ជាតិ
ព្រះមហាក្សត្រយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌាដើម្បីអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត
29, May 2023 , 9:51 am        
រូបភាព
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភានេះ បានយាងចេញទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា។ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរហូតដល់ថ្ងៃទី៣១ខែឧសភានេះ ត្រូវបានរៀបចំឡើង ខណៈប្រជាជាតិទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូត។

 
នាអំឡុងនៃព្រះរាជដំណើរទស្សនកិច្ច លោកស្រីប្រធានាធិបតីឥណ្ឌា ដ្រៅផាឌី មួរមូ និងលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះមហាក្សត្រ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ហើយកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នឹងត្រូវលើកមកពិភាក្សាផងដែរ។
 
កម្ពុជា និងឥណ្ឌា បានបង្កើតចំណងការទូតផ្លូវការនៅឆ្នាំ១៩៥២ ពោលគឺនៅពេលដែលឥណ្ឌាបានទទួលស្គាល់រដ្ឋាភិបាលកម្ពុជា តាំងពីមុនទទួលបានឯករាជ្យពីបារាំងមកម្ល៉េះ។ នៅឆ្នាំ១៩៥៤ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Pandit Jawaharlal Nehru បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយចុងឆ្នាំដដែល ព្រះករុណា ព្រះមហាវីរក្សត្រនរោត្តម សីហនុ បានយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅឥណ្ឌាវិញ ពោលគឺរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ មុនសន្និសីទក្រុងបានឌុង (Bandung Conference)។
 
 
សម្តេចឪ ព្រះបាទ នរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី Nehru មានទំនាក់ទំនងជាមួយគ្នាជាប្រចាំចន្លោះពីឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦០។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចជាច្រើនលើកផងដែរនៅឥណ្ឌាពោលគឺនៅឆ្នាំ១៩៨៨, ឆ្នាំ១៩៩០, ឆ្នាំ១៩៩១, ឆ្នាំ២០០០, ឆ្នាំ២០០៧, ឆ្នាំ២០១២ និងឆ្នាំ២០១៨។
 
ថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌា ដែលបានមកបំពេញទស្សនកិច្ចជាបន្តបន្ទាប់នៅកម្ពុជា រួមមាន លោកនាយករដ្ឋមន្ត្រី Atal Bihari Vajpayee (ឆ្នាំ២០០២), លោកប្រធានាធិបតី Pratibha Devi Singh Patil (ឆ្នាំ២០១០), នាយករដ្ឋមន្ត្រី Manmohan Singh (ឆ្នាំ២០១២), លោកអនុប្រធានាធិបតី Mohammad Hamid Ansari (ឆ្នាំ២០១៥)។
 
បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅ ឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕
 

Tag:
 ព្រះមហាក្សត្រ
  កម្ពុជា
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com