ជាតិ
ហេតុអ្វីបានជាចម្លាក់នាគនៅប្រាសាទបាគងនៅជាប់នឹងដីខុសពីប្រាសាទដទៃ?
13, Oct 2023 , 4:00 pm        
រូបភាព
ភ្នំពេញ៖ ប្រាសាទបាគង ជាប្រាសាទភ្នំ បានលេចរូបរាងឡើងតាំងពីមុនសម័យអង្គរមកម្លេះ។ ចំពោះសំណង់ស្ថាបត្យកម្មប្រាសាទ គឺមិនទាន់មានការវិវត្ត ជារបស់ខ្មែរនោះឡើយ ដោយសារការទទួលឥទ្ធិពលពីឥណ្ឌា។ ជាក់ស្តែង ចម្លាក់នាគ ឬពស់នាគ ដែលនៅផ្ទាល់នឹងដីអមផ្លូវចូលប្រាសាទ គឺមិនទាន់មានលក្ខណៈពេញលេញជា នាគ នោះទេ។ បើតាម លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សារា «ពស់នាគ» គឺជាកំណើតដំបូងនៅក្នុងស្ថាបត្យកម្មរបស់ខ្មែរ មួយវិញចម្លាក់នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការទទួលឥទ្ធពលពីឥណ្ឌា។



ជាធម្មតាដូចជានៅប្រាសាទអង្គរវត្ត ឬនៅប្រាសាទបាយ័នជាដើម សត្វនាគតែងតែត្រូវបានគេសាងសង់ឡើងនៅលើខឿន ឬបង្កាន់ដៃ។ ចុះហេតុអ្វីបានជានៅប្រាសាទបាគងក្នុងខេត្តសៀមរាបដូចគ្នានេះ សត្វនាគត្រូវបានបុព្វបុរសឆ្លាក់នៅជាប់ដីទៅវិញ?
 
ក្នុងចំណោមនាគ ដែលគេយកប្រើក្នុងស្ថាបត្យកម្មខ្មែរ មាន២ប្រភេទ ដូចជានាគដែលមានជើងទម្រអមនៅតាមផ្លូវដើរ។ បើទោះខ្មែរយកទំនៀមពីឥណ្ឌា តែចម្លាក់នាគនេះ គឺមានលក្ខណៈខុសគ្នាពីរចនាបថឥណ្ឌា ដើម្បីកែប្រែនាគនេះឱ្យមកជារចនាបថរបស់ខ្មែរ។ ជាក់ស្តែងមានប្រាសាទចំនួន៣ ដែលបានបង្ហាញនាគលូននៅលើដី មានដូចជាប្រាសាទបាគង ប្រាសាទកោះកេរ្ត៍ និងប្រាសាទព្រះវិហារ។ 
 
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លើកឡើងថា ទម្រង់នាគនៅនឹងដីផ្ទាល់នេះ​ មិនអាចសម្គាល់ថាជា​នាគ​​ ឬពស់ដាច់នោះទេ ព្រោះស្ថិតក្នុងការវិវត្តនៃស្ថាបត្យកម្ម ដោយគេច្រើនហៅថា «ពស់នាគ»។ ពស់នាគ គឺជាកំណើតដំបូងនៅក្នុងស្ថាបត្យកម្មរបស់ខ្មែរ មួយវិញចម្លាក់នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការទទួលឥទ្ធពលពីឥណ្ឌា។
 
«នៅលើស្ពានឆ្លងទៅប្រាសាទបាគង ទាំងទិសលិច ទិសខាងកើត បុព្វបុរសខ្មែរ​បានសាងសង «ពស់នាគ» អមសង់ខាងស្ពាន។ ចំពោះ នាគដែលនៅលើជើងទម្រ បានវិវិត្តទៅជានាគពេញលេញ ចំណែកចម្លាក់នាគ នៅផ្ទាល់នឹងដីហៅថា «ពស់នាគ»។» នេះជាការបញ្ជាក់របស់ បុរាណវិទូ រូបនេះ។
 
លោក សុខរិទ្ធី បន្ថែមថា ចម្លាក់នាគនៅប្រាសាទបាគង មានក្បាល៦ ឬ៧ តែមានស្រកា និងទម្រង់ដូចជាសត្វពស់​ ដោយបន្ថែមរចនាបថរបស់ខ្មែរយ៉ាងរស់រវើក។ សម្រាប់ ចម្លាក់ពស់នាគ ដែលមានរូបរាងដូចជានាគនេះ​ ក៏ជាភស្តុតាងមួយ ដោយបង្ហាញយ៉ាងច្បាស់ពីការចម្លងរចនាបថសត្វនាគពីឥណ្ឌា ហើយបានវិវិត្តខ្លួន បន្តិចម្តងឱ្យទៅជានាគក្នុងរចនាបថរបស់ខ្មែរ។
 
សូមបញ្ជាក់ថា ប្រាសាទបាគង បានចាត់ទុកជាប្រាសាទទី១នៃការចាប់ផ្ដើមកសាងប្រាសាទភ្នំធំៗនៅសម័យអង្គរ។ ប្រាសាទនេះមានខឿនចំនួន៥ថ្នាក់ និងមានតួប៉មតូចៗសង់បន្តុបនៅខឿនជាន់ទី៤ ព្រមទាំងតួប៉មរណបដែលសង់ជុំវិញនៅផ្នែកខាងក្រោម។ តួប៉មរណបទាំងនេះ ខ្លះជាសំណង់អំពីឥដ្ឋ ខ្លះទៀតអំពីថ្មភក់លាយថ្មបាយក្រៀម៕
 
ដើម្បីជ្រាបច្បាស់អំពីហេតុផលមួយចំនួននៅពីខាងក្រោយរឿងនេះ លោក គី សុខលីម អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានឌីជីថលថ្មីៗបានជួបលោកបុរាណវិទូ អ៊ឹម សុខរិទ្ធី នៃអាជ្ញាធរជាតិអប្សារានៅឯប្រាសាទបាគង។
 

Tag:
 ThmeyThmey
  ប្រាសាទបាគង
  ចម្លាក់នាគ
  លោក អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com