អន្តរជាតិ
មន្ត្រីសន្តិសុជាតិបេឡារុសថា លោកខាងលិចបង្ខំឱ្យទ័លច្រកទើបឱ្យរុស្ស៊ីពង្រាយអាវុធនុយក្លេអ៊ែរ
29, May 2023 , 4:39 pm        
រូបភាព
មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់បេឡារុសអះអាងថា បណ្តាប្រទេសលោកខាងលិចបានបង្ខំឱ្យបេឡារុសគ្មានជម្រើសអ្វីផ្សេងក្រៅពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចរបស់រុស្ស៊ី។ មន្ត្រីបេឡារុស ក៏បានព្រមានប្រទេសលោកខាងលិចកុំឱ្យឆ្លងកាត់បន្ទាត់ក្រហមលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗថែមទៀត។



នៅចុងសប្តាហ៍មុន រុស្ស៊ីបានចាប់ផ្ដើមផែនការពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុស។ នេះជាការពង្រាយអាវុធមហាប្រល័យលើកដំបូងរបស់រុស្ស៊ីចាប់តាំងពីការដួលរលំសហសូវៀតនៅឆ្នាំ១៩៩១។ 
 
បើតាមលោក Alexander Volfovich លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិបេឡារុស ការដកអាវុធចេញពីទឹកដីបេឡារុសបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ជារឿងសមហេតុផល ដ្បិតពេលនោះ អាម៉េរិកបានសន្យាធានាដល់សន្តិសុខ និងមិនមានការទណ្ឌកម្មណាមួយលើបេឡារុស។ យ៉ាងណាមិញ មកទល់ពេលនេះ ការសន្យាទាំងអស់នេះបានប្រែប្រួល ខណៈលោកខាងលិចបានដាក់ទណ្ឌកម្មជាហូរហែរលើបេឡារុស។
 
«ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចនៅលើទឹកដីបេឡារុស ជាជំហានមួយនៃយុទ្ធសាស្ត្រការពារខ្លួន។ ហើយប្រសិនបើអ្នកនយោបាយលោកខាងលិចនៅមានការគិតពិចារណា ប្រាកដណាស់ពួកគេនឹងមិនឆ្លងកាត់បន្ទាត់ក្រហមនេះទេ»។ លោក Alexander Volfovich បានបន្ថែមបែបនេះក្នុងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបេឡារុស Belta។ 
 
បេឡារុស ដែលដឹកនាំដោយលោកប្រធានាធិបតី Alexander Lukashenko តាំងពីឆ្នាំ១៩៩៤ មក ជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយរបស់រុស្ស៊ីក្នុងចំណោមអតីតរដ្ឋសូវៀតផ្សេងទៀត។ ក្នុងសង្រ្គាមនៅអ៊ុយក្រែន បេឡារុសក៏បានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីខ្លួនវាយប្រហារអ៊ុយក្រែនផង។ 
អាម៉េរិកបាន​ថ្កោលទោស​ចំពោះ​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​​បេឡារុសផងដែរ៕
 

Tag:
 បេឡារុស
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com