មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលមួយ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីជួយបំប៉នជំនាញផ្នែក «សង្គ្រោះបឋមនិងសង្គ្រោះបន្ទាន់ក្នុងជំនាញទន្តសាស្ត្រ» ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកទន្តសាស្ត្រនៅប្រទេសកម្ពុជា។
សិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះរៀបចំឡើងដើម្បីលើកកម្ពស់ជំនាញ និងចំណេះដឹងរបស់ទន្តពេទ្យ និងបុគ្គលិកផ្នែកទន្តសាស្ត្រ ក្នុងការដោះស្រាយស្ថានភាពសង្គ្រោះបន្ទាន់ ដែលអាចកើតមានឡើង ក្នុងអំឡុងពេលប្រតិបត្តិការព្យាបាលជំងឺមាត់ធ្មេញ។

ការបណ្ដុះបណ្ដាលនេះ ផ្ដល់ដោយអ្នកជំនាញដ៏ល្បីឈ្មោះពីររូប ដោយមួយរូបគឺលោកវេជ្ជបណ្ឌិត គា សុខឡេង ឯកទេសង្គ្រោះបន្ទាន់ និងប្រពោធនកម្មជំងឺកម្រិតធ្ងន់ (ICU) ដែលជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ អន្តរជាតិ ពុធ្ធិសាស្រ្ត និងសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំងជាប្រធានគ្រប់គ្រង់នៅមន្ទីរពហុព្យាបាលអន្តរជាតិ ខេម៉ា សាខាបឹងកេងកង និងមួយរូបទៀត គឺទន្តបណ្ឌិត យស់ ចាន់ថូ ឯកទេសសុខភាពមាត់ធ្មេញកុមារនៅមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ជាប្រធានសមាគមន៍ទន្តពេទ្យកុមារ ជាក្រុមប្រឹក្សាភិបាលនៃសមាគមន៍ពត់ធ្មេញ និងសមាគមន៍ទន្តពេទ្យកម្ពុជា និងជាប្រធានផ្នែកពេទ្យធ្មេញកុមារ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យអន្តរជាតិ។
ក្នុងឱកាសសិក្ខាសាលានេះដែរ វាគ្មិនទាំងពីររូបបានផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ដល់សិក្ខាកាមដែលបានចូលរួម ។
មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ មានមោទកភាព ក្នុងការផ្ដល់នូវសេវាព្យាបាលនិងថែទាំសុខភាពមាត់ធ្មេញប្រកបដោយគុណភាព ដល់ប្រជាជនទាំងនៅក្នុងប្រទេសកម្ពុជា និងមកពីបណ្ដាប្រទេសនៅជុំវិញពិភលោក។ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ មានក្រុមទន្តបណ្ឌិត និងគ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ក្នុងនោះរាប់ទាំងទន្តពេទ្យ អ្នកឯកទេស និងបុគ្គលិកជំនួយការ ដែលធ្វើការរួមគ្នាដើម្បីធានាថា អ្នកជំងឺទទួលបាននូវការព្យាបាល និងថែទាំដ៏ល្អប្រសើរបំផុតដែលអាចរកបាន។ មន្ទីរពេទ្យក៏បំពាក់ទៅដោយសម្ភារបរិក្ខារទំនើប និងបច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីផ្ដល់នូវសេវាព្យាបាលនិងថែទាំសុខភាពមាត់ធ្មេញ ដែលរួមមានដូចជា ការបង្ការ ព្យាបាលកែលម្អ និងសោភ័ណភាពមាត់ធ្មេញជាដើម ។

លោកទន្តបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានមានប្រសាសន៍ដូច្នេះថា៖ «យើងមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីសេវាសុខភាពមាត់ធ្មេញដែលមានគុណភាពខ្ពស់បំផុត ដល់អ្នកជំងឺនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាអ្នកជំងឺមកពីជុំវិញពិភពលោកដែរ។ ក្រុមទន្តពេទ្យ និងបុគ្គលិកវេជ្ជសាស្ត្ររបស់យើង បំពេញការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីធានាថា អ្នកជំងឺរបស់យើង ទទួលបានការថែទាំដ៏ល្អបំផុត ហើយយើងខ្ញុំមានមោទកភាព ដែលមានលទ្ធភាពផ្ដល់សេវាព្យាបាលធ្មេញប្រកបដោយគុណភាពខ្ពស់ ជូនដល់អ្នកជំងឺគ្រប់មជ្ឈដ្ឋាន។»
លោកទន្តបណ្ឌិតបានបន្តថា សិក្ខាសាលាស្ដីពីការសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ នៅក្នុងជំនាញទន្តសាស្ត្រ ដែលបានធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ គឺជាឧទាហរណ៍មួយនៃការប្ដេជ្ញាចិត្តរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក្នុងការផ្ដល់នូវការព្យាបាល និងថែទាំសុខភាពមាត់ធ្មេញដ៏ល្អបំផុតជូនដល់អ្នកជំងឺ។
មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ តែងតែរៀបចំព្រឹត្តិការណ៍ និងសិក្ខាសាលាជាប្រចាំ ដើម្បីបំពាក់បំប៉នជំនាញបន្ថែមដល់បុគ្គលិករបស់ខ្លួន ក៏ដូចជាផ្ដល់ឱកាសដល់ពួកគេ ដើម្បីពង្រឹងចំណេះដឹងបន្ថែមទៀតផងដែរ ។
ទន្ទឹមនឹងនេះដែរ សិក្ខាសាលាក៏បើកចំហសម្រាប់ការចូលរួម ពីសំណាក់គ្រូពេទ្យ និងបុគ្គលិកផ្នែកទន្តសាស្ត្រ មកពីមជ្ឈដ្ឋានក្រៅពីមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ដែរ ដោយសារមន្ទីរពេទ្យមានគោលបំណងចែករំលែកចំណេះដឹង និងជំនាញឯកទេសរបស់ខ្លួន និងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទន្តសាស្ត្រ នៅក្នុងប្រទេសកម្ពុជា៕

(អត្ថបទពាណិជ្ជកម្ម)