កីឡាអន្តរជាតិ
អន្តរជាតិ
Aston Villa តស៊ូភាពលំបាកដើមរដូវកាល រហូតឈ្នះកៅអីពានរង្វាន់អឺរ៉ុប ក្រោយរង់ចាំរយៈពេល ១៣ឆ្នាំ
29, May 2023 , 3:19 pm        
រូបភាព
Aston Villa បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ក្រោយពេលលោក Unai Emery បានចូលមកដឹកនាំ និងបានជួយនាំក្រុមស្ថិតនៅលីគអង់គ្លេស វិលត្រលប់ទៅកាន់ការប្រកួតប្រជែងក្នុងពានរង្វាន់អឺរ៉ុបឡើងវិញលើកដំបូង ក្រោយរង់ចាំរយៈពេលជាង ១៣ឆ្នាំ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានកែប្រែភាពរអាក់រអួលដែលកើតមានក្នុងក្រុមបន្ទាប់ពីការដឹកនាំរបស់លោក Steven Gerrard។



Aston ​Villa បញ្ចប់ការប្រកួតចុងក្រោយដោយបានយកឈ្នះលើ Brighton & Hove Albion លទ្ធផល ២-១ ដើម្បីអាចរកបានពិន្ទុដណ្តើមបានកៅអីលេងក្នុងពាន Europa Conference League។ Aston Villa បញ្ចប់ដំណើររបស់ Tottenham hotspur ដែលកំពុងជួបបញ្ហានៃក្បាលម៉ាស៊ីនដឹកនាំក្រុមចេញពីការប្រជែងពានរង្វាន់អឺរ៉ុប​ ដោយឈរនៅចំណាត់ថ្នាក់លេខ ៨ រកបាន ៦០ពិន្ទុ ពីក្រោមក្រុមដឹកនាំដោយលោក Unai Emery ដែលមាន ៦១ពិន្ទុ ឈរលេខ ៧។


 
កាលពីចាប់ផ្តើមរដូវកាល ២០២២-២៣ ជាង ១១ប្រកួតដំបូង Aston ញាំញីដោយភាពបរាជ័យក្រោមការដឹកនាំរបស់លោក ​Gerrard មិនសមដូចភាពជោគជ័យពេលដែលអ្នកចាត់ការសញ្ជាតិអង់គ្លេសបានមកដឹកនាំដំបូងនៅពាក់កណ្តាលរដូវកាល ២០២១-២២។ 
 
១១ប្រកួតរដូវកាលថ្មី ក្នុងនោះរងបរាជ័យចំនួន ៦ប្រកួត នៃ Premier League ហើយការបរាជ័យចុងក្រោយដែលធ្វើឱ្យលោក Gerrard អស់តំណែង គឺប្រកួតចាញ់ក្រុម Fulham លទ្ធផល ៣-០។ លោក ​Steven Gerrard បានចែកផ្លូវជាមួយ ​Aston Villa បន្ទាប់ពីដឹកនាំបានរយៈពេល ១១ខែ។
 
លោក Emery ជាបន្តបន្ទាប់លោកបានជួយកែប្រែ Aston Villa ដែលកំពុងជាក្រុមស្ថិតនៅក្បែតំបន់កាត់ចោល រហូតបន្តប្រកួតទទួលបានជ័យជម្នះជាបន្តបន្ទាប់។ ចាប់តាំងពីលោក Emery មកដឹកនាំ Aston Villa បានក្លាយជាក្រុមដ៏គួរឱ្យភ័យខ្លាចមួយសម្រាប់ក្រុមដទៃនៅក្នុង Premier League។ 


 
មូលហេតុនៃភាពជោគជ័យរបស់ Aston នោះគឺលោក Emery បានកែប្រែទម្រង់លេងរបស់ក្រុមបានយ៉ាងល្អ រាល់ពេលលេងនៅក្នុងទឹកដី Villa Park របស់ពួកគេ។ ចាប់តាំងពីចូលមកដឹកនាំ ការប្រកួត ៧លើកក្នុងទឹកដីកីឡដ្ឋាន Villa Park ក្រុមលោក Emery ទទួលបានជ័យជម្នះជាប់ៗគ្នា ទន្ទឹមនឹងពេលកីឡាឆាប់ផ្សារភ្ជាប់ទៅនឹងទម្រង់លេងដែលរៀបចំដោយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ។
 
បន្ទាប់ពីជួយក្រុមបានលេងក្នុងពានរង្វាន់ Europa Conference League លោក Emery បានរីករាយខ្លាំងជាមួយ ភាពជោគជ័យរបស់ Aston បន្ទាប់ពីការដឹកនាំបានរយៈពេល ៦ខែ។
 
«ខ្ញុំពិតជាមានមោទនភាព កីឡាករទាំងនេះពិតជាបានដើរតាមការណែនាំរបស់ខ្ញុំក្នុងរយៈពេល ៦ខែមកនេះ វាពិតជាទាមទារការប្តេជ្ញាចិត្តខ្ពស់។ យើងបានបំបាក់ក្រុមដ៏ល្អដូចជា Brighton និងទទួលបានកៅអីលេងនៅក្នុងអឺរ៉ុប នៅពេលវេលាចុងក្រោយ យើងនឹងលេងក្នុងពានរង្វាន់អឺរ៉ុប ដែលជារឿងដ៏សំខាន់មួយសម្រាប់ខ្ញុំ វាបានផ្តល់ឱ្យខ្ញុំគ្រប់យ៉ាង ពិតជាអស្ចារ្យ ការប្រកួតប្រជែង ហើយនិងពានរង្វាន់នៅពេលវេលាចុងក្រោយ។»។ លោក Emery បាននិយាយបែបនេះក្រោយបញ្ចប់ការប្រកួតចុងក្រោយនៃ Premier League។
 
ប្រវត្តិនៃការដឹកនាំរបស់លោក Emery ក្នុងពានរង្វាន់អឺរ៉ុប លោកបានជួយ Sevilla ឈ្នះពានរង្វាន់ Europa League ចំនួន ៣លើក និងជួយ Villarreal ឈ្នះពានរង្វាន់លំដាប់ទីពីរអឺរ៉ុបចំនួន ១លើកដូចគ្នា៕
 
 

Tag:
 Aston Villa
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com