ជាតិ
ពលរដ្ឋជាង២០០គ្រួសារប្រឈមនឹងការដកកម្មសិទ្ធិដីពីតំបន់រុនតាឯកវិញ 
ភូមិធម្មជាតិរុនតាឯកថតពីលើអាកាសដែលកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ថតនៅថ្ងៃទី២២ ឧសភា។
×![]()
សៀមរាប៖ ដំណឹងពីការដកក្បាលដីពីពលរដ្ឋជាង២០០គ្រួសារ ដែលចេញពីតំបន់អង្គរទៅរស់នៅ ភូមិធម្មជាតិរុនតាឯក កំពុងបង្កការបារម្ភដល់ពលរដ្ឋដែលមានឈ្មោះក្នុងនោះ។ ពួកគេយល់ថា ការធ្វើនេះ មិនត្រូវត្រូវទេ ព្រោះពួកគេបានព្រមព្រៀងចាកចេញហើយ ម្ដេចទើបចង់ដកក្បាលវិញនៅពេលនេះ។
ពលរដ្ឋដែលរស់នៅភូមិទស្សិណត្បូង សង្កាត់គោកចក លោក វេត សាវុត បានឱ្យដឹងថា លោកទទួលបាន ក្បាលដីទំហំ ២០គុណនឹង៣០ម៉ែត្រ នៅភូមិធម្មជាតិរុនតាឯក ក្រោយលោកព្រមទទួលយក គោលនយោបាយចេញពីតំបន់អង្គរ។ លោក សាវុត បានទទួលគោលនយោបាយដីមួយប្លង់នៅរុនតាឯក បន្ទាប់ពីបំបែកចេញពីគ្រួសារដែលមានផ្ទះទំហំ៧គុណនឹង៨ម៉ែត្រ ពីសមាជិកគ្រួសារបងប្អូននៅភូមិ ទស្សិនត្បូង។
មួយខែចុងក្រោយនេះ លោក សាវុត និងគ្រួសារច្រើនទៀតបានទទួលបញ្ជីឈ្មោះពលរដ្ឋចំនួន ២០៦ គ្រួសារ ដែលអាជ្ញាធរត្រៀមសម្រាប់ដកក្បាលដីវិញ។ លោក សាវុត ប្រាប់ថា ពលរដ្ឋបានទៅសួរនាំ មន្រ្តីសាលាខេត្ត ហើយពួកគេថាដោយសារម្ចាស់ក្បាលដីទាំងនោះខ្វះឯកសារ និងពុំមានសំណង់ចាស់ នៅលើដីទាំងនោះទេ។
ចំណុចនេះលោក សាវុត បកស្រាយថា៖« មុនរុះរើសំណង់ផ្ទះចាស់ ខ្ញុំបានតេទៅសួរខាងសូរិយោដី គេថាមិនអីទេ រើទៅ តែឥឡូវបែរជាថាមិនឃើញខ្នងផ្ទះវិញ ចង់ក្រឡាស់មិនឱ្យដីវិញ»។
មន្រ្តីរដ្ឋបាលខេត្តក្រុងសៀមរាប ដែលធ្វើការជាប់លើកិច្ចការរុះរើសំណង់ពីតំបន់អង្គរ លោក ហាយ យ៉ុង បានឱ្យដឹងថា មូលហេតុខាងលើដោយសារក្រុមការងារជំនាញបានស្រាវជ្រាវឃើញថា ពលរដ្ឋទាំងនោះ គ្មានឯកសារគ្រប់គ្រាន់ អ្នកខ្លះបានបន្លំឯកសារ ខ្លះអត់ដីឬផ្ទះដោះដូរជាដើម។ យ៉ាងណាមិញ លោក យ៉ុង បញ្ជាក់ថា កិច្ចការនេះនៅប្រជុំសម្រេចម្ដងទៀត ថាត្រូវដកឬទុក។
លោក យ៉ុង ប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទី២៦ ឧសភា ថា៖« ការដកនេះមិនទាន់សម្រេចពីថ្នាក់លើនៅឡើយ គ្រាន់តែមានចំនួនក្នុងការត្រៀមដក តែនៅប្រជុំសម្រេចបន្តទៀត រង់ចាំត្រួតពិនិត្យម្ដង ទៀត ថាគួរទុកឬគួរដក។ តាមការរកឃើញ គឺថាគាត់ទើបចុះសៀវភៅស្នាក់នៅ ជួនកាលទើបធ្វើថ្មី ខ្លះអត់មានដី មានផ្ទះអីទេ ព្រោះជាគោលការណ៍យើងដោះតែខ្នងផ្ទះ និងចំនួនគ្រួសារក្នុងបន្ទុកប៉ុណ្ណោះ»។
ជុំវិញបញ្ហានេះដែរ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប លោក ហ៊ី សាយ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា ការដកនេះតែមួយចំនួនប៉ុណ្ណោះ មិនទាំងអស់ទេ ហើយក៏មិនទាន់សម្រេចជាផ្លូវការដែរ។
លោក ហ៊ី សាយ ប្រាប់ដូច្នេះថា៖« ក្រុមការងារក្រសួងចុះសិក្សារឿងនេះ ដោយសហការជាមួយរដ្ឋបាលខេត្ត និងក្រុមការងារជាច្រើន យើងដកតែមួយចំនួន មិនមែនដកទាំងអស់ទេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com