ទោះមានកូនស្រីជាកីឡាការិនីគុនខ្មែរ ដែលដណ្តើមរហូតដល់បានមេដាយមាសពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ក៏ដោយ ប៉ុន្តែអ្នកស្រី យឿង ផេង និងស្វាមី តែងតែតាមមើលថែទាំកូនជានិច្ច ដោយមិនទម្លាក់ដៃនោះឡើយ។ ចំណែកចាន់វត្តីវិញ ក៏មិនដែលរំលងឪពុកម្តាយនូវរាល់ការសម្រេចចិត្តរ បស់ខ្លួននោះដែរ។--
«សួស្តី បង! ចាំខ្ញុំសួរម៉ាក់សិន»។ កញ្ញា ទូច ចាន់វត្តី បានឆ្លើយតបបែបនេះ មកកាន់សារព័ត៌មានថ្មីៗ ដែលបានសុំសម្ភាសក្រោយការឈ្នះមេដាយមាសជូនជាតិពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ពីប្រភេទកីឡាគុនខ្មែរ ទម្ងន់៥២គីឡូក្រាម។
ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ពីថ្ងៃទី៦ ដល់ទី១១ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតក តេជោ ម្ចាស់ផ្ទះកម្ពុជាបានឈ្នះមេដាយមាស១៤ ប្រាក់៣ សំរឹទ្ធ២ ពីកីឡាគុនខ្មែរ ក្នុងនោះ ទូច ចាន់វត្តី ស្ថិតក្នុងចំណោមកីឡាការិនីខ្មែរ២នាក់ដែលឈ្នះមេដាយមាស និងជាកីឡាការិនីម្ចាស់ផ្ទះតែម្នាក់ដែលបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធ ខណៈកីឡាការិនី ម៉ើយ ស៊ឹង បានលើវិញ្ញាសាសម្តែងគុនគ្រូ។
នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចាន់វត្តី បានយកឈ្នះកីឡាការិនីហ្វីលីពីន Jenlyn Olsim ក្នុងលទ្ធផលពិន្ទុ ៣០ទល់នឹង២៧ ហើយបានបន្តយកឈ្នះកីឡាការិនីវៀតណាម Nguyễn Thị Chiều ក្នុងលទ្ធផល ២៩ ទល់នឹង២៨ នាជំនួបដណ្តើមមេដាយមាស។
អាចសម្រេចចិត្តដោយខ្លួនឯងនៅលើសង្វៀន ប៉ុន្តែនៅក្នុងជីវិតពិតផ្សេងទៀត កីឡាការិនីវ័យ១៧ឆ្នាំរូប នេះ ត្រូវការជំនួយជាចាំបាច់ពីក្រុមគ្រួសារ ជាពិសេសលោកឪពុក អ្នកម្តាយ។ «អារម្មណ៍សប្បាយ រំភើប អរ និងបារម្ភចំពោះកូន គឺមានជានិច្ច បើទោះជាដឹងថា ពេលនេះកូនស្រី មានសមត្ថភាពគ្រប់គ្រាន់ក្នុង ការការពារខ្លួន និងមើលថែខ្លួនឯង ក៏ដោយ។ ធ្លាប់ឈឺព្រោះឃើញកូនរងរបួស និងធ្លាប់រំភើបរហូតស្រក់ទឹកភ្នែកមិនដឹងខ្លួន ពេលកូនទទួលជ័យជម្នះ»។ អ្នកស្រី យឿង ផេង បានរៀបរាប់យ៉ាងដូច្នេះ។
ទូច ចាន់វត្តី គុនគ្រូមុនប្រកួត
វ័យ៥៥ឆ្នាំ អ្នកស្រី យឿង ផេង បានបន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ នាបទសម្ភាសនៅលំនៅដ្ឋាន នាស្រុកកៀនស្វាយ ខេត្តកណ្តាលថា អ្នកស្រី និងស្វាមី តែងតែគិតពីកូនស្រីជានិច្ច ទោះដឹងថា នាងពេញវ័យ និងចេះគិតគូវែងឆ្ងាយក៏ដោយ។
