អន្តរជាតិ
យន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុករបស់ចិន ហោះហើរពាណិជ្ជកម្មជាលើកដំបូង
29, May 2023 , 8:29 am        
រូបភាព
យន្តហោះដឹកអ្នកដំណើរចិនដែលផលិតនៅក្នុងស្រុកដំបូងប្រភេទ C919 បានហោះហើរជើង​ពាណិជ្ជ​កម្មជាលើកដំបូងនាថ្ងៃទី២៨ ខែឧសភា។ នេះជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងកិច្ចខិតខំ​របស់​ក្រុង​ប៉េកាំងដើម្បីប្រជែងជាមួយគូប្រជែងលោកខាងលិចក្នុងផ្នែកអាកាសចរណ៍។



ជើងហោះហើរ MU9191​ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បាន​ហោះ​ឡើង​លើ​អាកាសពីអាកាសយានដ្ឋាន Shanghai Hongqiao នាព្រឹកថ្ងៃទី២៨ ខែឧសភា ហើយទៅដល់​ទីក្រុង​ប៉េកាំងនៅពេលរសៀល។ យន្តហោះមួយនេះដឹកអ្នកដំណើរចំនួន១៣០នាក់។ នេះជាការហោះហើរលើកដំបូងរបស់យន្តហោះ C919 ដែលផលិតក្នុងស្រុកផ្ទាល់។ 
 
ក្រុងប៉េកាំងសង្ឃឹមថា យន្តហោះពាណិជ្ជកម្ម C919 នឹងអាចប្រជែងជាមួយនឹងម៉ាករបស់បរទេស​ដូចជាប្រភេទ 737 MAX និង Airbus A320។ យន្តហោះពាណិជ្ជកម្ម C919 ក៏មានសក្កានុពលដែល អាចកាត់បន្ថយការពឹងផ្អែករបស់ប្រទេសលើបច្ចេកវិទ្យារបស់បរទេស ខណៈដែលទំនាក់ទំនង​ជាមួយ​លោកខាងលិចកំពុងតែល្អក់កករ។
 
«នៅពេលអនាគត អ្នកដំណើរភាគច្រើននឹងអាចជ្រើសរើសធ្វើដំណើរច្រើនតាមរយៈយន្តហោះដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលិតនៅក្នុងស្រុក»។ ​​ទូរទស្សន៍រដ្ឋកណ្ដាលចិន CCTV បានផ្សព្វផ្សាយបែបនេះ។
គួរបញ្ជាក់ថា ចិនបានវិនិយោគយ៉ាងខ្លាំងលើការផលិតយន្តហោះក្នុងស្រុកខណៈដែល ប្រទេសមហាអំណាចមួយនេះស្វែងរកសមត្ថភាពគ្រប់គ្រាន់ក្នុងបច្ចេកវិទ្យាសំខាន់ៗ៕
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com