អន្តរជាតិ
រុស្ស៊ី ប្រាប់អាម៉េរិកមិនបាច់បង្រៀនខ្លួនអំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរទេ
28, May 2023 , 7:29 pm        
រូបភាព
រុស្ស៊ី​ បានច្រានចោលការរិះគន់ពីប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ជុំវិញ​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរតាក់ទិចនៅបេឡារុស។ បើតាមរុស្ស៊ី ទីក្រុងវ៉ាស៊ីនតោនផ្ទាល់បានដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរជាច្រើនទសវត្សរ៍មកហើយនៅទ្វីបអឺរ៉ុប។

 
ក្រុងមូស្កូនៅថ្ងៃទី ២៥ ខែឧសភា​ បានប្រកាសពីការអនុវត្តផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចជាលើកដំបូងនៅខាងក្រៅព្រំដែនរបស់ខ្លួនទៅកាន់បេឡារុសចាប់តាំងពីការដួលរលំ​នៃ​សហភាព​សូវៀតឆ្នាំ១៩៩១។ ប្រធានាធិបតីបេឡារុស Alexander Lukashenko ក៏បានបញ្ជាក់ពីការដឹកជញ្ជូននេះដែរ។
 
អាម៉េរិក បានប្រតិកម្មយ៉ាងខ្លាំងនឹងការដាក់ពង្រាយនេះម្ដងហើយទៀត។ ចុងក្រោយប្រធានាធិបតី ចូ បៃឌិន ក៏ហៅទង្វើរបស់រុស្ស៊ី ជាការឈានទៅមុខនឹងផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចរបស់ខ្លួន។ 
 
តបនឹងការរិះគន់ចុងក្រោយនេះ ស្ថានទូតរុស្ស៊ីប្រចាំវ៉ាស៊ីនតោននិយាយថា វាជាសិទ្ធិអធិបតេយ្យភាព របស់រុស្ស៊ី និងបេឡារុសក្នុងការធានាសន្តិសុខតាមរយៈមធ្យោបាយដែលចាំបាច់ចំពេលប្រឈមមុខសង្រ្គាមបង្កកើតឡើងដោយទីក្រុងវ៉ាស៊ីនតោន។ 
 
«​អាម៉េរិក​អនុវត្តអស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយក្នុង​ការ​រក្សា​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរដ៏​ធំ​របស់​ខ្លួននៅ​អឺរ៉ុប»។ សេចក្ដីថ្លែងការណ៍របស់ស្ថានទូតរុស្ស៊ីបញ្ជាក់បែបនេះ រួចបន្តថា អាម៉េរិកជាមួយ​សម្ព័ន្ធ​យោធាណាតូក៏បានចូលរួមក្នុងការចែករំលែកអាវុធនុយក្លេអ៊ែរជាមួយគ្នាដើម្បីប្រើប្រាស់ប្រឆាំងរុស្ស៊ី។
 
បើតាមសេចក្ដីថ្លែងការណ៍ដដែល អ្វីដែលរុស្ស៊ីបានស្របជាមួយនឹងកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន។
 
សូមបញ្ជាក់ថា អាម៉េរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅអឺរ៉ុប​ខាងលិចចាប់តាំង​ពី​សម័យប្រធានាធិបតី Dwight D Eisenhower ជាការប្រឆាំងនឹងការគំរាមកំហែងរបស់សហភាពសូវៀត។ អាវុធនុយក្លេអ៊ែរដំបូងរបស់អាម៉េរិកនៅអឺរ៉ុបត្រូវបានដាក់ពង្រាយនៅចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៥៤ ។
 
បើតាមរបាយការណ៍នានា អាម៉េរិកមានអាវុធនុយក្លេអ៊ែរកម្រិត B61 ចំនួន១០០គ្រាប់ ដែលត្រូវ​បាន​ដាក់​ពង្រាយនៅអឺរ៉ុបដែលក្នុងនោះមាននៅអ៊ីតាលី អាល្លឺម៉ង់ តួកគី បែលហ្ស៊ិក និងហូឡង់៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com