អន្តរជាតិ
លោក អ៊ែរដូហ្កាន់ ឈ្នះការបោះឆ្នោតប្រធានាធិបតីតួកគី ក្រោយដឹកនាំប្រទេសជាង២០ឆ្នាំ
× លោក តៃយីប អ៊ែរដូហ្កាន់ ទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតួកគី ដែលបើកផ្លូវឱ្យលោកពង្រីករយៈពេលដឹកនាំប្រទេស៥ឆ្នាំទៀត ក្រោយកាច់ចង្កូតដឹកនាំតួកគី២០ឆ្នាំរួចហើយនោះ។ ប៉ុន្តែលោកក៏ជួបគូប្រជែងដ៏ស្រួចស្រាល់មិនធ្លាប់មានដែរ ស្របពេលដែលលោកក្ដាប់អំណាចកាន់តែណែន តែក៏ធ្វើឱ្យតួកគីក្លាយជាមហាអំណាចតំបន់មួយដែរ។
បើតាមលទ្ធផលបោះឆ្នោតជុំទី២ លោក តៃយីប អ៊ែរដូហ្កាន់ ទទួលបានសំឡេងគាំទ្រ៥២,១ភាគរយ ឯគូប្រជែងសំខាន់លោក Kemal Kilicdaroglu ទទួលបានការគាំទ្រ៤៧,៩ភាគរយ។ លោក Kilicdaroglu បានហៅការបោះឆ្នោតនេះ ជាការបោះឆ្នោតមិនយុត្តិធម៌បំផុត តែមិនជំទាស់លទ្ធផលដែលបានប្រកាសឡើយ។
ក្នុងសុន្ទរកថាអបអជ័យជម្នះក្នុងរដ្ឋធានីអង់ការ៉ា លោក អ៊ែរដូហ្កាន់ សន្យាទុកជម្លោះទាំងអស់ដោយឡែក ហើយបន្តបង្រួបបង្រួមប្រទេសតាមគោលការណ៍ និងគុណតម្លៃប្រទេស។ ប៉ុន្តែលោកក៏ឆ្លៀតរិះគន់បក្សប្រឆាំង និងលោក Kilicdaroglu ថា គាំទ្រក្រុមភេរវករ តែមិនផ្ដល់ព័ស្តុតាងអ្វីឡើយ។ មានវ័យ៦៩ឆ្នាំ លោក អ៊ែរដូហ្កាន់ ក៏បានអរគុណប្រជាជនតួកគីដែលបោះឆ្នោតគាំទ្រលោកឱ្យបន្តដឹកនាំប្រទេស។
ក្រោយការប្រកាសលទ្ធផល មេដឹកនាំបរទេសជាច្រើន ក៏ចេញសារអបអរលោក អ៊ែរដូហ្កាន់ ។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន សរសេរលើ Twitter ថា លោកទន្ទឹងធ្វើការជាមួយសម្ព័ន្ធមិត្តណាតូមួយនេះទាំងលើបញ្ហាទ្វេភាគី និងប្រឈមសាកលរួមគ្នា។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង វិញ ក៏ផ្ញើសារសាទរជ័យជម្នះលោក អ៊ែរដូហ្កាន់ ដូចគ្នា ហើយថា បារាំង និងតួកគីមានបញ្ហាប្រឈមធំដែលជួបប្រទះទាំងអស់គ្នា។
ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីស្រាអែល មហាក្សត្រអារ៉ាប៊ីសាអូឌីត ក៏បានអបអរលោក អ៊ែរដូហ្កាន់ ជាបន្តបន្ទាប់ដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com