«ខ្ញុំ សប្បាយ! ខ្ញុំអរ! ខ្ញុំភ័យ!។ ពេលទៅគាំទ្រ ផ្ទាល់ខ្ញុំ ឃើញ ខ្ញុំភ័យខ្លាំងម៉ង ហើយឃើញប្រជាជនយើង គាំទ្រច្រើនទៅ ខ្ញុំជាម្ដាយ ខ្ញុំអរណាស់ ហើយភ័យខ្លាចកូន ត្រូវគេវាយត្រូវនេះ ត្រូវនោះចឹងទៅ។ ពេលឃើញគេចែករំលែកតាមហ្វេសប៊ុក គេគាំទ្រ គេស្រែកផ្ដល់កម្លាំងចិត្ត ទឹកភ្នែកខ្ញុំ ក៏យំតាមហ្នឹងដែរ។ ខ្ញុំក្រឡេកទៅណាក៏ឃើញ គេគាំទ្រខ្លាំង ដល់ពេលអ៊ីចឹងទៅ ខ្ញុំរំភើប»។ អ្នកម្ដាយរូបនេះ បានរៀបរាប់ប្រាប់ទាំងសំឡេងអួលដើមក។
ទាក់ទងនឹងការចូលហ្វឹកហាត់គុនខ្មែររបស់កូនស្រី អ្នកស្រី យឿង ផេង អះអាងថា ដំបូងឡើយគាត់មិនសូវជាគាំទ្រឡើយ ព្រោះបារម្ភខ្លាចមានរបួស ប៉ុន្តែគាត់មិនអាចរារាំងក្តីស្រឡាញ់ចំពោះវិស័យប្រដាល់របស់នាងនោះឡើយ។ គាត់គ្រាន់តែនិយាយទៅកាន់កូនដូច្នេះ៖ «កូនឯង ហាត់ៗទៅ តែកុំវៃ ម្ដាយបារម្ភពីកូន។»។
ទូច ចាន់វត្ដី ទទួលមេដាយមាស
តាមពិតទៅ មិនមែនសុខៗ វត្តី ទៅដក់ចិត្តស្រឡាញ់វិស័យគុនខ្មែរនោះទេ គឺមានបុរសម្នាក់ដែលជំរុញ និងលើកទឹកចិត្តពីក្រោយ នោះ គឺលោក អ៊ី ទូច ដែលជាឪពុក។ ជាកសិករ និងជាអ្នករត់ម៉ូតូឌុបនៅក្នុងភូមិ លោក ទូច ក៏ជាអ្នកស្រឡាញ់វិស័យកីឡាប្រដាល់ ជាពិសេសគុនខ្មែរ ដ៏ស្មោះស្ម័គ្រមួយរូបផងដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំធ្លាប់ហាត់ជាមួយគេមុនៗ ខ្ញុំក៏បានសង្កេតមើលគេហាត់ គេប្រាប់សិស្ស ហើយខ្ញុំយកមកប្រាប់កូនបន្ត។ យើងក៏រៀបឲ្យមានកន្លែងហ្វឹកហាត់ កន្លែងអាវ៉ង់ កន្លែងទាត់ ដូចគេដែរ។ ខ្ញុំណែនាំកូន ទីមួយ ពេលព្រលឹមឡើងត្រូវធ្វើដូចម្តេង ហើយបន្តណែនាំផ្សេងៗទៀត»។
កីឡាការិនី តូច ចាន់ វត្តី ថតរូបជាមួយក្រុមគ្រួសារ រូបពីហ្វេសបុក Tey Tey
កាលពីអំឡុង ខែមិនា ឆ្នាំ២០២៣ កីឡាការិនី ទូច ចាន់វត្តី បានចេញទៅប្រកួតនៅប្រទេសថៃ រួចត្រូវបានកីឡាការិនីថៃ វាយឲ្យរបួសមុខ មានឈាមជាដំណំនៅតឹកទី១ ប៉ុន្ដែកីឡាការិនីរូបនេះ ទ្រាំប្រកួតរហូតដល់តឹកទី៣។ អ្នកស្រី យឿន ផេង ប្រាប់ថា ពេលនោះ គឺអ្នកស្រី បារម្ភពីកូនស្រី រហូតធ្លាក់ខ្លួនឈឺ។
អ្នកម្ដាយរូបនេះ បង្ហាញអារម្មណ៍ពិតដូច្នេះថា៖«កូន ម៉ែពិបាកចិត្ត ណាស់ពេលលឺ ថាកូនវៃ។ គេ សុទ្ធតែលំដាប់លេខ១ ចំណែកកូនខ្ញុំ ពេលទៅប្រកួតនៅថៃ ទើប៦ដង ឈ្នះគេ បានលេខ២។ ហើយពេលគេវាយ ដាច់មុខ។ ហើយគិតថា ដាច់មុខហើយកូននៅស៊ូ បាន២តឹកទៀត បានចាញ់គេ។ ពេលឃើញ អ៊ីចឹង ខ្ញុំជាម្ដាយ គឺដេកមិនលក់ទេ។ ហើយឈឺ ប៉ុន្មានថ្ងៃ ហូបអីអត់កើត។ ហើយពេលមកដល់ខ្មែរវិញ ហើយដាច់មុខ មិនដឹងកូនឈឺយ៉ាងណាទេ។ បារម្ភខ្លាំងពេក ទៅជាឈឺខ្លួនឯងវិញ។»។
អ្នកស្រី យឿន ផេង ពិតជាមោទកភាពជាខ្លាំង នៅពេលការតស៊ូរបស់កូនស្រី បានសម្រេចដូចក្ដីប្រាថ្នា ហើយអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការមើលថែខ្លួនឯង។ ប៉ុន្តែប្រៀបដូចជាច្រវាប្រដេញ អ្នកម្តាយនៅតែគិតគូជានិច្ចចំពោះម្ចាស់មេដាយមាសស៊ីហ្គេម ដែលជាកូនស្រីសំណព្វរបស់ខ្លួន៕