ជាតិ
អាជ្ញាធរបង្រ្កាបបានសាច់ និងប្រហិតជាង១០តោន នាំចូលខុសច្បាប់ពីថៃ និងវៀតណាម
29, May 2023 , 11:40 am        
រូបភាព
ភ្នំពេញ៖ ពីរថ្ងៃចុងក្រោយនេះ អាជ្ញាធរកម្ពុជា បានបង្រ្កាបសាច់ និងប្រហិតជាង១០តោន ដែលនាំចូលខុសច្បាប់ពីប្រទេសថៃ និងវៀតណាម។ ក្នុងនោះ ផលិតផលដើមកំណើតពីសត្វមួយចំនួន ត្រូវបានរកឃើញថា រក្សាទុកមិនបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដែលអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។



តាមការបញ្ជាក់រ​បស់ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ កាលពីថ្ងៃទី ២៧ ខែឧសភា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ឃាត់បានសាច់មាន់ និងប្រហិតចម្រុះចំនួន ៣១១០គីឡូក្រាម ពីទីតាំងនាំចូល និងចែកចាយផលិតផលសត្វមួយកន្លែង នៅភូមិប៉ាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះ គឺជាការនាំចូលគ្មានច្បាប់អនុញ្ញាតពីប្រទេសថៃ។ 
 
បន្ទាប់ពីបង្រ្កាបបាន មន្រ្តីជំនាញ បានពិនិត្យឃើញថា សាច់សត្វមាន់ និងប្រហិតទាំងនេះ រក្សាទុកមិនបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស។ ក្រុមការងារ បានរឹបអូសយកផលិតផលទាំងអស់នោះទៅដុតកម្ទេចចោលទៅតាមវិធានបសុពេទ្យ។
 
ដោយឡែក នៅថ្ងៃទី២៨ ខែឧសភា ក្រុមមន្រ្តីជំនាញដដែល ឃាត់បានរថយន្តចំនួន ២គ្រឿង ដោយរថយន្តទី១ ម៉ាក SANGYONG ISTANA ពាក់ស្លាកលេខកំពង់ចាម ២A០១៨០ ដឹកប្រហិតចម្រុះ និងសាច់សត្វមាន់ចំនួន ៦៩២៦គីឡូក្រាម មកពីថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាត។ 
 
រថយន្តទី២ ម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ ៣A៩៨៨៩ ជាប្រភេទរថយន្តដឹកអ្នកដំណើរ ៤២កៅអី បានដឹកស៊ុតមាន់ចំនួន ៣៦០០០គ្រាប់ និងសាច់សត្វជ្រូកបង្កកចំនួន ៥៣០គីឡូក្រាម មកពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាតអ្វីឡើយ។ រថយន្តមួយគ្រឿងនេះ ត្រូវបានមន្ត្រីជំនាញឃាត់ នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ 
បទល្មើសទាំងពីរនេះ ក្រុមការងារបាននាំយកវត្ថុតាង ទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ 
 

Tag:
 កសិកម្ម
  សាច់បង្កក
  ប្រហិត
  ផលិតផលសត្វខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com