ្វិក នៅតែប្រឈមមុខនឹងការរំខាន និងបញ្ហា​ប្រឈម​ជាច្រើនដែលតម្រូវឱ្យប្រទេសក្នុងតំបន់រួមគ្នាធ្វើការបន្ថែមទៀត។

 
ថ្លែងក្នុងសន្និសីទនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Detroit ទឹកដីអាម៉េរិក លោក Wang Wentao បានអត្ថាធិប្បាយចំពោះមុខមេដឹកនាំជាច្រើន និង​ផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មពហុភាគី និងទ្វេភាគី ចំពេលជម្លោះ ពាណិជ្ជកម្មសកលកាន់តែទូលំទូលាយ និងភាពមិនច្បាស់លាស់ឥតឈប់ឈរ។
 
រដ្ឋមន្រ្តីពាណិជ្ជកម្មចិន ទទួលស្គាល់ការលំបាកដែលតំប​ន់មួយនេះប្រឈមមុខ ប៉ុន្តែចិនដែល​ជាប្រទេសកំពុងអភិវឌ្ឍសំខាន់មួយ មានឆន្ទៈក្នុងការរួមចំណែកដោយសមហេតុផល។
 
«តំបន់អាស៊ីប៉ាស៊ីហ្វិកតែងតែជាតំបន់ដែលមានកំណើនលូតលាស់ខ្លាំងបំផុត មានសក្ដានុពល នៃការអភិវឌ្ឍ និងភាពធន់នៃសេដ្ឋកិច្ចនៅក្នុងសេដ្ឋកិច្ចពិភពលោក ប៉ុន្តែការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតែប្រឈមមុខនឹងការរំខាន និងបញ្ហាប្រឈមជាច្រើន»។ លោក Wang បានបញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ក្រសួងពាណិជ្ជកម្មចិន។
 
​ប្រមុខពាណិជ្ជកម្ម​ចិនរូបនេះក៏បានពិភាក្សាអំពីជំហររ​បស់ចិនក្នុងការជួយគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្មពហុភាគី និងលើកស្ទួយការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយនិរន្តភាព និង​បរិយាប័ន្ន។
 
ស្របពេលជាមួយគ្នានេះ ចិនស្នើឱ្យបណ្ដាសមាជិ APEC បន្តប្រកាន់ខ្ចាប់នូវតំបន់ដែលបើក ចំហ ជំរុញដំណើរការសម្រាប់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដោយឥតងាករេ ធ្វើឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគស៊ីជម្រៅជាងមុន និងចែករំលែកឱកាស និងភាគ​លាភ​ដែលពាំនាំដោយការអភិវឌ្ឍរួមបញ្ចូលគ្នានៃខ្សែច្រវាក់ឧស្សាហកម្ម និងផ្គត់ផ្គង់របស់តំបន់។
 
លោក Wang លើកទឹកចិត្តឱ្យបណ្ដាសមាជិក APEC អនុវត្តការផ្លាស់ប្តូរគោលនយោបាយ និងការសម្របសម្រួល ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការវិនិយោគ​ហេដ្ឋារ​ចនា​សម្ព័ន្ធដែលជួយដល់ប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍតិចតួច និងជួយសហគ្រាសធុនតូច និង​មធ្យមថែមទៀត៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com